រដ្ឋ ចំណាយថវិកា១២១លានដុល្លារ សម្រាប់ស្ថាបនាផ្លូវជាតិលេខ៣១ និង៣៣

31/12/2022 10:10 am កំពត

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា នឹងចំណាយថវិកា១២១លានដុល្លារ សម្រាប់សាងសង់ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣។ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងពិធីបើកការដ្ឋានគម្រោងស្តារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣ នៅថ្ងៃទី៣០ ខែធ្នូឆ្នាំ២០២២នេះ។



លោក ស៊ុន ចាន់ថុល បានលើកឡើងថា ផ្លូវជាតិលេខ៣១ មានប្រវែង ៥៣,៥៣គីឡូម៉ែត្រ គឺចាប់ផ្លូវបែកគូសចំណុចប្រសព្វផ្លូវជាតិ៣ ដល់ចំណុចប្រសព្វកំពង់ត្រាចតភ្ជាប់ផ្លូវជាតិលេខ៣៣។ ចំណែកផ្លូវជាតិលេខ៣៣ មានប្រវែងសរុប ៥២,៥៧គីឡូម៉ែត្រ ចាប់ពីក្រុងកំពតចំណុចប្រសព្វផ្លូវជាតិលេខ៣ ដល់ច្រកលប នៃព្រំដែនកម្ពុជាវៀតណាម។



«ការសាងសង់ផ្លូវជាតិទាំង ២ខ្សែនេះឡើងវិញ ដោយសារផ្លូវទាំងពីរខ្សែ នៅមានកម្រិតគុណភាពទាប ដោយមានសភាពទ្រុឌទ្រោម និងកន្លែងខ្លះមានការខូចខាតធ្ងន់ធ្ងរ មិនអាចឆ្លើយតបនៃការរីកចម្រើននាពេលបច្ចុប្បន្នរបស់បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ»។ នេះបើតាមលោក ស៊ុន ចាន់ថុល។

លោក ស៊ុន ចាន់ថុល បានបន្ថែមថា ផ្លូវជាតិលេខ៣១ នឹងស្ដារកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ មានកម្រាស់ ៧សង់ទីម៉ែត្រ នឹងពង្រីកទទឹងតួផ្លូវ ១២ម៉ែត្រ។ ចំណែកផ្លូវជាតិលេខ៣៣ តភ្ជាប់ក្រុងកំពត ផ្លូវលេខ៧ និងផ្លូវលេខ ៩ នឹងត្រូវស្ដារលើកកម្រិតគុណភាពប្រភេទផ្លូវក្រាលបេតុងកៅស៊ូ មានកម្រាស់ ៧សង់ទីម៉ែត្រ និងកម្រាស់ ៥សង់ទីម៉ែត្រ ព្រមទាំងពង្រីកទទឹងតួផ្លូវ ១២ម៉ែត្រ។

រដ្ឋមន្រ្តីសាធារណការ បន្ថែមថា ផ្លូវទាំងពីរខ្សែនេះ តភ្ជាប់គ្នាមានសក្ដានុពល ដែលស្ថិតនៅក្នុងតំបន់ប៉ូលសេដ្ឋកិច្ច នៃខេត្តភាគនិរតី ដែលផ្លូវជាតិលេខ៣១ សាងសង់ឆ្លងកាត់ខេត្តតាកែវ និងខេត្តកំពត។ រីឯផ្លូវជាតិលេខ៣៣ ឆ្លងកាត់ខេត្តកំពត និងខេត្តកែប។ បើតាមលោក ស៊ុន ចាន់ថុល ផ្លូវជាតិទាំងពីរខ្សែ គឺប្រទាក់ក្រឡាជាមួយដែនផ្លូវដ៏សំខាន់ដូចជា តភ្ជាប់ផ្លូវជាតិលេខ៣ ចំណុចប្រសព្វបែកគូស ទៅដល់ទីរួមស្រុកកំពង់ត្រាចខេត្តកំពត ត្រង់ចំណុចបប្រសព្វតភ្ជាប់ទៅផ្លូវជាតិលេខ៣៣  និងតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ២ តាមរយៈផ្លូវខេត្តលេខ១២៦។

ចំណែកផ្លូវជាតិលេខ ៣៣វិញ តភ្ជាប់ពីកំពង់ត្រាច ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៣១ ឆ្ពោះទៅតំបន់ឆ្នេរធម្មជាតិ និងកំពង់ផែសមុទ្រនៅខេត្តកែប និងខេត្តកំពត ព្រមទាំងតភ្ជាប់ផ្លូវជាតិលេខ៣ គឺកំពតវាលរញ់ និងផ្លូវជាតិលេខ៤ ត្រង់ព្រៃនប់ឆ្ពោះទៅកាន់កំពង់ផែសមុទ្រខេត្តព្រះសីហនុ។

រដ្ឋមន្រ្តីក្រសួងសារធាណការរូបនេះ បញ្ជាក់ទៀតថា ផ្លូវជាតិលេខ៣១ និង៣៣ បានជួយដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការជួយសម្រួល ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ។ ម្យ៉ាងទៀត នឹងជួយប្រែក្លាយតំបន់ឆ្នេរឱ្យក្លាយទៅជាតំបន់មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ល្អប្រសើរ ដើម្បីរួមចំណែកក្នុងការជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្ម ការវិនិយោគ និងការទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្លូវជាតិទាំងពីរខ្សែនេះ ចាប់ផ្ដើមសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ CABC និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សា ក្វាងចូវ វ៉ាន់អាន ដែលប្រើរយៈពេលសាងសង់ ៤០ខែ ហើយនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៦។ ផ្លូវជាតិលេខ៣១ ប្រមាណជាង ៦០លានដុល្លារ និងផ្លូវលេខ៣៣ ប្រមាណ ៦១លានដុល្លារ ដែលជាឥទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា៕

 

ព័ត៌មានទាក់ទង