
ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តបេសកម្មក្នុងខេត្តព្រះវិហារ ដើម្បីចុះពិនិត្យ និងជួយសហគមន៍កសិកម្ម លើការងារទីផ្សារឱ្យកាន់តែប្រសើរ។ រដ្ឋមន្ត្រីរូបនេះ ក៏បានលើកឡើងពីគោលដៅ ក្នុងការៀបចំខេត្តព្រះវិហារនេះ ឱ្យទៅជាខេត្តផលិតស្រូវសរីរាង្គ ដែលមានតម្លៃទីផ្សារខ្ពស់ និងងាយប្រកួតប្រជែងទីផ្សារផងដែរ។
ក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម និងថ្នាក់ដឹកនាំ បានទស្សនកិច្ចស្ថានីយ៍ស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកោះកេរ្តិ៍ នៅភូមិស្វាយប៉ាត ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ នាថ្ងៃទី២៤-២៥ ឧសភា ។ លោក ឌិត ទីណា បានពិនិត្យមើលលទ្ធភាពពង្រីកការស្រាវជ្រាវបន្ថែម ដោយមិនផ្តោតតែលើដំណាំស្រូវប៉ុណ្ណោះទេ តែត្រូវគិតលើសត្វ សាកវប្បកម្ម និងវារីសត្វផងដែរ។
រដ្ឋមន្រ្តីក្រសួងកសិកម្ម បានដាក់គោលដៅលើខេត្តព្រះវិហារ ដែលមានសក្តានុពល ក្នុងការធ្វើកសិកម្មសរីរាង្គ និងមានគោលដៅរៀបចំខេត្តនេះ ឱ្យទៅជាខេត្តផលិតស្រូវសរីរាង្គ ដែលមានតម្លៃទីផ្សារខ្ពស់ និងងាយប្រកួតប្រជែងទីផ្សារ។
ទន្ទឹមនឹងនោះ លោក ឌិត ទីណា នឹងជួយសហគមន៍កសិកម្មលើការងារទីផ្សារឱ្យកាន់តែប្រសើរ តាមរយៈការពង្រឹងការធ្វើកសិកម្មតាមកិច្ចសន្យា និងការផ្តល់បច្ចេកទេសកសិកម្ម។ លោក ក៏បានណែនាំឱ្យមានការធ្វើផែនការច្បាស់លាស់ក្នុងការចិញ្ចឹម និងដាំដុះរបស់កសិករ ដើម្បីធានាការផ្គត់ផ្គង់តាមតម្រូវការទីផ្សារ ដោយធ្វើយ៉ាងណាចំណាយតិច ចំណេញច្រើន។
ក្នុងទស្សនកិច្ចនេះ លោក ទីណា បានណែនាំឱ្យសិក្សាពីខ្សែច្រវាក់តម្លៃ និងពិនិត្យលើផែនការផលិតច្បាស់លាស់ តាមរយៈការប្រើប្រាស់ពូជស្រូវសុទ្ធ ដើម្បីផលិតភាពខ្ពស់ គុណភាពល្អ តម្លៃល្អ ។ ជាពិសេសការគិតគូរលើការវេចខ្ចប់ឱ្យមានភាពទាក់ទាញ ក៏បង្ហាញពីអត្តសញ្ញាណ ស្លាកយីហោអង្ករខ្មែរផងដែរ។ ចំពោះការងារនេះ ក្រសួងនឹងជួយគាំទ្រ សម្រួលដល់កសិករ ដើម្បីទទួលបានផលចំណេញពីផលិតកម្មទាំងនោះ៕
-
ដោយ៖ ហេង ស្រីលីន
-
© រក្សាសិទ្ធិដោយ thmeythmey25.com

