ព្រលាន​យន្តហោះ​សៀមរាប​-អង្គរ​ មាន​ភ្ញៀវ​ឡើងចុះ ៥០០០នាក់ក្នុងមួយថ្ងៃ

19/03/2024 9:54 am ភ្នំពេញ

សៀមរាប៖ ក្រោយ​ដំណើរ​ការបានរយៈពេល៥ខែ​ អាកាសយាន​យន្ត​អន្តរជាតិ​សៀមរាប​-អង្គរ​ អាច​ទទួល​បាន​ភ្ញៀវ​ប្រមាណ​៥០០០នាក់​ក្នុងមួយថ្ងៃទាំងឡើងទាំងចុះ។ នេះបើតាម​លោក​ ពេជ្រ​ សុប៉ុនតារា​ ទទួល​បន្ទុកការហោះ​ហើរ​ នៃ​អាកាសយាន​យន្ត​អន្តរជាតិ​សៀមរាប​អង្គរ​ ។

 
 
ក្នុង​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​ នាដំណើរ​ទស្សនកិច្ច​នៅព្រលាន​យន្តហោះ​សៀមរាប​អង្គរ​ លោក​ សុប៉ុនតារា​ ទទួល​បន្ទុកការហោះ​ហើរ​ សង្ឃឹមថា​កំណើន​ភ្ញៀវ​ធ្វើដំណើរ​នឹង​កើន​ឡើង​ជា​បន្ត។ 
 

 
បើតាមលោក សុប៉ុនតារា​ បច្ចុប្បន្ន​ អាកាសយាន​យន្ត​អន្តរជាតិ​សៀមរាប-​អង្គរ​ មានជើង​ហោះ​ហើរ​ត្រង់ ទៅ-មក ជាមួយប្រទេសចំនួន៦​ក្នុងតំបន់អាស៊ាន។​ ក្នុងនោះមាន ថៃ ឡាវ វៀតណាម  ម៉ាឡេស៊ី សិង្ហបុរី។ ក្រៅពីនេះ  ព្រលានយាន​យន្ត​តម្លៃជិត៩០០លានដុល្លារនេះ ក៏មានជើងហោះហើរត្រង់​ ទៅកាន់ទីក្រុងមួយចំនួនរបស់ប្រទេសកូរ៉េខាងត្បូង និងចិន ផងដែរ។​

ក្នុងចំណោមប្រទេសខាងលើ គឺថៃ និងវៀតណាម មានហោះហើរមកកាន់ព្រលានយាន​យន្ត​អន្តរជាតិ​សៀមរាប​-អង្គរ​ ច្រើនជាងគេ ខណៈជើងហោះហើរមកពីប្រទេសចិន មាន៣ជើង​ក្នុងមួយសប្តាហ៍។ នេះជាការបញ្ជាក់របស់លោក ពេជ្រ​ សុប៉ុនតារា​ ដែលមាន​គម្រោង​ទាក់ទាញក្រុម​ហ៊ុន​យន្តហោះ​ធំៗ ពីប្រទេសក្នុងតំបន់អឺរ៉ុប អាម៉េរិក ឥណ្ឌា កូរ៉េ និងចិន ថែមទៀត ដើម្បីអាកាសយានដ្ឋាននេះ​កាន់តែសកម្ម និងមាន​ចំនួន​ភ្ញៀវ​ធ្វើ​ដំណើរច្រើន​៕ 

ព័ត៌មានទាក់ទង