ADB ផ្ដល់កម្ចី ៧០លានដុល្លារ ជួយកម្ពុជាធ្វើកំណែទម្រង់ប្រព័ន្ធអប់រំផ្នែក STEM នៅកម្រិតឌីប្លូម

08/11/2022 10:00 am ភ្នំពេញ

ដោយ: ឈុំ ចន្ថា

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្ចីចំនួន ៧0លានដុល្លារដល់កម្ពុជា ដើម្បីគាំទ្រដល់រដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅលើផ្នែក វិទ្យសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) នៃការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិទូទាំងប្រទេស។


ការកំណែទម្រង់នេះ នឹងជួយអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ជាពិសេសក្នុងវិស័យ STEM។ ការពង្រីកលទ្ធភាពការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ ឱ្យស្របតាមស្តង់ដារ លើកកម្ពស់ការអប់រំ STEM ដោយគុណភាព និងពង្រឹងសមត្ថភាពស្ថាប័នសម្រាប់ធ្វើផែនការ គ្រប់គ្រង និងផ្តល់ការអប់រំមធ្យមសិក្សាទុតិយភូមិ។ 
 
អ្នកឯកទេសជាន់ខ្ពស់ផ្នែកអប់រំ របស់ ADB នៅតំបន់អាស៊ីអាគ្នេយ៍ លោកស្រី   Lynnette Perez  បានលើកឡើងថា គម្រោងកំណែទម្រង់ប្រព័ន្ធអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិនេះ មានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ក្នុងការបំពេញជំនាញ ចំណេះដឹង និងសមត្ថភាពសតវត្សទី២១។ លោកស្រី បន្តថា គម្រោងនេះ នឹងធ្វើឱ្យប្រសើរឡើងនូវជំនាញរបស់សិស្សក្នុងការគិតបែបវិភាគ ការដោះស្រាយបញ្ហា ការច្នៃប្រឌិត និងការសហការ ដែលទាំងនេះនឹងត្រូវការសម្រាប់សេដ្ឋកិច្ចផ្អែកលើចំណេះដឹង។
លោកស្រី ថ្លែងដូច្នេះថា៖« ដោយសារតម្រូវការខ្លាំងនៃជំនាញ STEM។ គម្រោងនេះ នឹងជួយពង្រឹងប្រព័ន្ធអប់រំរបស់កម្ពុជា តាមរយៈការធ្វើឱ្យប្រសើរឡើងនូវការអប់រំ STEM នាពេលបច្ចុប្បន្ន ដើម្បីតាមទាន់ការកើនឡើងនៃតម្រូវការសម្រាប់កម្លាំងពលកម្មដែលមានសមត្ថភាពខ្ពស់»។
 
បើតាម ADB គម្រោងនេះ​ ក៏មានផែនការធ្វើឱ្យប្រសើរឡើង នូវសម្ភារៈបរិក្ខារសាលាមធ្យមសិក្សាទុតិយភូមិចំនួន ១៤ និងសាលាមធ្យមសិក្សាទុតិយភូមិទូទៅចំនួន ១០៣ ដោយបំប្លែងថ្នាក់រៀនចំនួន ៣ ក្នុងសាលានីមួយៗទៅជាថ្នាក់រៀនវិទ្យាសាស្ត្រចំនួន ២ និងបណ្ណាល័យមួយ ដែលមានបំពាក់ឧបករណ៍ សម្ភារៈបង្រៀន សៀវភៅ គ្រឿងសង្ហារិម និងបច្ចេកវិទ្យាអប់រំចាំបាច់។   
 
ផ្តល់ការអភិវឌ្ឍវិជ្ជាជីវៈជាបន្តបន្ទាប់ក្នុងការបង្រៀនប្រកបដោយប្រសិទ្ធភាព និងប្រកបដោយភាពច្នៃប្រឌិតដល់គ្រូបង្រៀន STEM ចំនួន ៧៧៥ នាក់ ដែលមានស្ត្រី ៤0ភាគរយ និងសាស្ត្រាចារ្យ STEM ចំនួន ២៥ នាក់ មកពីវិទ្យាស្ថានជាតិអប់រំ ដែលមានស្ត្រី ៨0ភាគរយ ដើម្បីបង្កើនជំនាញគរុកោសល្យ និងចំណេះទ្រឹស្តីរបស់គ្រូបង្រៀន និងពង្រឹងការផ្តល់ការអប់រំ STEM។ ផ្ដល់ការអភិវឌ្ឍវិជ្ជាជីវៈជាបន្តបន្ទាប់ដល់នាយកវិទ្យាល័យចំនួន ១៥៥ ស្តីពីការដឹកនាំ និងការគ្រប់គ្រងសាលារៀន ការត្រួតពិនិត្យការបង្រៀន និងការកសាងភាពជាដៃគូ ដែលមានសិក្ខាកាម ៨0ភាគរយ ជាស្ត្រី។

ពង្រឹងមុខងារវិភាគ និងផែនការទូទាំងប្រព័ន្ធ តាមរយៈការអភិវឌ្ឍសមត្ថភាព និងផ្តល់នូវការប្រមូលទិន្នន័យជាក់ស្តែងភ្លាមៗនៅកម្រិតសាលា ដែលអាចឱ្យអ្នកដឹកនាំសាលាប្រើប្រាស់ទិន្នន័យទាំងនោះដើម្បីកែលម្អការគ្រប់គ្រងសាលារៀន។  
 
លើសពីនេះ មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្ពុជា ដែលជាមជ្ឈមណ្ឌលកូនកាត់ស្ថិតនៅក្នុងទីក្រុងភ្នំពេញ និងកម្មវិធីឌីជីថលដ៏រឹងមាំ នឹងត្រូវបានបង្កើតឡើង សម្រាប់ការចូលប្រើប្រាស់ដោយសាលារៀន និងសហគមន៍ទូទាំងប្រទេសផងដែរ។  
 
ជាមួយគ្នានេះ ធនាគារ ADB ប្តេជ្ញាសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង៕

ព័ត៌មានទាក់ទង