រៀនបានត្រឹមថ្នាក់ទី៩ តែអ្នកស្រី គឹមជី ឱហាតរកស៊ី រហូតក្លាយជាម្ចាស់អាជីវកម្មបឹងកាឡូ

31/01/2023 3:00 pm ភ្នំពេញ

កោះកុង៖ អ្នកស្រី អ៊ី គឹមជី ជាសហគ្រិនស្ត្រី គ្រប់គ្រងអាជីវកម្មបឹងកាឡូក្រវាញ (The Cardamom Cottage) នៅសហគមន៍អេកូទេសចរណ៍ជីផាត ខេត្តកោះកុង។ ស្ត្រីវ័យ៣៤ឆ្នាំរូបនេះ បានរៀនត្រឹមថ្នាក់ទី៩ និងមានបទពិសោធបម្រើការជាលេខា ក្នុងសហគមន៍អេកូទេសចរណ៍ជីផាត។ អ្នក គឹមជី មានគំនិតចាប់ផ្ដើមអាជីវកម្ម ពីអ្នកលក់អាហារ រហូតក្លាយជាម្ចាស់បឹងកាឡូ។



អ្នកស្រី អ៊ី គឹមជី ជាពលរដ្ឋកំពុងរស់នៅឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។ អ្នកស្រីជាសហគ្រិនស្ត្រី ដែលកំពុងគ្រប់គ្រងផ្ទះស្នាក់ និងអាហារដ្ឋាន ក្នុងសហគមន៍អេកូទេសចរណ៍ជីផាត នៃខេត្តកោះកុង។  មុនការបង្កើតអាជីវកម្មបឹងកាឡូដូចនេះ ស្ត្រីវ័យ៣៤ឆ្នាំរូបនេះ បានចាប់ផ្ដើមអាជីវកម្មរបស់ខ្លួន ពីអ្នកលក់បាយម្ហូប។  

អ្នកស្រី អ៊ី គឹមជី ក្នុងសម្លៀកបំពាក់សាមញ្ញ ព្រមនឹងកាបូបស្ពាយពណ៌ខ្មៅ ពន្យល់ថា មូលហេតុដែលអ្នកស្រី សម្រេចបើកបឹងកាឡូ និងអាហារដ្ឋាននេះ ដោយសារកំណើនភ្ញៀវទេសចរ មកកម្សាន្តនៅសហគមន៍ជីផាត ជាហូរហែរ និងតម្រូវការសេវាស្នាក់ច្រើន។ 

អ្នកស្រី គឹមជី រៀបរាប់បន្ថែម៖«ខ្ញុំបានបើកបឹងកាឡូនេះប្រហែលអំឡុងឆ្នាំ២០១៥។ មុនខ្ញុំបើកអាជីវកម្មនេះ ខ្ញុំធ្លាប់ធ្វើជាលេខានៅសហគមន៍(ជីផាត) តែធ្វើការប្រហែល២ឆ្នាំឈប់វិញ ដោយសារមានគ្រួសារ។ ក្រោយសម្រាកប្រហែល៣ ឬ៤ឆ្នាំខ្ញុំក៏ចាប់ផ្ដើមអាជីវកម្មខ្លួនឯង។ ប៉ុន្តែពេលនោះខ្ញុំចាប់ផ្ដើមលក់ម្ហូបអាហារ»។
 
បើក្រឡេកមកមើលកម្រិតសិក្សា ឬបទពិសោធការងារ អ្នកស្រីមិនបានរៀនខ្ពង់ខ្ពស់ ឬបទពិសោធន៍ ក្រាស់ក្រែលនោះឡើយ។ អ្នកស្រីរៀនត្រឹមថ្នាក់ទី៩ និងធ្លាប់ធ្វើជាលេខានៅសហគមន៍ ដែលមានតួនាទីជាអ្នកទទួលភ្ញៀវ រៀបចំដំណើរកម្សាន្ត និងជាអ្នកផ្ដល់ព័ត៌មានសម្រាប់ភ្ញៀវទេសចរ។ 
«ដំបូងឡើយពិបាកដែរ ដោយសារខ្ញុំអត់ចេះនិយាយអង់គ្លេស ហើយការហូបរបស់បរទេសក៏ខុសពីខ្មែរយើងដែរ។ ដូច្នេះខ្ញុំគិតថាធ្វើអ៊ីចឹងអត់កើតទេ ត្រូវតែច្នៃ ថាតើភ្ញៀវគាត់ចូលចិត្តញាំអ្វី?» អ្នកស្រី គឹមជី រម្លឹកដូច្នេះ។ 
 
បន្ទាប់ពីផ្លាស់ប្ដូរម្ហូប តាមអតិថិជនគោលដៅមក អ្នកស្រី គឹមជី ថាក៏ចាប់ផ្ដើមមានសន្ទុះកើនឡើង ជាពិសេសគឺភ្ញៀវបរទេសតែម្ដង។ អ្នកស្រីអះអាងទៀតថា៖ «កាលបើកហាងពេលហ្នឹងអស់ប្រហែលជា៣ ០០០ដុល្លារ គឺបើកជាកូនតូបតូចមួយ ដែលមានតុ២ ឬ៣។ យើងបើកដំបូងគឹធ្វើជាចុងភៅខ្លួនឯងផង និងជាអ្នកលក់ផង»។ 

ក្រោយបើកអាជីវកម្មអាហារបាន២ឆ្នាំ អ្នកស្រីក៏ចាប់ផ្ដើមទិញដីពង្រីកហាង និងចាប់ផ្ដើមមានផ្ទះស្នាក់ សម្រាប់ភ្ញៀវទេសចរ តែពេលនោះអ្នកស្រីមានផ្ទះស្នាក់តែ២បន្ទប់ប៉ុណ្ណោះ។ អ្នកស្រីបន្ថែមទៀតថា៖«ដំបូងឡើយយើងចាប់ផ្ដើម២បន្ទប់។ ក្រោយមកខ្ញុំមាន៥បន្ទប់ រហូតដល់បច្ចុប្បន្នមាន ១៥បន្ទប់»។ 

ការបើកអាជីវកម្មផ្ទះស្នាក់នេះ មិនមានជាបញ្ហាប្រឈមឡើយ បើទោះខ្លួនមិនមានបទពិសោធលើការធ្វើអាជីវកម្ម និងចំណេះដឹងខ្ពង់ខ្ពស់។ បច្ចុប្បន្ននៅបឹងកាឡូក្រវាញ មានភ្ញៀវចូលជាហូរហែរ។ ក្នុងថ្ងៃធម្មតា បឹងកាឡូក្រវាញនេះ ទទួលបានភ្ញៀវចន្លោះពី ២០ ទៅ៣០នាក់។ សម្រាប់ចុងសប្ដាហ៍ អ្នកស្រីទទួលបានភ្ញៀវចន្លោះពី ៥០ ទី៦០នាក់ ដែលមកស្នាក់នៅ និងមកបរិភោគអាហារ នៅអាហារដ្ឋានខ្លួន។

បច្ចុប្បន្នបឹងកាឡូក្រវាញ មានបន្ទប់ស្នាក់ចំនួន១៥បន្ទប់ ក្នុងនោះ៦បន្ទប់ ជាបន្ទប់ថ្ម។ ចំណែកតម្លៃវិញ គឺមានតម្លៃចាប់ពី១៥ដុល្លារ ទៅ៣០ដុល្លារ ទៅតាមប្រភេទកង្ហារ ឬម៉ាស៊ីនត្រជាក់៕  



 

ព័ត៌មានទាក់ទង