សត្វព្រៃកម្រៗជាង២០ប្រភេទ ត្រូវបានថតជាប់ម៉ាស៊ីនថតស្វ័យប្រវត្តិនៅតំបន់ការពារក្នុងខេត្តកោះកុង

21/11/2022 5:00 pm កោះកុង

ដោយ៖ ប៉ូ សុភា 

ភ្នំពេញ៖ ប្រភេទសត្វព្រៃកម្រៗចំនួន ២០ប្រភេទ ត្រូវបានថតដោយម៉ាស៊ីថតស្វ័យប្រវត្តិដែលបានដាក់បង្កប់ក្នុងដែនជម្រកសត្វព្រៃខេត្តកោះកុងចំនួន ៣៤ទីតាំង ក្នុងរយៈពេល៣ខែចុងឆ្នាំ២០២២។ វត្តមានសត្វទាំងនេះ បានបង្ហាញពីភាពសម្បូរបែបនៃធនធានសត្វព្រៃនៅក្នុងប្រទេសកម្ពុជា និងកិច្ចប្រឹងប្រែងរក្សា និងការពារពីមន្ត្រីជំនាញ រួមទាំងការចូលរួមពីដៃគូពាក់ព័ន្ធនានា។



មន្ត្រីជំនាញ និងឧទ្យានុរកនៃក្រសួងបរិស្ថាន បានដាក់បង្កប់ម៉ាស៊ីថតស្វ័យប្រវត្តិចំនួន៣៤ទីតាំង នៅក្នុងដែនជម្រកសត្វព្រៃក្នុងខេត្តកោះកុងចាប់ពីថ្ងៃទី៨ ខែសីហា ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ សត្វជាង២០ប្រភេទ ត្រូវបានថតជាប់ ក្នុងនោះរួមមានសត្វពង្រូល ភេរោមចម្រុះ ឆ្កែព្រៃ ស្វាត្រោស ស្វាក្តាម ខ្លាត្រី ជ្រូកពោន ឬព្រុល ប្រើសស្បូវ  ឆ្មាដាវ កំប្រុកព័ណ៌ ប្រម៉ា  ឈ្លូស ក្តាន់ញ៉ែងតូច សំពោចក្រអូប  ជ្រូកព្រៃ  ត្រកួត កេងកងតូច  មាន់ទោប្រាក់ ក្រសារតូច សំបកទំពាំង  មាន់ព្រៃ និងប្រភេទថនិកសត្វ និងបក្សី មួយចំនួនទៀត។ 


លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ទិន្នន័យថ្មីនៃវត្តមានសត្វព្រៃជាច្រើនប្រភេទក្នុងតំបន់ការពារធម្មជាតិកម្ពុជា បានបង្ហាញពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាល ប្រជាសហគមន៍ ដៃគូអភិវឌ្ឍ និងអង្គការដៃគូ លើការងាររួមគ្នា ដើម្បីការពារ អភិរក្សធនធានធម្មជាតិ ព្រៃឈើ និងសត្វព្រៃនៅកម្ពុជា។

ជាមួយគ្នានេះ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ដូច្នេះ៖ « ក្រុមការងារស្រាវជ្រាវរបស់ក្រសួងបរិស្ថាន បានខិតខំប្រឹងប្រែងចុះសិក្សាស្រាវជ្រាវ ប្រមូលចងក្រងនិងទិន្នន័យប្រភេទសត្វព្រៃ ដែលមាននៅក្នុងតំបន់ការពារនានា សម្រាប់ជាប្រយោជន៍ក្នុងការអភិរក្ស និងចំណេះដឹងដល់សាធារណជន»។

លោក នេត្រ ភក្រ្តា បានសំណូមពរឱ្យ ប្រជាពលរដ្ឋ និងសាធារណជន ចូលរួមក្នុងការការពារ សត្វព្រៃ និងជៀសវាងការបរិភោគសាច់សត្វព្រៃ ព្រោះវាមិនបានជួយដល់សុខភាពឡើយ។ លើសពីនេះ ការបរិភោគសាច់របស់វា អាចបង្កឱ្យជំងឺមួយចំនួនផងដែរ៕ 
 

ព័ត៌មានទាក់ទង