យានដ្ឋានជាច្រើន បាននាំចូលរថយន្តបុរាណមកជួសជុលប្រើប្រាស់ ឬលក់វិញ

26/03/2023 10:02 am ភ្នំពេញ

ដោយ: នាយយ៉ាន
ភ្នំពេញ៖ កាលពីមុន ក្រៅពីរថយន្ដធុនធ្ងន់ មានតែអភិជនប៉ុណ្ណោះ ដែលមានរថយន្ដបុរាណអាយុកាល ៤០ឆ្នាំឡើងទៅ។ ប៉ុន្តែមកដល់ពេលនេះ ប្រជាពលរដ្ឋធម្មតាខ្លះ ក៏មានឡានចាស់ដូចនេះប្រើប្រាស់ដែរ។ កាលពីពីឆ្នាំមុន យានដ្ឋានតូចមួយដែលមានទីតាំងនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បាននាំចូលរថយន្ដម៉ាក MERCEDES-BENZ ប្រភេទ W108 ជំនាន់ទី២ ម៉ូឌែល 280SE ១គ្រឿង ដែលមានអាយុកាល ៥០ឆ្នាំជាងហើយ។ វាក៏បំពាក់ភ្លើងហ្វារអាប់ខាងមុខបន្ថែម។ គឺជាម៉ាកអាល្លឺម៉ង់ Bosch ។ រថយន្ដនេះ នៅក្នុងសភាពល្អ ជាពិសេសខាងក្នុងមិនបានធ្វើទំនើបកម្មទេ ព្រោះវាស្អាតដូចថ្មី មិនគួរឱ្យជឿ។



សូមទស្សនាវីដេអូខាងក្រោមនេះ៖
 


រថយន្ដ MERCEDES-BENZ W108 280SE ត្រូវបានផលិតឡើងចំនួន ៩១ ០៥១ គ្រឿង ពីខែវិច្ឆិកា ឆ្នាំ១៩៦៧ រហូតដល់ខែកញ្ញា ឆ្នាំ១៩៧២។ វាមានលេខកូដ ក្រុមហ៊ុន W108.018 ។ ម៉ាស៊ីន M130 I6 របស់វាមានចំនុះ ២,៨លីត្រ។ MERCEDES-BENZ W108 ជំនាន់ទី២ ត្រូវបានផលិតពីឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៧២។ វាខុសពីជំនាន់ទី១ តែម៉ាស៊ីនប៉ុណ្ណោះ ដែលខ្លាំងជាង។ ប៉ុន្តែម៉ូឌែល 280SE មានតែជំនាន់ទី២ប៉ុណ្ណោះ។ MERCEDES-BENZ W108 ទាំង២ជំនាន់ ត្រូវបានផលិតឡើងសរុប ៣៦៤ ៦៩៩គ្រឿង ពីឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៧២។ ទាំងអស់ មាន១០ម៉ូឌែល។



កាលពីលក់ថ្មី MERCEDES-BENZ ប្រភេទ W108 និង ប្រភេទ W109 មានតម្លៃ ២៦ ០០០ ដុល្លារអាម៉េរិក។ ប្រភេទទាំង២នេះ ខុសគ្នាតែបណ្ដោយប៉ុណ្ណោះ។ MERCEDES-BENZ W108 និង W109 ត្រូវបានផលិតឡើង ៣៨៣ ៣៦១ គ្រឿង ពីឆ្នាំ១៩៦៥ រហូតដល់ឆ្នាំ១៩៧២ (១៩៧៣ សម្រាប់ទីផ្សារអាម៉េរិកខាងជើង) ក្នុងរោងចក្រមួយស្ថិតនៅទីក្រុង Stuttgart ប្រទេសអាល្លឺម៉ង់។ ក៏ប៉ុន្តែរូបរាងរថសយន្ត ត្រូវបានគូរដោយ លោក BRACQ Paul សញ្ជាតិបារាំង និង លោក GEIGER Friedrich សញ្ជាតិអាល្លឺម៉ង់  នាឆ្នាំ១៩៦៣។


 
MERCEDES-BENZ ជាក្រុមហ៊ុនអាល្លឺម៉ង់ ដែលបច្ចុប្បន្នស្ថិតនៅក្នុងក្រុមសម្ព័ន្ធ DAIMLERCHRYSLER ។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើង ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩២៦ ដោយលោក DAIMLER Paul លោក BENZ Carl និងលោក JELLINEK Emil ដែលកូនស្រីឈ្មោះ Mercédès ៕

ព័ត៌មានទាក់ទង