ទីលានទុកដាក់សំរាមតម្លៃជាង ៦លានដុល្លារនៅបាត់ដំបង ត្រូវបានដាក់ឱ្យពលរដ្ឋប្រើប្រាស់
ភ្នំពេញ៖ ទីលានទុកដាក់សំរាម ខេត្តបាត់ដំបង ស្របតាមបទដ្ឋានបច្ចេកទេស នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានជុំវិញបឹងទន្លេសាប ជំហានទី២ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់។ ទីលានដាក់សំរាមនេះ ចំណាយថវិកាសាងសង់អស់ប្រមាណ ៦លានដុល្លារអាម៉េរិក។
ទីលានទុកដាក់សំរាមក្នុងខេត្តបាត់ដំបង ត្រូវបានសាងសង់នៅលើផ្ទៃដីសរុបទំហំ ២០,៨០ ហិកតា ស្ថិតក្នុងភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។ ទីតាំងនោះ ត្រូវបានធ្វើឡើងក្នុងរណ្ដៅទី១ មានទំហំ ២,៩៤ ហិកតា ដែលអាចផ្ទុកសំរាមបាន ៣១៣ ៧០៣ ម៉ែត្រគីប។
ទីលានទុកដាក់សំរាមខេត្តបាត់ដំបង។ រូបភាពពី៖ រដ្ឋបាលខេត្តបាត់ដំបង
បើតាមរដ្ឋបាលខេត្តបាត់ដំបង គម្រោងនេះ ចំណាយថវិកាសាងសង់ប្រមាណ ៦ ២៨៣ ៧៤៧ដុល្លារ ហើយនឹងដាក់ឱ្យប្រើប្រាស់ក្នុងរយៈពេល ១០ឆ្នាំ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០៣២។ ទឹកប្រាក់សម្រាប់សង់ទីលានទុកដាក់សំរាមក្នុងខេត្តបាត់ដំបងនេះ ជាកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
ការដាក់សម្ពោធទីលានទុកដាក់សំរាមនេះ គឺសម្រាប់ប្រជាពលរដ្ឋឱ្យប្រើប្រាស់ ដើម្បីលើកកម្ពស់គុណភាពការរស់នៅរបស់ពលរដ្ឋក្នុងតំបន់ និងតំបន់ជុំវិញ ជាពិសេសកាត់បន្ថយបញ្ហាប្រឈមទៅលើកត្តាសុខភាព និងការបំពុលបរិស្ថាន។
ក្រៅពីនោះ រដ្ឋបាលខេត្តបាត់ដំបង ក៏បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ ក្នុងនោះរួមមាន រណ្តៅកប់សំរាម, រណ្តៅប្រព្រឹត្តកម្ម, អគារស្នាក់នៅ, អគារញែកសំរាម, អគារទុកដាក់កាកសំណល់គ្រោះថ្នាក់, បណ្តាញអគ្គិសនី សម្រាប់ប្រើប្រាស់ក្នុងតំបន់ ថែរក្សាអនាម័យ និងសណ្តាប់ធ្នាប់សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង៕
-
ដោយ៖ សែម ប្រាក់ដាវ
-
© រក្សាសិទ្ធិដោយ thmeythmey25.com