ក្រសួងសាធារណការ ផ្ដល់អាហារូបករណ៍ ២០០កន្លែង ដល់សិស្សានុសិស្ស

11/01/2023 12:00 pm ភ្នំពេញ

ភ្នំពេញ៖ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន កំពុងបើកឱកាសឱ្យសិស្សានុសិស្ស ដើម្បីប្រឡងចូលរៀនថ្នាក់បរិញ្ញាបត្រចំនួន ២០០នាក់។ ក្នុងនោះបេក្ខជន ៥០នាក់ ដែលប្រឡងបានលំដាប់ពិន្ទុខ្ពស់ជាង នឹងទទួលបានអាហារូបករណ៍ ១០០ភាគរយ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់វិទ្យាស្ថាន ក្រៅពីបេក្ខជន៥០នាក់ ប្រឡងយកអាហារូបករណ៍១០០ភាគរយនោះ បេក្ខជន១៥០នាក់ អាចទទួលបានអាហារូបករណ៍៥០ភាគរយ រយៈពេល ៤ទៅ ៥ឆ្នាំ ទៅតាមជំនាញនីមួយៗ។ វិទ្យាស្ថានលើកទឹកចិត្តស្ត្រីជាអាទិភាពផងដែរ។


ក្នុងសេចក្ដីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា៖« និស្សិតដែលមានបំណងចូលសិក្សានៅវិទ្យាស្ថាននេះ ត្រូវឆ្លងកាត់ការប្រឡងតេស្ត​សមត្ថភាពជាមុនសិន និងមានតែនិស្សិតដែលប្រឡងជាប់តែប៉ុណ្ណោះ​ ដែលមាន​សិទ្ធិ​ចូល​រៀន​បាន។ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងតក្កវិទ្យា ជាមុខវិជ្ជា​ដែលត្រូវប្រឡង។»។ 


 
សូមជម្រាបថា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណ ដែលកំពុងបណ្តុះបណ្តាល និស្សិតលើជំនាញចំនួន៦ រួមមាន ជំនាញសំណង់ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងសំណង់កំពង់ផែ, ជំនាញប្រព័ន្ធចម្រោះទឹកកខ្វក់, ជំនាញសេដ្ឋកិច្ច និងគ្រប់គ្រងការដឹកជញ្ជូនផ្លូវគោក, ជំនាញគ្រប់គ្រងភស្តុភារកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់, ជំនាញបើកបរនាវា និងជំនាញម៉ាស៊ីននាវា៕

ព័ត៌មានទាក់ទង