ពីគ្រូបង្រៀន ក្លាយជានាយិកា! លោកស្រី អ៊ុង កុលវឌ្ឍនា ចំណាយពេលជិត៤០ឆ្នាំ លើការអប់រំកុមារតូច

25/05/2023 12:04 pm ភ្នំពេញ

ភ្នំពេញ៖ លោកស្រី អ៊ុង កុលវឌ្ឍនា ជានាយិកានៃសាលាបឋមសិក្សាភ្នំដូនពេញ។ លោកស្រី បានប្រឡូកក្នុងវិស័យអប់រំជិត៤០ឆ្នាំមកហើយ ដោយផ្ដើមធ្វើជាគ្រូបង្រៀនតាំងពីឆ្នាំ១៩៨៤។ ទម្រាំក្លាយនាយិកានាពេលបច្ចុប្បន្ននេះ មិនមែនជារឿងងាយស្រួលឡើយ។ លោកស្រី អ៊ុង កុលវឌ្ឍនា លើកឡើងដូច្នេះ៖ «ខ្ញុំធ្វើជាគ្រូបង្រៀងរយៈពេលកន្លងមក គឺយើងខិតខំស្រាវជ្រាវ និងអប់រំកុមារតូចៗ ធ្វើយ៉ាងណាឱ្យពួកគាត់មានចំណេះដឹង និងក្លាយជាពលរដ្ឋល្អ។ ការផ្ដល់ចំណេះដឹងដល់កូនសិស្ស មិនមែនងាយស្រួលដូចចាក់ទឹកចូលក្នុងពោងនោះទេ ព្រោះជាការលំបាកខ្លាំងបំផុត»។



អាជីពជាគ្រូបង្រៀន បានផ្ដល់ឱកាសឱ្យលោកស្រី អ៊ុង កុលវឌ្ឍនា អាចចែករំលែកចំណេះដឹងដល់សិស្សានុសិស្ស ជាពិសេសធ្វើឱ្យសិស្សក្លាយជាធនធានមនុស្សដ៏ល្អសម្រាប់សង្គម។ ក្រោយក្លាយខ្លួនជាគ្រូបង្រៀន លោកស្រី អ៊ុង កុលវឌ្ឍនា បានវិវត្តន៍ខ្លួនបន្តិចម្ដងៗរហូតទទួលបានតួនាទីជាប្រធានក្រុមបច្ចេកទេស បន្ទាប់មកជានាយិការង និងជានាយិកានាពេលបច្ចុប្បន្ននេះ។ 

លោកស្រី អ៊ុង កុលវឌ្ឍនា បានចូលបង្រៀន និងដឹកនាំនៅសាលាបឋមសិក្សាភ្នំដូនពេញ អស់រយៈពេល៣៤ឆ្នាំមកហើយ។ «សម្រាប់ខ្ញុំជាស្រ្តី ក្នុងការបង្រៀនសិស្សរហូតមកដល់បច្ចុប្បន្ន គឺស្រឡាញ់សាលារៀន ដូចនៅផ្ទះ ដោយធ្វើយ៉ាងណាឱ្យសាលារៀនស្អាត មានភាពបៃតង។ ហើយខ្ញុំបានដើរតួជាឪពុកម្ដាយទីពីររបស់សិស្ស»។ នេះជាការលើកឡើងរបស់នាយិការូបនេះ ដោយបន្តថា លោកស្រីបានលះបង់ពេលវេលាជាមួយគ្រួសារ មកនៅសាលារៀនច្រើនជាងផ្ទះ។ 


លោកស្រី អ៊ុង កុលវឌ្ឍនា និងគណៈគ្រប់គ្រងនៃសាលាបឋមសិក្សាភ្នំដូនពេញ។ រូបភាព៖ ញឹក ស្រីល័ក្ខ

ក្រោមការដឹកនាំរបស់លោកស្រី អ៊ុង កុលវឌ្ឍនា សាលាបឋមសិក្សាភ្នំដូនពេញ ជាគ្រឹះស្ថានអប់រំមួយ ដែលមានបរិស្ថានស្អាត គ្មានសំរាម និងមានអនាម័យល្អ។ សាលានេះ មានសួនច្បារចម្រុះពណ៌ ហើយបរិវេណទាំងមូលមានដើមឈើតូចធំអមតាមផ្លូវ មានស្លាកសញ្ញាចរាចរណ៍ ពាក្យស្លោកអប់រំ រួមទាំងបង់អង្គុយសម្រាប់ជជែកគ្នាលេង ឬអានសៀវភៅ។ ដោយឡែកបន្ទប់រៀននីមួយៗ មានការរៀបចំយ៉ាងទាក់ទាញ ដោយមានផ្ទាំងរូបភាព ពាក្យស្លោក និងមានរុក្ខជាតិបៃតងលម្អគ្រប់ទិសផងដែរ។

នាយិកាមានវ័យ៥៧ឆ្នាំរូបនេះ រៀបរាប់ពីការវិវត្តន៍នៃសាលាបឋមសិក្សាភ្នំដូនពេញយ៉ាងដូច្នេះ៖ «ការពីមុនមានភាពខុសគ្នា ព្រោះសាលារៀនចាស់ តែមានបរិស្ថានបៃតង។ ហើយយើងតែងសម្អាត និងណែនាំសិស្សជាប្រចាំ។ ម៉្យាងដើម្បីឱ្យសាលារៀនស្អាត មានការដឹកនាំល្អរវាងលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស គឺដោយសារការចូលរួម ទើបសាលារៀនមានបរិស្ថានស្អាត និងវិន័យល្អ»។


សិស្សានុសិស្សនៃសាលាបឋមសិក្សាភ្នំដូនពេញ។ រូបភាព៖ ញឹក ស្រីល័ក្ខ.

សាលារៀនស្អាត និងមានវិន័យនេះ មិនមែនជាការងាយស្រួលនោះទេ ទាំងលោកស្រីនាយិកា អ៊ុង កុលវឌ្ឍនា រួមទាំងអតីតនាយកមុនៗ តែងយកចិត្តទុកដាក់លើការអប់រំ និងបញ្ហាអនាម័យនៅក្នុងសាលារៀន។ ទម្រាំមានការដឹកនាំល្អ និងបរិស្ថានស្អាត លោកស្រី អ៊ុង កុលវឌ្ឍនា មិនដែលធ្វេសប្រហែសលើកិច្ចការណែនាំសិស្សឡើយ។ 

បើតាមនាយិការូបនេះ គោលដៅចម្បងរបស់សាលាបឋមសិក្សាភ្នំដូនពេញដែលប្រកាន់ខ្ជាប់ក្រៅពីការបណ្ដុះបណ្ដាលចំណេះដឹងដល់សិស្ស គឺការបញ្រ្ជាបការយល់ពីបរិស្ថាន។ លោកស្រី អ៊ុង កុលវឌ្ឍនា មានមោទកភាពនៅពេលដែលលោកស្រី អាចដឹកនាំគ្រឹះស្ថានអប់រំមួយនេះ ឱ្យមានដំណើរការល្អ ជាពិសេសបរិស្ថានស្អាត ផ្ដល់ផាសុកភាពដល់សិស្សានុសិស្ស។

ទោះមានវ័យជិត៦០ឆ្នាំ ដែលជិតចូលនិវត្តន៍ក៏ដោយ លោកស្រី សប្បាយរីករាយ នឹងទទួលយកនូវសមិទ្ធិផលនាពេលកន្លងមក។ «មុននឹងចូលនិវត្តន៍ ខ្ញុំមិនអភិវឌ្ឍន៍តែពេលនេះ គឺអភិវឌ្ឍន៍តទៅមុខទៀត ដើម្បីឱ្យសាលារៀនកាន់តែមានសម្រស់ស្រស់ស្អាត និងបរិស្ថានល្អជាងនេះទៀត»។ នេះជាការរៀបរាប់របស់លោកស្រី អ៊ុង កុលវឌ្ឍនា។ 


ទិដ្ឋភាពសាលាបឋមសិក្សាភ្នំដូនពេញ។ រូបភាព៖ ញឹក ស្រីល័ក្ខ.

នាយិកាដែលមានបទពិសោធន៍ច្រើនក្នុងវិស័យអប់រំកុមារតូចរូបនេះ នឹងបន្តយកចិត្តទុកដាក់លើបញ្ហាបរិស្ថាន និងអនាម័យ ជាពិសេសចំណេះដឹងគោល។ លោកស្រី អ៊ុង កុលវឌ្ឍនា បង្ហើបពីភាពជោគជ័យក្នុងការដឹកនាំឱ្យ សាលាបឋមសិក្សាភ្នំដូនពេញដូច្នេះ៖«ប្រសិនបើសាលារៀននេះ គ្មានការសាមគ្គីរវាងគណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទេ នឹងមិនធ្វើឱ្យសាលារៀនមានភាពរីកចម្រើននោះទេ»។

បើទោះបីលោកស្រី ទទួលបានភាពវិជ្ជមាននាពេលបច្ចុប្បន្នក៏ពិតមែន ប៉ុន្តែលោកស្រី បានជួបនូវផលលំបាកជាច្រើន។ ផលលំបាកដែលនាយិការូបនេះ ឆ្លងកាត់គឺការបង្រៀនកុមារតូច ចាប់តាំងពីមិនទាន់ចេះកាន់ខ្មៅដៃ ជាពិសេសការកែប្រែឥរិយាបថរបស់សិស្សផងដែរ៕


ទិដ្ឋភាពសាលាបឋមសិក្សាភ្នំដូនពេញ។ រូបភាព៖ ញឹក ស្រីល័ក្ខ.

ព័ត៌មានទាក់ទង