ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ត្រូវបានរដ្ឋាភិបាលកំណត់ជាប៉ូលសេដ្ឋកិច្ចទី៤

24/05/2023 9:14 am ពោធិ៍សាត់

ខេត្តចំនួន៤ ត្រូវបានប្រមុខរដ្ឋាភិបាលកំណត់យកជាប៉ូលសេដ្ឋកិច្ចទី៤ ដែលសក្កានុពលក្នុងការផ្គត់ផ្គង់ត្រី និងអង្គរ តាមរយៈសហប្រតិបត្តិការត្បូងពេជ្រ រវាងកម្ពុជា-ចិន។



ខេត្តទាំង៤នោះរួមមាន ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន ដែលសម្តេច ហ៊ុន សែន ប្រកាសជាប៉ូលសេដ្ឋកិច្ចទី៤។ សម្តេច ហ៊ុន សែន ប្រកាសបែបនេះ ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់រោងចក្រផលិតសំបកកង់រថយន្តតម្លៃជិត១,៣លានដុល្លារ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុមព្រះសីហនុ នាថ្ងៃទី២២ឧសភា ឆ្នាំ២០២៣ ។ កន្លងមកសម្តេច និងប្រធានធិបតីប្រទេសចិន លោក ស៊ី ជីនពីង បានឯកភាពគ្នា បង្កើតសហប្រតិបត្តិការត្បូងពេជ្រ។ កិច្ចសហប្រតិបត្តិការនេះ គឺមានគោលដៅកិច្ចសហប្រតិបត្តិការនយោបាយ គុណភាព និងសមត្ថភាព ផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ ការផ្លាស់ប្តូរប្រជាជន និងប្រជាជនអភិវឌ្ឍរបៀងឧស្សាហកម្ម និងបច្ចេកវិទ្យាកម្ពុជា។

សម្តេចបន្តមានប្រសាសន៍យ៉ាងដូច្នេះ៖ «កន្លែងយើងជាកន្លែងអភិវឌ្ឍឧស្សាហកម្ម និងបច្ចេកវិទ្យា គឺនៅចំគោលដៅកន្លែងហ្នឹងតែម្តង[តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ] ប៉ុន្តែនៅច្រករបៀងមួយទៀត គឺមច្ឆា និងអង្ករ ដែលខ្ញុំនឹងដាក់ខេត្ត ៤ គឺមានខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ទៅជាប៉ូលសេដ្ឋកិច្ចទី៤»។

បើតាមការពន្យល់របស់ប្រមុខរដ្ឋាភិបាល លក្ខខណ្ឌចំនួន ៣ ដែលនាំឱ្យកម្ពុជាក្លាយជាសមាជិកគំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយ និងផ្លូវមួយ» របស់ចិន។ ក្នុងនោះការរក្សាបានសន្តិភាព និងការអភិវឌ្ឍ, មិនប្រឆាំងប្រទេសដទៃ និងគោរពមជ្ឈភាពរបស់អាស៊ាន។ បន្ថែមពីលើនោះ គំនិតផ្តួចផ្តើមនេះ បានផ្តល់ផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជា។

សម្តេចបន្ថែមថា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយ និងផ្លូវមួយ» នាំឱ្យកម្ពុជា មានសមិទ្ធផលជាច្រើនរួមមាន ពហុកីឡដ្ឋានជាតិមរតកតេជោ, ផ្លូវល្បឿនលឿន, ការតភ្ជាប់ខ្សែអ៊ីនធឺណិតក្រោមបាតសមុទ្រ និងផ្លូវ ស្ពានជាច្រើនខ្សែ។ 

ជាមួយគ្នានេះ   លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានលើកឡើងថា ឆ្នាំ២០២៣ គឺជាខួបលើកទី១០ឆ្នាំ នៃគំនិតផ្តួចផ្តើមបង្កើត«ខ្សែក្រវាត់មួយ និងផ្លូវមួយ»។ លោក បញ្ជាក់ថា កិច្ចសហប្រតិបត្តិការ«ខ្សែក្រវាត់មួយ និងផ្លូវមួយ» រវាងកម្ពុជានិងចិន មិនត្រឹមនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនប្រទេសទាំងពីរនោះប៉ុណ្ណោះទេ តែថែមទាំងបានរួមចំណែកជាវិជ្ជមានសន្តិភាព និងវិបុលភាព ក្នុងតំបន់ ផងដែរ។ 

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានរំឭកថា កាលពីសម្តេច ហ៊ុន សែន ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិនកាលពីខែកុម្ភៈ ឆ្នាំ២០២៣ សម្តេច  និងលោកស៊ី ជីនភីង  រួមគ្នាបើកសករាជថ្មីនៃការកសាងសហគមន៍វាសនារួមចិន-កម្ពុជា និងបានឯកភាពបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដោយមានវិស័យអាទិភាពចំនួន ៦។ ក្នុងនោះមាន៖  ១. កិច្ចសហប្រតិបត្តិការនយោបាយ ២.គុណភាព និងសមត្ថភាព ៣.ផលិតកម្មកសិកម្ម ៤. ថាមពល ៥. សន្តិសុខ និង៦. គឺការផ្លាស់ប្តូរប្រជាជន និងប្រជាជន៕ 

 

ព័ត៌មានទាក់ទង