ក្រសួងកសិកម្ម ឱ្យអាជ្ញាធរ និងពលរដ្ឋ បង្ការភ្លើងឆេះព្រៃ នៅរដូវប្រាំង

09/01/2023 3:04 pm ភ្នំពេញ

ភ្នំពេញ៖ រដូវប្រាំងចូលមកដល់ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានជូនដំណឹងដល់ពលរដ្ឋ អាជ្ញាធរ នៅតាមតំបន់ដែលមានព្រៃ ត្រូវប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ភ្លើងគ្រប់ទម្រង់ ដើម្បីបញ្ចៀសបញ្ហាភ្លើងឆេះព្រៃក្នុងរដូវប្រាំងក្នុងឆ្នាំ២០២៣។

នៅរដូវប្រាំងអាកាសធាតុនៅកម្ពុជា ប្រែជាក្តៅ ហួតហែង និងស្ងួតខ្លាំង ជាកត្តាងាយបង្កឱ្យមានភ្លើងឆេះព្រៃបំផុត។ ភ្លើងឆេះព្រៃ​ អាចមិនមែនបណ្ដាលមកពីកត្តាធម្មជាតិ ទាំងស្រុងនោះទេ ក្នុងនោះកត្តាមនុស្សក៏ជាធាតុរួមផ្សំ ដែលត្រូវយកចិត្តទុកដាក់ក្នុងការការពារ និងគ្រប់គ្រង។

កត្តាមនុស្ស អ្វីដែលគួរឱ្យព្រួយបារម្ភគឺ សកម្មភាព នៃការកាប់ឆ្ការ ដុតរានព្រៃដើម្បីដាំដំណាំកសិកម្ម ការធ្វើកសិកម្មពនេចរ ការទន្ទ្រានដីព្រៃនិងលំនៅឋានខុសច្បាប់ ការទន្ទ្រានកាន់កាប់ដីរដ្ឋខុសច្បាប់ ការដុតព្រៃដើម្បីចាប់សត្វ ការបន្សល់ដានភ្លើងបន្ទាប់ពីប្រើប្រាស់រួចជាដើម។ ពិសេសជាងនេះគឺបញ្ហាកើតចេញពីការធ្វេសប្រហែសរបស់មនុស្សក្នុងអំឡុងពេលចូលព្រៃ។ 

ទន្ទឹមនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន សង្កេតឃើញថា ការអប់រំណែនាំ ដល់ពលរដ្ឋដែលចូលព្រៃអាស្រ័យផល ឱ្យប្រុងប្រយ័ត្នពេលប្រើប្រាស់ភ្លើងដូចជា ដាំស្ល យកឃ្មុំ ការដុតស្មៅ ឬព្រៃ ជាកត្តាសំខាន់ក្នុងការកាត់បន្ថយភ្លើងឆេះព្រៃ។ ជាមួយគ្នានេះ ការទប់ស្កាត់ការកាប់ឆ្ការ ទន្ទ្រាន ឈូសឆាយ ដុតព្រៃឈើ និងព្រៃលិចទឹក ដើម្បីពង្រីកផ្ទៃដីដំណាំ កសិកម្ម ឬក្នុងគោលបំណងផ្សេងៗទៀត ពិតជាចាំបាច់ក្នុងការបង្ការ។ 

មួយវិញទៀត ការរៀបចំផ្លូវភ្លើងនៅតាមព្រៃ និងតាមសហគមន៍ការពារព្រៃឈើ និងសត្វព្រៃ អាចជាផ្នែកមួយចាំបាច់ក្នុងការទប់ស្កាត់បញ្ហាឆេះព្រៃក្នុងទ្រង់ទ្រាយធំ។  ការចូលរួមទប់ស្កាត់ភ្លើងឆេះរាល ក្នុងស្ថានភាពបន្ទាន់ ក៏ជាផ្នែកមួយធ្វើឱ្យភាគរយនៃបញ្ហាភ្លើងឆេះព្រៃមានកម្រិតទាប និងប្រកបដោយប្រសិទ្ធភាព។

បើតាមច្បាប់ស្តីពីព្រៃឈើ និងច្បាប់ស្តីពីជលផល ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ និង អាជ្ញាធរដែនដីគ្រប់ថ្នាក់ ត្រូវមានករណីយកិច្ចទទួលខុសត្រូវ ថែរក្សា ការពារព្រៃឈើ បង្ការ និងប្រយុទ្ធនឹង ភ្លើងឆេះព្រៃ ចូលរួមថែរក្សាជម្រកមច្ឆជាតិ ការពារ បង្ការ និងប្រយុទ្ធនឹងភ្លើងឆេះព្រៃលិចទឹក នៅតាមមូលដ្ឋាន រៀងៗខ្លួន។ 

ជនណាដែលបានប្រព្រឹត្ត ឬបង្កឱ្យមានភ្លើងឆេះព្រៃ ឬភ្លើងឆេះព្រៃលិចទឹកដោយចេតនា ត្រូវ ផ្តន្ទាទោសក្រោម បទល្មើសព្រៃឈើថ្នាក់ទី១ ឬបទល្មើសជលផលថ្នាក់ទី១ ដែលត្រូវជាប់ពន្ធនាគារពី ៥-១០ឆ្នាំ ឬពី៣-៥ឆ្នាំ។ ដោយឡែក តាមមាត្រា៦២ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ បានចែងថា ការបង្កឱ្យមានភ្លើងឆេះព្រៃដោយចេតនា ជាបទល្មើសធនធានធម្មជាតិ ថ្នាក់ទី៤ ដែលត្រូវ ផ្តន្ទាទោសដាក់ពន្ធនាគារពី៥-១០ឆ្នាំ និងផាកពិន័យជាប្រាក់ពី១៥លានរៀល ដល់១៥០លានរៀល៕

 

ព័ត៌មានទាក់ទង