រដ្ឋប្រមូលពន្ធបាន ៣,២ពាន់លានដុល្លារ ក្នុង​រយៈពេល១១ខែ

លោកគង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នាកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែវិច្ឆិកា ឆ្នាំ២០២២។ រូបភាពពីទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋានពន្ធដារ។

14/12/2022 12:00 pm ភ្នំពេញ

ដោយ: ស៊ុល រ៉វី

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធ-អាករគ្រប់ប្រភេទបានប្រមាណ ៣ ២១៤,០៦លានដុល្លារ ក្នុងរយៈពេល១១ខែឆ្នាំ២០២២នេះ។ចំណូលពន្ធដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាននេះ កើនឡើង ២៥,២៩ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។



យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងខែវិច្ឆិកា កម្ពុជាទទួលបានចំណូលពីពន្ធដារប្រមាណជា ២៦៧,៩៨លានដុល្លារ ដែលស្មើនឹង៩,៥០ភាគរយ នៃផែនការប្រចាំឆ្នាំ។ លទ្ធផលប្រមូលចំណូលនេះ ត្រូវបានប្រកាសក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមវត្តមានលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ  នៅថ្ងៃទី១៣ ខែធ្នូ។
 
ចំពោះចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ក្នុងខែវិច្ឆិកានេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលបាន ៥,៥៦លានដុល្លារ ។ បើគិតសរុបពីខែឧសភា មក រដ្ឋប្រមូលពន្ធតាមប្រព័ន្ធអេឡិចត្រូនិកនេះ បានប្រមាណ ៣៧,៦១លានដុល្លារ។ 
 
គួររំឭកបន្តិចថា កាលពីចុងខែតុលា ឆ្នាំ២០២២កន្លងទៅ តាមរយៈសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៣ បានតម្រូវឱ្យអគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលឱ្យបាន​ ៣ ៥៧១,៧០លានដុល្លារ ឬឱ្យកើន ២៦,៧០ភាគរយ ធៀបនឹងផែនការច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដែលកំណត់ឱ្យប្រមូលពន្ធ ២ ៨១៩,៥៥លានដុល្លារ។ 
 
ពាក់ព័ន្ធនឹងសេចក្ដីព្រាងច្បាប់ឆ្នាំ២០២៣​ខាងលើនេះ លោក គង់ វិបុល ប្ដេជ្ញាអនុវត្តភារកិច្ចប្រមូលចំណូលនេះឱ្យបានល្អ ទោះបីផែនការប្រមូលចំណូលពន្ធកើនឡើងខ្ពស់ ដែលនាំឱ្យការប្រមូលពន្ធមានសភាពតានតឹងកាន់តែខ្លាំងក្តី៕ 

ព័ត៌មានទាក់ទង