តើត្រូវធ្វើអ្វីខ្លះដើម្បីកាត់បន្ថយចំណាយលើថ្លៃអគ្គិសនី?

25/05/2023 2:00 pm ភ្នំពេញ

ដោយ: ឡាយ ស្រីពេជ្រ

សង្រ្គាមនៅអ៊ុយក្រែនគួបផ្សំនឹងតម្រូវការកើនឡើងក្រោយបណ្តាប្រទេសជាច្រើនងើបចេញពីវិបត្តិកូវីដ-១៩ ធ្វើឱ្យតម្លៃថាមពលកើនឡើងជាគំហុក។ ផលប៉ះពាល់នេះក៏ជះឥទ្ធិពលដល់កម្ពុជាដែរដែលប្រជាជនជាច្រើននាក់ព្រួយបារម្ភពីការកើនឡើងតម្លៃអគ្គិសនី ខណៈអាគារ និងវិស័យសំណង់កម្ពុជារួមចំណែកដល់ការប្រើប្រាស់ថាមពលសរុបជាង ៥០ ភាគរយឯណោះ។ ទន្ទឹមនឹងពិភពលោកកំពុងប្រឈមនឹងបម្រែបម្រួលអាកាសធាតុស្រាប់ទៅហើយ តើមានវិធីអ្វីខ្លះអាចជួយទាំងសន្សំសំចៃការប្រើប្រាស់អគ្គិសនី ហើយចំណេញដល់បរិស្ថាន?



ដើម្បីដោះស្រាយបញ្ហានេះ នាយកក្រុមហ៊ុន Sevea លោកស្រី Cécile Dahomé និងនាយកក្រុមហ៊ុន ATS លោក Frantz Vaganay បង្កើតកម្មវិធីប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា (CEE Comp) ដើម្បីឱ្យក្រុមហ៊ុនក្នុងវិស័យសេវាកម្មចូលរួមប្រកួតសន្សំសំចៃការប្រើប្រាស់អគ្គិសនីឱ្យបានច្រើនបំផុតក្នុងរយៈពេលមួយឆ្នាំ។ កម្មវិធីប្រកួតប្រជែងប្រសិទ្ធភាពថាមពលនេះក៏ទទួលបានជោគជ័យ ក្រោយបណ្តាក្រុមហ៊ុនដែលចូលរួមសន្សំបានអគ្គិសនីជាមធ្យម១០ភាគរយ។ 

 
ដើម្បីទទួលបានគន្លឹះកាត់បន្ថយថ្លៃអគ្គិសនីទាំងនៅផ្ទះ និងនៅក្រុមហ៊ុន សារព័ត៌មាន Le Petit Journal បានធ្វើបទសម្ភាសជាមួយក្រុមហ៊ុនចំនួនពីរដែលឈ្នះការប្រកួតប្រជែងខាងលើរួមមានលោក Lucas Moro ប្រធានផ្នែកហិរញ្ញវត្ថុនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និងលោក Thomas Hesketh នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា(EuroCham)។ 
 
ក្នុងការប្រកួតប្រជែងនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដែលមានសាខានៅខេត្តស្ទឹងត្រែងសន្សំសំចៃអគ្គិសនីបាន ៣៦,៧១ ភាគរយ បើធៀបនឹងការប្រើប្រាស់នៅឆ្នាំមុន ខណៈសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាសន្សំអគ្គិសនីបានមិនតិចជាង ២៥ ភាគរយនោះទេ។ 
 
ខាងក្រោមនេះជាការណែនាំ ក៏ដូចជាគន្លឹះដែលទទួលបានក្នុងកិច្ចសម្ភាស៖
 
ផ្លាស់ប្តូរសម្ភារៈ 
វាពិតជាសំខាន់ណាស់ដែលយើងត្រូវដឹងពីរបៀបរៀបចំ ក៏ដូចជាផ្លាស់ប្តូរសម្ភារៈ និងគ្រឿងបរិក្ខារក្នុងអាគារឱ្យត្រូវនឹងបរិយាកាសជុំវិញ។ ជាឧទាហរណ៍ ក្នុងករណីការិយាល័យរបស់ EuroCham ស្ថិតក្នុងអាគារកញ្ចក់ ដូច្នេះដើម្បីរក្សាសីតុណ្ហភាពក្នុងបន្ទប់ យើងមិនត្រូវបើកវាំងននទាំងស្រុងឡើយ ពីព្រោះវាអាចឱ្យកម្តៅព្រះអាទិត្យជះមកខ្លាំងពេក។ 
 
ករណីក្រុមហ៊ុន អេ អឹម ខេ វិញ ចំនួនម៉ាស៊ីនត្រជាក់ដែលត្រូវតំឡើងត្រូវប្រាកដថាសមាមាត្រទៅតាមទំហំនៃបន្ទប់នីមួយៗ។ ម្យ៉ាងវិញទៀត អ្វីដែលជួយក្រុមហ៊ុន អេ អឹម ខេ កាត់បន្ថយវិក្កយបត្រអគ្គិសនីនោះគឺផ្លាស់ប្តូរអំពូលធម្មតាមកជំនួសដោយអំពូល LED វិញ។ បើធៀបទៅនឹងអំពូលធម្មតា អំពូល LED ស៊ីភ្លើងតិចបំផុច ហើយពន្លឺវិញក៏ល្អដែរ។ មិនត្រឹមតែប៉ុណ្ណោះ អំពូលប្រភេទនេះមិនបញ្ចេញកម្តៅដូចអំពូលធម្មតានោះទេ។ 
 
វិធីចុងក្រោយដែលរួមចំណែកដល់ការសន្សំសំចែភ្លើងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះគឺលាងសម្អាតប្រព័ន្ធម៉ាស៊ីនត្រជាក់ទាំងអស់រៀងរាល់បីខែម្តង។ វិធីសាស្ត្រដ៏សាមញ្ញនេះមិនត្រឹមតែជួយកាត់បន្ថយការប្រើប្រាស់អគ្គិសនីបាន១០ភាគរយទេ ប៉ុន្តែថែមទាំងផ្តល់ផាសុកភាពទៀតផង។
 
ផ្លាស់ប្តូរទម្លាប់
ក្រុមហ៊ុន អេ អឹម ខេ និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាមិនអាចឈ្នះកម្មវិធីប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជាបានដោយគ្រាន់តែផ្លាស់ប្តូរសម្ភារៈតែមួយមុខទេ។ វាត្រូវការការចូលរួមចំណែកពីបុគ្គលពាក់ព័ន្ធទាំងអស់ក្នុងក្រុមហ៊ុន។ 
 
បើទោះមនុស្សភាគច្រើនដឹងថា ប្រភពថាមពលអគ្គិសនីរួមចំណែកដ៏ធំដល់ការបំភាយឧស្ម័នផ្ទះកញ្ចក់ក្នុងបរិយាកាស ពួកគេមិនដឹងថាទម្លាប់របស់ពួកគេផ្តល់ផលប៉ះពាល់យ៉ាងណាដល់ការឡើងកម្តៅភពផែនដីទេ។ ហេតុនេះហើយ ទាំងលោក Moro និងលោក Hesketh បានលើកកម្ពស់ការយល់ដឹងពីបញ្ហានេះដល់ក្រុមការងារក្នុងក្រុមហ៊ុនរបស់ពួកគេ ។ 
 
ជាជំហានដើម្បីជួយដល់បុគ្គលិកផ្លាស់ប្តូរទម្លាប់ ក្រុមហ៊ុនទាំងពីរបានបិទស្លាកចំណាំលើម៉ាស៊ីនត្រជាក់របស់ពួកគេទាំងអស់ដោយកំណត់សីតុណ្ហភាពមិនត្រូវក្រោម ២៥ អង្សាទេ។ នេះដោយសារតែបុគ្គលិករបស់ពួកគេភាគច្រើនធ្លាប់បើកម៉ាស៊ីនត្រជាក់ក្នុងសីតុណ្ហភាព ១៨ អង្សា ហើយការផ្លាស់ប្តូរនេះជួយសន្សំលុយបានយ៉ាងច្រើន។ 
 
ទម្លាប់សំខាន់តូចៗដែលត្រូវអនុវត្តជារៀងរាល់ថ្ងៃទៀតនោះគឺត្រូវបិទម៉ាស៊ីនត្រជាក់ និងភ្លើង នៅពេលចាកចេញពីការិយាល័យមិនថាចេញតែមួយភ្លាតក៏ដោយ, មិនត្រូវបើកម៉ាស៊ីនត្រជាក់នៅពេលព្រឹកព្រលឹម ឬពេលសម្រាកអាហារថ្ងៃត្រង់ ក៏ដូចជាបិទទ្វារឱ្យជិតនៅកន្លែងដែលបើកម៉ាស៊ីនត្រជាក់។
 
ជារួម ការផ្លាស់ប្តូរសម្ភារៈបូករួមនឹងការបង្កើតទម្លាប់ថ្មីជាវិធីដ៏ល្អបំផុតដើម្បីបន្ថយចំណាយលើថ្លៃភ្លើង។ ទាំងនេះជាការផ្លាស់ប្តូរដ៏ងាយស្រួលដែលចំណេញទាំងថវិកា​ និងមិនប៉ះពាល់ដល់បរិស្ថាន៕

ព័ត៌មានទាក់ទង