
ភ្នំពេញ៖ កូនខ្ទីញីមួយក្បាលមានអាយុប្រហែល៦ខែ ទម្ងន់ជាង៥០គីឡូក្រាមត្រូវបានក្រុមការងារអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងរដ្ឋបាលព្រៃឈើ ជួយសង្គ្រោះពីស្រុកឱរ៉ាល់កាលពីម្សិលមិញ។ លោក និក ម៉ាក បានឱ្យដឹងថា បច្ចុប្បន្ន កូនខ្ទីងមួយក្បាលនេះ មានសុខភាពខ្សោយខ្លាំង និងត្រូវបានក្រុមអ្នកជំនាញជួយសង្គ្រោះនៅភ្នំតាម៉ៅ។
លោក និក ម៉ាក នាយកថែរក្សានិងសង្គ្រោះសត្វព្រៃរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានប្រាប់សារព័ត៌មានThmeyThmey២៥ ថា កូនខ្ទីងមួយក្បាលនោះត្រូវបានក្រុមការងារជួយសង្គ្រោះពីខ្នងផ្សារ នៅស្រុកឱរ៉ាល់ និងត្រូវបញ្ជូនបន្តទៅព្យាបាលនៅមជ្ឈមណ្ឌលថែរក្សា និងសង្គ្រោះភ្នំតាម៉ៅ ក្នុងខេត្តតាកែវ។
លោក បានបន្ថែមថា បច្ចុប្បន្នស្ថានភាពរបស់កូនខ្ទីងនោះ មានសុខភាពខ្សោយខ្លាំង ដោយមិនអាចក្រោកឈរបានឡើយ។ « យើងមិនទាន់អាចបញ្ជាក់អ្វីលើសពីនេះទេ ដោយសារក្រុមការងារនៅបន្តតាមដានសុខភាព នៅភ្នំតាម៉ៅ»។ នេះជាការលើកឡើងរបស់ លោក និក។
រូបភាពដោយលោក ទ្រី ស៊ីថេង
ជាមួយគ្នានេះ លោក ទ្រី ស៊ីថេង ប្រធានបុគ្គលិកថែរក្សា និងសង្គ្រោះសត្វព្រៃរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃប្រចាំនៅភ្នំតាម៉ៅ បានបញ្ជាក់ថា បើតាមស្នាមរបួសលើជើង កូនខ្ទីងមួយក្បាលនេះ អាចជាប់អន្ទាក់ និងរួចវិញប្រមាណ១ខែហើយ។
លោក ស៊ីថែងពន្យល់បែបនេះ៖ « កូនខ្ទីងត្រូវបានពលរដ្ឋនៅខ្នងផ្សារប្រទះឃើញ និងជូនដំណឹងមកយើង។ ពេលជួបនោះស្ថានភាពរបស់វា ខ្សោយខ្លាំង អាចដោយសារខ្វះចំណីច្រើនថ្ងៃ និងឈឺរបួស។ របួសពីកន្លែងធំៗនៅជើងស្ដាំ មានរបួសលើជង្គង់ជាខ្លះៗហើយ ចំណែកឯរបួសដាច់ប្រអប់ជើងនៅមិនទាន់ជានៅឡើយ»។
រូបភាពដោយលោក ទ្រី ស៊ីថេង
លោកបានបន្ថែមថា កូនខ្ទីងមួយក្បាលនោះមិនទាន់មានកម្លាំងឡើងវិញនៅឡើយទេ។ វាអាចត្រឹមព្យូរសេរ៉ូម រួមទាំងបំបៅទឹកដោះគោតិចៗ និងទទួលការព្យាបាលពីអ្នកជំនាញប៉ុណ្ណោះ ប៉ុន្ដែស្ថានភាពយ៉ាងណា ក្រុមការងារនឹងបន្តតាមដាន ព្រមទាំងជួយឱ្យអស់ពីលទ្ធភាព។
សត្វខ្ទីង ជាប្រភេទដែលត្រូវបានចុះក្នុងបញ្ជីក្រហម IUCN និង VU ថាជាប្រភេទងាយរងគ្រោះថ្នាក់ជាសកល។ សត្វខ្ទីងស្ថិតនៅក្នុងឧបសម្ព័ន្ធទី១ នៃអនុសញ្ញាសាយតេស៕
-
ដោយ៖ ប៉ូ សុភា
-
© រក្សាសិទ្ធិដោយ thmeythmey25.com

