ក្រសួងទេសចរណ៍ បើកវគ្គបណ្តុះបណ្តាលជំនាញស្ប៉ានិងសុខុមាលភាពនៅខេត្តសៀមរាប

10/01/2023 4:04 pm សៀមរាប

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានសហការជាមួយ រាជរដ្ឋាភិបាលជប៉ុន តាមរយៈមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន បើកវគ្គបណ្តុះបណ្តាលអ្នកជំនាញស្ប៉ានិងសុខុមាលភាព ផ្នែកម៉ាស្សាប្រចាំខេត្តសៀមរាប ដើម្បីត្រៀមទទួលទេសចរជប៉ុន និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា។



 លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងការលើកស្ទួយ និងពង្រឹងសមត្ថភាពអ្នកជំនាញស្ប៉ាកម្ពុជា ក្នុងការផ្តល់សេវាកម្ម និងជំនាញក្នុងសេវាកម្មស្ប៉ាអោយកាន់តែល្អជាងមុន។ ដោយឡែក វគ្គបណ្តុះបណ្តាលជំនាញស្ប៉ានេះ ស្របតាមស្ដង់ដាសមត្ថភាពអ្នកជំនាញស្ប៉ាអាស៊ាន ដែលកម្ពុជាត្រូវបានប្រទេសសមាជិក អាស៊ានគាំទ្រក្នុងការរៀបចំអភិវឌ្ឍកម្មវិធីសិក្សាស្តង់ដាអាស៊ានសម្រាប់ជំនាញស្ប៉ាផងដែរ។

ជាមួយគ្នានេះ មជ្ឈមណ្ឌលអាស៊ាន-ជប៉ុនបាន បន្តវគ្គបណ្តុះបណ្តាលនេះ នៅសណ្ឋាគារដឺសេនជូអារី រ៉េស៊ីដេន ខេត្តសៀមរាប ចាប់ពីថ្ងៃទី៩-២០ ខែមករា ឆ្នាំ២០២៣ តាមប្រព័ន្ធអនឡាញ ដែលមានសិក្ខាកាមចំនួន២៥រូប។ លើសពីនេះ លោក Kunihiko Hirabayashi  អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន បានលើកឡើងថា ជំនាញស្ប៉ាម៉ាស្សានេះទាមទារឱ្យអ្នកជំនាញយល់ដឹងច្បាស់លាស់ពីប្រព័ន្ធប្រសាទ និងសាច់ដុំ ដើម្បីផ្ដល់សេវាបែបព្យាបាលផង និងផាសុកភាព។

លោក Kunihiko Hirabayashi  អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន បានណែនាំសិក្ខាកាមទាំងអស់ឱ្យខិតខំយកចិត្តទុកដាក់លើការសិក្សាវគ្គបណ្ដុះបណ្តាលជំនាញស្ប៉ានិងសុខុមាលភាព ដើម្បីទទួលបានចំណេះដឹង និងជំនាញថ្មីៗ ពីគ្រូឧទ្ទេសដែលមានជំនាញច្បាស់លាស់យកទៅអនុវត្តបន្តនៅកន្លែងអាជីវកម្ម និងការងាររៀងៗខ្លួនជាដើម។

សូមបញ្ជាក់ដែរ អាស៊ាននឹងបញ្ចូលជំនាញស្ប៉ា ៦ និងជំនាញម៉ាយ៣២ជំនាញបន្ថែមទៀត ដែលនឹងធ្វើឱ្យអាស៊ានមានជំនាញ ៧០ ដែលត្រូវបណ្ដុះបណ្ដាលតាមស្តង់ដារួម និងទទួលស្គាល់គ្នា ដើម្បីជំរុញការងារទាំងនេះក្នុងតំបន់ស្របតាមច្បាប់៕






 

ព័ត៌មានទាក់ទង