យុវជនកម្ពុជា ៣រូប នឹងចូលរួមប្រកួតមនុស្សយន្តអូឡាំព្យាដពិភពលោក នៅអាល្លឺម៉ង់

14/11/2022 10:30 am ភ្នំពេញ

ដោយ: ញឹក ស្រីល័ក្ខ (Nhek Sreyleak)

ភ្នំពេញ៖ យុវជនកម្ពុជា៣រូប នឹងចូលរួមកម្មវិធីប្រកួតមនុស្សយន្តអូឡាំព្យាដពិភពលោក (World Robot Olympiad) នៅប្រទេសអាល្លឺម៉ង់ ក្រោយពីពួកគេទទួលបានជោគជ័យក្នុងការប្រកួតថ្នាក់ជាតិនៅកម្ពុជា កាលពីខែតុលា ឆ្នាំ២០២២។



កម្មវិធីប្រកួតមនុស្សយន្តអូឡាំព្យាដពិភពលោក (World Robot Olympiad) នឹងចាប់ផ្ដើមពីថ្ងៃទី១៧-១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នាទីក្រុង Dortmund ប្រទេសអាល្លឺម៉ង់។ កម្មវិធីនេះ មានការចូលរួមពី ៣៦៥  ក្រុម មកពី៧៣ប្រទេស។ 
 
បើតាមក្រសួងប្រៃណីយ៍និងទូរគមនាគមន៍ មនុស្សយន្ត ដែលក្រុមកម្ពុជាយកទៅចូលរួមប្រកួតនេះ បានប្រើប្រាស់កម្មវិធីបញ្ញាសិប្បនិម្មិត (Artificial Intelligence) សម្រាប់បញ្ជាតាមរយៈសំឡេង ឬកាយវិការ។ មនុស្សយន្តនេះ មានមុខងារអាចបញ្ជូនដំណឹងពីសុវត្ថិភាព, ការសម្អាតផ្ទះ, ការបញ្ជា និងគ្រប់គ្រងបរិក្ខារអគ្គិសនីក្នុងផ្ទះ, អាចធ្វើបដិសណ្ឋារកិច្ច និងអាចសន្ទនាជាមនុស្សបាន។ 
 
គួរបញ្ជាក់ថា យុវជនកម្ពុជាទាំង៣រូប ក៏ទទួលបានការឧបត្ថម្ភគាំទ្រពីក្រសួងប្រៃណីយ៍និងទូរគមនាគមន៍ សម្រាប់ការចូលរួមប្រកួតនៅប្រទេសអាល្លឺម៉ង់ផងដែរ៕

ព័ត៌មានទាក់ទង