ស្រូវជាង៦៣ពាន់ហិកតា ត្រូវបានដាំស្ដារឡើងវិញ ក្រោយទឹកស្រក

05/12/2022 2:00 pm ភ្នំពេញ

ដោយ៖ ឈុំ ចន្ថា 

ភ្នំពេញ៖ ស្រូវជាង៦៣ពាន់ហិកតា ត្រូវបានដាំស្ដារឡើងវិញ ក្រោយជំនន់ទឹកភ្លៀងស្រកចុះ។ ពលរដ្ឋទទួលបានពូជស្រូវពីរដ្ឋាភិបាលមានចំនួន ៦៩ ៧៣៤គ្រួសារ និងដាំស្ដារបាន ៦៩ ១២០គ្រួសារ។

 

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា ការដាំស្ដារស្រូវឡើងវិញសម្រេចបាន៩៩ភាគរយ ក្នុងនោះខេត្តចំនួន១៥ បានបញ្ចប់ការស្ដារឡើងវិញដោយជោគជ័យ ខណៈខេត្តសៀមរាប ជួបបញ្ហាខ្វះទឹកស្រោចស្រព។ ខេត្តទាំង១៥ នោះរួមមាន កំពត ក្រចេះ ត្បូងឃ្មុំ កំពង់ចាម បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ ព្រៃវែង ស្វាយរៀង តាកែវ កណ្ដាល ឧត្ដរមានជ័យ និងភ្នំពេញ។

លោក គង់ គា ប្រធាន​នាយកដ្ឋាន​ដំណាំ​ស្រូវ ប្រាប់សារព័ត៌មាន Thmey Thmey25 ថា មកដល់ពេលនេះការដាំស្ដារស្រូវឡើងវិញ សម្រេចបានស្ទើតែ១០០ភាគរយហើយ ពោលគឺនៅសេសសល់បន្តិចបន្តួចប៉ុណ្ណោះ ដោយសារតំបន់ខ្លះទឹកពុំទាន់ស្រក។ លោក បន្តថា ជំនន់ទឹកភ្លៀងឆ្នាំនេះ បានធ្វើឱ្យការផលិតស្រូវរបស់កសិករ ថមថយបន្តិច តែទិន្នផល អាចនឹងកើនឡើង ដោយសារស្រូវលូតលាស់ល្អ។ 

លោក ប្រាប់ដូច្នេះថា៖«ឥឡូវ ដាំដុះជិតអស់ហើយ ព្រោះយើងបានចែកគ្រាប់ពូជស្ដារឡើងវិញ អ៊ីចឹង នៅសល់តិចតួចបំផុត។ ការដាំដុះឆ្នាំនេះ អាចថយចុះ ប៉ុន្តែ មិនច្រើនប៉ុន្មានទេ»។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម នៅខែតុលា ផ្ទៃដីរងប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅតាមបណ្ដាខេត្ត ២២ មានចំនួន ២ ៨៨ ៤៥៧ហិកតា ក្នុងនោះ ខូចខាតចំនួន ១៥៣៤៣៨ហិកតា។ ដោយឡែក ការបង្កបង្កើនផលស្រូវវស្សាសម្រេចបាន ២ ៧៦៤ ០៤០ ហិកតា នៃផែនការ ២ ៦១៩ ៥០០ហិកតា៕  

 

ព័ត៌មានទាក់ទង