ក្រុមហ៊ុនសម្លៀកបំពាក់ជប៉ុន ផ្លាស់ប្តូររោងចក្រពីចិនមកកម្ពុជា និងវៀតណាម

រូបពី Nikkei Asia ។

10/12/2022 3:08 pm ភ្នំពេញ

ដោយ: ធន់ សេងហុង (THUN Senghong)

ក្រុមហ៊ុនសម្លៀកបំពាក់ធំៗរបស់ជប៉ុនជាច្រើន បានកំពុងផ្លាស់ប្តូរផលិតកម្មកាត់ដេររបស់ខ្លួនពីប្រទេសចិនទៅកាន់បណ្តាប្រទេសអាស៊ីអាគ្នេយ៍។ ការផ្លាស់ប្តូររោងចក្រទាំងនោះ ដោយសារមានការកើនឡើងថ្លៃពលកម្ម និងគោលនយោបាយគ្មាន​កូវីដនៅក្នុងប្រទេសចិន ដែលធ្វើឲ្យក្រុមហ៊ុនជាច្រើនមានការព្រួយបារម្ភពីផលិតកម្មរបស់ក្រុមហ៊ុនខ្លួន។



ស្របពេល​ការធ្លាក់​ចុះនៃ​តម្លៃ​ប្រាក់​យ៉េន និង​ថ្លៃដើម​កើនឡើង ក្រុមហ៊ុន​កាត់ដេរសម្លៀកបំពាក់របស់ជប៉ុនជាច្រើន​កំពុង​ស្វែងរក​មធ្យោបាយដើម្បី​កាត់បន្ថយ​ថ្លៃដើម។ ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលបានចូលជាធរមានក្នុងខែមករា ឆ្នាំ ២០២២ បានបើកផ្លូវថ្មីសម្រាប់ក្រុមហ៊ុនទាំងនេះសម្លឹងមើលទីផ្សារផលិតកម្មអាស៊ីអាគ្នេយ៍។
ក្រុមហ៊ុនកាត់ដេរធំៗដូចជាក្រុមហ៊ុន Adastria , Aoyama Trading និងអ្នកផ្គត់ផ្គង់របស់ Uniqlo កំពុងផ្លាស់ប្តូរកន្លែងផលិតមួយចំនួនទៅកាន់ប្រទេសជាសមាជិក RCEP នៅអាស៊ីអាគ្នេយ៍ ដោយទាញយកអត្ថប្រយោជន៍ពីការកាត់បន្ថយ ឬលើកលែងពន្ធនាំចូលលើវិស័យវាយនភណ្ឌ។
 
Adastria ដែលជាម្ចាស់ម៉ាកម៉ូដល្បីៗ រួមទាំង Global Work បានបង្កើនផលិតកម្មនៅក្នុងប្រទេសកម្ពុជា និងវៀតណាមចាប់តាំងពីឆ្នាំនេះ សម្រាប់ផលិតផលដែលស្របតាមស្តង់ដារដូចជាម៉ូដអាវ blouse ។ អត្រាផលិតកម្មនៅអាស៊ីអាគ្នេយ៍ (គិតជាបរិមាណគិតត្រឹមខែសីហា ឆ្នាំ២០២២) បានកើនឡើងទ្វេដងបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងអត្រា២២ភាគរយ ។
ក្រុមហ៊ុននេះគ្រោងនឹងពង្រីកផលិតកម្មរបស់ខ្លួនទៅកាន់ប្រទេសឥណ្ឌូនេស៊ី បង់ក្លាដែស និងបណ្តាប្រទេសផ្សេងទៀត ហើយបង្កើនការផលិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ឱ្យបានរហូតដល់ ៥០ភាគរយនៅខែកុម្ភៈ ឆ្នាំ ២០២៦។ នៅក្នុងបរិមាណនៃការនាំចូលរបស់ Adastria ទៅកាន់ប្រទេសជប៉ុន ចំណែកនៃទំនិញដែលផលិតនៅក្នុងប្រទេសចិនមានត្រឹមតែ ៥៩ភាគរយក្នុងឆ្នាំ ២០២១ ដែលធ្លាក់ចុះពី ៨១ភាគរយកាលពីមួយទសវត្សរ៍មុន។
 
ចំណែកក្រុមហ៊ុន Aoyama Trading ដែលមានឯកទេសលើសម្លៀកបំពាក់បុរស កំពុងពង្រីកសកម្មភាពទិញពីប្រទេសឥណ្ឌូណេស៊ី និងវៀតណាម។ ទំនិញពីប្រទេសចិនមានចំនួន ៣៦ភាគរយនៃការនាំចូលរបស់ក្រុមហ៊ុន Aoyama Trading នៅក្នុងបញ្ជីសារពើពន្ធកាល ២០២១ ធ្លាក់ចុះ ៧ភាគរយធៀបនឹងឆ្នាំមុន។ ប្រធានផ្នែកពាណិជ្ជកម្មក្រុមហ៊ុន Aoyama លោក Osamu Aoyama បានឱ្យដឹងថា ក្នុងរយៈពេលមធ្យមទៅអនាគត អត្រាផលិតកម្មនៅក្នុងប្រទេសចិនទំនងជានឹងធ្លាក់ចុះបន្ថែមទៀត ។
 
សាជីវកម្ម Matsuoka ដែលជាអ្នកផ្គត់ផ្គង់ដល់ក្រុមហ៊ុន Uniqlo បានផលិតសម្លៀកបំពាក់របស់ខ្លួនចំនួន ៥០ភាគរយ នៅក្នុងប្រទេសចិន គិតត្រឹមខែមីនាឆ្នាំ ២០២២ ប៉ុន្តែគ្រោងនឹងកាត់បន្ថយមកនៅត្រឹម ២៩ភាគរយនៅឆ្នាំ ២០២៥។
 
ក្រុមហ៊ុននេះ គ្រោងបង្កើនផលិតកម្មនៅក្នុងប្រទេសបង់ក្លាដែសពី ២៨ភាគរយទៅ ៣៤ភាគរយ និងនៅវៀតណាមពី ១៦ភាគរយទៅ ២៨ភាគរយ។ ក្រុមហ៊ុនក៏កំពុងបង្កើនសមត្ថភាពផលិតនៅក្នុងប្រទេសទាំងពីរនេះផងដែរ ហើយបានបោះទុនវិនិយោគចំនួន ៨,៧ពាន់លានយ៉េន (៦៤លានដុល្លារ) ដើម្បីវិនិយោគលើរោងចក្រថ្មីក្នុងរយៈពេលពីរឆ្នាំដែលគ្រោងបញ្ចប់នៅខែមីនា ឆ្នាំ ២០២៣។
 
ដំណើរការជាច្រើននៅក្នុងឧស្សាហកម្មកាត់ដេរនៅតែពឹងផ្អែកខ្លាំងលើកម្លាំងពលកម្មមនុស្ស ដោយសារការងារដេរពិបាកធ្វើស្វ័យប្រវត្តិកម្ម។ នេះធ្វើឱ្យតម្លៃពលកម្មជាថ្លៃដើមផលិតកម្មធំបំផុតក្រៅពីវត្ថុធាតុដើម។
 
ចាប់ពីទសវត្សរ៍ឆ្នាំ ១៩៨០ ក្រុមហ៊ុនបានចាប់ផ្តើមផ្លាស់ប្តូរផលិតកម្មពីប្រទេសជប៉ុនទៅកាន់ប្រទេសចិន ដើម្បីស្វែងរកកម្លាំងពលកម្មថោក។ ប៉ុន្តែចាប់ពីឆ្នាំ ២០១០មក ពួកគេបានចាប់ផ្តើមពង្រីកទៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាផ្នែកមួយនៃគោលនយោបាយ «ចិនបូក១» ស្របពេលមានការកើនឡើងតម្លៃពលកម្មនៅក្នុងប្រទេសចិន ។
 
យោងតាមអង្គការពាណិជ្ជកម្មបរទេសជប៉ុន (JETRO) ប្រាក់ខែជាមធ្យមប្រចាំខែរបស់កម្មកររោងចក្រនៅទីក្រុងក្វាងចូវ ប្រទេសចិន ថ្មីៗនេះមានចំនួន ៦៧០ដុល្លារ ដែលលើសពីប្រាក់ខែនៅទីក្រុងហូជីមិញ ប្រទេសវៀតណាមចំនួន ២៧០ដុល្លារ និងលើស ១២០ដុល្លារដែលកម្មកររោងចក្រធ្វើការនៅទីក្រុងដាកា ប្រទេសបង់ក្លាដែស។
 
វិធានការណ៍ទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ បានប៉ះពាល់យ៉ាងខ្លាំងដល់សកម្មភាពផលិតកម្ម និងការដឹកជញ្ជូននៅក្នុងប្រទេសចិន។ ក្រុមហ៊ុនផលិតសម្លៀកបំពាក់ជប៉ុនមានការលំបាកក្នុងការបំពេញតម្រូវការ ដោយបង្ហាញពីហានិភ័យនៃការប្រមូលផ្តុំផលិតកម្មនៅក្នុងប្រទេសចិន។
 
​លើសពីនេះ មិនត្រឹម​តែ​ឧស្សាហកម្ម​កាត់ដេរ​ប៉ុណ្ណោះ​ទេ​ដែល​បាន​បង្កើន​ការ​ទិញ​ទំនិញ​នៅ​អាស៊ី​អាគ្នេយ៍។ ក្រុមហ៊ុនផលិតគ្រឿងសង្ហារិម និងគ្រឿងប្រើប្រាស់ក្នុងផ្ទះ Nitori គ្រោងនឹងទិញដីដើម្បីពង្រីកផលិតកម្មនៅរោងចក្រមួយក្នុងប្រទេសវៀតណាម។ បន្ថែមពីនេះ ក្រុមហ៊ុនផលិតគ្រឿងសង្ហារិមការិយាល័យ Okamura បានកែប្រែវត្ថុធាតុដើមសម្រាប់ផលិតខ្នើយ កៅអី ដើម្បីអាចទិញវត្ថុធាតុដើមក្រៅពីប្រទេសចិនបាន។
 
ទៅបីជាយ៉ាងណាក៏ដោយ ដែលក្រុមហ៊ុនជាច្រើនបានបង្ហាញសញ្ញាល្អមួយចំនួននៅក្នុងប្រទេសចិន ហើជាតំណភ្ជាប់ដ៏សំខាន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ ។ លោក Hiroyuki Kaneko ប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន Matsuoka Group បាននិយាយថា ៖« ប្រទេសចិនមានសមត្ថភាពបច្ចេកវិទ្យាខ្ពស់ និងខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានការអភិវឌ្ឍន៍ខ្លាំងសម្រាប់វត្ថុធាតុដើមដូចជាក្រណាត់»៕
 

ព័ត៌មានទាក់ទង