SDP អនុវត្ត វិធីសាស្រ្តបង្រៀន និងរៀនបែបថ្មី ស្របតាមបរិបទកូវីដ និងសម័យឌីជីថល

23/11/2022 12:00 pm ភ្នំពេញ

ដោយ៖ អ៊ុត រស្មី 
ភ្នំពេញ៖ កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដែលជាគម្រោងរបស់ ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ បាននិងកំពុងបន្តផ្តល់ការគាំទ្រដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការអនុវត្តវិធីសាស្រ្តបង្រៀន និង រៀនបែបចម្រុះដើ ម្បីធានាថាយុវជនងាយរងគ្រោះអាចទទួលបានការបណ្តុះបណ្តាលប្រកបដោយគុណភាព និងមានភាពច្នៃប្រឌិតក្នុងបរិបទនៃកូវីដ-១៩។



 គំនិតផ្តួចផ្តើមនេះបានផ្តល់អត្ថប្រយោជន៍រួមដល់យុវជនជាង ២០០ នាក់ ឱ្យទទួលបានការងារសមរម្យ និងប្រាក់ចំណូលកើនឡើង។ ការបង្រៀន និងរៀនបែបចម្រុះ គឺជាការរួមបញ្ចូលគ្នានៃការប្រើប្រាស់បច្ចេកវិទ្យា និងជាយុទ្ធសាស្ត្របង្រៀន និងរៀនពីចម្ងាយ បូករួមជាមួយសកម្មភាពនៅក្នុងថ្នាក់រៀនផ្ទាល់ជាដើម។

វិធីសាស្រ្តបង្រៀន និងរៀនបែបចម្រុះ គឺជាគំនិតផ្តួចផ្តើមដែលបង្កើតឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងកម្មវិធីអភិវឌ្ឍនជំនាញ នាយកដ្ឋានស្តង់ដា និងកម្មវិធីសិក្សា នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងដៃគូវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស។ ក្នុងគោលបំណង ឱ្យសិស្សានុសិស្ស និងសិក្ខាកាមនៅតែអាចបន្តទទួលបានការបណ្តុះបណ្តាលក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា និងជាពិសេសដើម្បីឆ្លើយតបនឹងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឧស្សាហកម្ម ៤.០។




វិធីសាស្រ្តនេះត្រូវបានអនុម័ត និងអនុវត្តជាផ្លូវការក្នុងឆ្នាំ២០២១ ដោយចាប់ផ្តើមពីការអភិវឌ្ឍន៍កម្មវិធីសិក្សា និងការបណ្តុះបណ្តាលគ្រូបច្ចេកទេសលើយុទ្ធសាស្រ្តបណ្តុះបណ្តាលបែបចម្រុះ។ 

ខេត្តគោលដៅទាំង ៥ រួមមាន ក្រចេះ ស្ទឹងត្រែង ព្រះវិហារ មណ្ឌលគិរី រតនគិរី និងដៃគូអនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញនៅក្នុងខេត្តសៀមរាប និងរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តវិធីសាស្ត្រនេះប្រកបដោយស្មារតីយកចិត្តទុកដាក់ខ្ពស់លើជំនាញ ដែលរួមមាន៖ ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន  ការឆុងកាហ្វេ និងភេសជ្ជៈ  ចុងភៅ  និងជំនាញសំអាងកាយ  ជាដើម។ សិក្ខាកាមនឹងតម្រូវឱ្យសិក្សារយៈពេល ៧ខែ ដោយរួមាន ៤ខែ ជាការបង្រៀនផ្នែកទ្រឹស្ដី និង អនុវត្ត ផ្ទាល់នៅតាមវិទ្យាស្ថាន ឬតាមទីតាំងសមរម្យណាមួយនៅក្នុងសហគមន៍ និង ៣ខែទៀត ជាការចុះអនុវត្តផ្ទាល់នៅតាមសហគ្រាសដែលជាដៃគូរបស់គម្រោង។



ការបង្រៀន និងរៀនបែបចម្រុះ ផ្តោតជាចម្បងលើការអនុវត្តផ្ទាល់ច្រើនជាងការរៀនទ្រឹស្ដី ដែលក្នុងនោះការរៀនទ្រឹស្ដីមានប្រហែល ៣០ភាគរយ និងការអនុវត្តផ្ទាល់មានប្រហែល៧០ភាគរយ ដោយអនុលោមស្របតាមគោលការណ៍ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីឱ្យការសិក្សាកាន់តែមានប្រសិទ្ធភាពខ្ពស់ និងផ្ដល់ជំនាញជាក់លាក់ដល់សិក្ខាកាម។ 

ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក តាន់ កុសល នាយកវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៌ បានលើកឡើងថា  ការបង្រៀន និងរៀនបែបចម្រុះ (Blended Learning ) គឺជាការបង្រៀន និងរៀន ដោយរួមបញ្ចូលរវាង ទ្រឹស្ដី និងការអនុវត្ត សម្រាប់សិស្ស និស្សិត សិក្ខាកាម នៅតាមសហគមន៍ ឬសហគ្រាស។
លោក បន្ថែមថា Blended Learning មានលក្ខណៈជឿនលឿន និងស្របតាមបរិបទនៃជំងឺកូវីដ ព្រោះការសិក្សា ត្រូវបានប្ដូរពីសៀវភៅពុម្ពធម្មតា ទៅតាមប្រព័ន្ធបច្ចេកវិទ្យា។

លោក តាន់ កុសល ពន្យល់ដូច្នេះ« Blended Learning ធ្វើឱ្យការសិក្សារបស់សិស្ស មានលក្ខណៈស្រាវជ្រាវ ដោយអាចសិក្សាម្នាក់ឯង ឬជាក្រុម ច្រើនជាងអង្គុយរៀនក្នុងថ្នាក់ ព្រោះសិស្សតែងទទួលបានមេរៀនបន្ថែមមានដូចជា ឯកសារមួយចំនួនពី វីដេអូ ដែលមានការពន្យល់បន្ថែមរបស់គ្រូ ក៏ដូចជា វីដេអូ ពី YouTube និងបណ្ដាញសង្គមជាច្រើនទៀត»។


លោក តាន់ កុសល នាយកវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៌ ។


លោក មាស វិស្ណុ គ្រូបណ្តុះបណ្តាលជំនាញបរិក្ខាត្រជាក់មកពីវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) បានលើកឡើងថា៖ “វិធីសាស្រ្តបង្រៀន និងរៀនបែបចម្រុះនេះពិតជាមានសារសំខាន់ជាពិសេសសម្រាប់សិក្ខាកាមដែលរស់នៅឆ្ងាយពីមជ្ឈមណ្ឌល។ ពួកគេអាចសិក្សាទ្រឹស្តីនៅទីតាំងសមរម្យណាមួយតាមរយៈអនឡាញដោយប្រើប្រាស់កម្មវិធីតេឡេក្រាម រីឯការអនុវត្ត គ្រូបណ្តុះបណ្តាលនឹងចុះទៅពិនិត្យផ្ទាល់នៅតាមសហគមន៍ដែលពួកគេរស់នៅ។ វិធីសាស្រ្តនេះពិតជាមានប្រសិទ្ធភាពដូចទៅនឹងការសិក្សានៅមជ្ឈមណ្ឌល ហើយថែមទាំង ធ្វើឱ្យសិក្ខាកាមចំណេញទាំងពេលវេលា និងថវិកាលើការធ្វើដំណើរ»។

កញ្ញា ផេង សុងលិនី សិក្ខាកាមកំពុងសិក្សាជំនាញឆុងកាហ្វេមកពីខេត្តមណ្ឌលគិរីដដែល បានគូសបញ្ជាក់ផងដែរថា៖ “នាងខ្ញុំយល់ថា ការរៀនតាមបែបចម្រុះពិតជាល្អសម្រាប់នាងខ្ញុំ ទីមួយគឺចំណេញពេលវេលា ទីពីរនាងខ្ញុំអាចរៀនសូត្របាននៅសហគមន៍ផ្ទាល់ដោយគ្រាន់តែមានអ៊ីនធ័រណែតជាការស្រេច។ ម្យ៉ាងវិញទៀត សហគមន៍នាងស្ថិតនៅរាងដាប់ស្រយ៉ាលដែលពិបាកក្នុងការរកសាលាដើម្បីរៀនជំនាញនេះ។ ដូច្នេះ កម្មវិធីនេះពិតជាមានសារសំខាន់សម្រាប់នាងខ្ញុំ និងសហគមន៍ទាំងមូល»។



មកដល់ពេលនេះ មានសិក្ខាកាមចំនួន ២២៩នាក់ ដែលមានស្រីចំនួន ១០៤នាក់ បានបញ្ចប់ការសិក្សាដោយជោគជ័យតាមរយៈវិធីសាស្រ្តនេះ ក្នុងនោះដែរ សិក្ខាកាមអាចទទួលបានប្រាក់ចំណូលពីការងារតាមរយៈជំនាញរបស់ខ្លួន រហូតដល់ ២៥០ដុល្លារអាមេរិក ក្នុងមួយខែ បើយោងទៅតាមរបាយការណ៍របស់វិទ្យាស្ថានដែលជាដៃគូអនុវត្តន៍។ 

កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) គឺជាគម្រោងរបស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC)។ កម្មវិធីកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដំណាក់កាលទី២ (២០២០ - ២០២៤) ត្រូវបានអនុវត្តដោយ ស្វីសខន់ថាក់ (Swisscontact) និងសម្ព័ន្ធជាមួយ INBAS ដោយសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងទេសចរណ៍។ កម្មវិធីអនុវត្តសកម្មភាពដោយមានកិច្ចសហការ យ៉ាងជិតស្និទជាមួយរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ  ទីភ្នាក់ងារជាតិមុខរបរ និងការងារ គ្រឹះស្ថានផ្តល់សេវាបណ្តុះបណ្តាលទាំងរដ្ឋ និងឯកជន ក៏ដូចជាក្រុមហ៊ុន និងសហគ្រាសធុនតូចក្នុងវិស័យ បដិសណ្ឋារកិច្ច និងវិស័យផ្សេងទៀត៕



 

ព័ត៌មានទាក់ទង