ខេត្តទាំង៤ជាប់ព្រំប្រទល់ថៃ មានសិទ្ធិចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទម្រង់D

ប៉ៃលិន៖ ដើម្បីសម្រួលការនាំចេញកសិកផលជូនពាណិជ្ជករ និងកសិករនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្រសួងពាណិជ្ជកម្ម បានធ្វើប្រិភូកម្មសិទ្ធិអំណាចដល់មន្ទីរពាណិជ្ជកម្មនៃខេត្តចំនួនបួន អាចចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (CO) ទម្រង់ D ។

ការផ្ដល់សិទ្ធិជាផ្លូវការឲ្យខេត្តទាំងបួនអាចចេញ CO ទម្រង់D ត្រូវបានប្រកាសឡើងជាផ្លូវការ នៅថ្ងៃទី២១ខែមីនាឆ្នាំ២០១៨។ ពិធីប្រកាសនេះ ធ្វើឡើងនៅខេត្តប៉ៃលិន ក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ ខេត្តទាំងបួននោះ រួមមាន ខេត្តប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។
លោក ប៉ាន សូរស័ក្ដិ បានគូសបញ្ជាក់ថា បន្ទាប់ពីទទួលបានសិទ្ធិចេញ CO ទម្រង់ D នេះ មន្ទីរពាណិជ្ជកម្មទាំងបួនខេត្ត ត្រូវទទួលខុសត្រូវចំពោះមុខងារឲ្យមានប្រសិទ្ធិភាព ចៀសវាងបាតុភាពអសកម្ម និងការកកស្ទះកសិផល។
CO មានច្រើនទម្រង់។ ហើយទម្រង់ D នេះ គ្រាន់តែជាឈ្មោះ CO មួយប្រភេទសម្រាប់បញ្ជាក់ប្រភពដើមទំនិញសម្រាប់នាំចេញពីកម្ពុជាទៅបណ្ដាប្រទេសសមាជិកអាស៊ាន។ នេះបើតាមលោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ដែលបានថ្លែងប្រាប់សារព័ត៌មានថ្មីៗ។
ការនាំចេញផលិតផល តាមរយៈ CO ទម្រង់ D ក្នុងឆ្នាំ២០១៧ កន្លងទៅ មានទឹកប្រាក់ ១២១៤ លានដុល្លារអាមេរិក កើនឡើង ៦៦ភាគរយ បើធៀបនឹង ៧២៨ លានដុល្លារនៅឆ្នាំ២០១៦ ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

