ត្រីទន្លេថយចុះ អ្នកនេសាទខ្លះ បន្ថែមរបរដាំបន្លែលើបឹងទន្លេសាប  

23/10/2022 12:00 pm បាត់ដំបង

ដោយ៖ ប៉ូ សុភា

ខេត្តបាត់ដំបង៖ អ្នកស្រី គិត សាលួត បានដាំដំណាំលើទឹក ជំនួយឱ្យរបរនេសាទ ដែលជារបរស្នូល បន្ទាប់ពីចំនួនត្រីធ្លាក់ចុះនៅប៉ុន្មានឆ្នាំមុន។ ដំណាំទាំងនោះរួមមាន ដូង ចេក អំពៅ ជី ម្ជូលអំពិល អង្គាដី និងបន្លែមួយចំនួនទៀត។ លើសពីនេះ អ្នកស្រីអាចយកបន្លែទាំងនោះមកបរិភោគ និងលក់ជួយសម្រាល់ជីវភាពប្រចាំថ្ងៃផង។



នៅពេលធ្វើដំណើរតាមទន្លេសាប ចេញពីខេត្តសៀមរាបទៅខេត្តបាត់ដំបង យើងនឹងឃើញផ្ទះបណ្ដែតទឹក ដែលមានប្រជាពលរដ្ឋរស់នៅមិនចាញ់ផ្ទះនៅលើដីគោកឡើយ។ ទោះបីជានៅក្នុងទឹកក្តី ប្រជាពលរដ្ឋមួយចំនួន បានឆ្លៀតដាំបន្លែលើទឹក ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។

អ្នកស្រី គិត សាលួត រស់នៅភូមិអន្លងតាអ៊ួ ឃុំជីវាំង ស្រុកឯកភ្នំ បានប្រាប់សារព័ត៌មាន ThmeyThmey25ថា អ្នកស្រីបានចាប់ផ្តើមដាំដំណាំនៅលើទឹក បន្ទាប់ពីរបរនេសាទមិនកាក់កបដូចកាលពីមុន។ ជាមួយគ្នានេះ របរប្រភេទនេះ បានជួយសម្រួលជីវភាព របស់អ្នកស្រីបានមួយកម្រិត បន្ទាប់ពីរបរនេសាទដែលជារបរស្នូលសម្រាប់គ្រួសារ។ 

« អ្នកខ្លះគេអត់ធ្វើដូចជាខ្ញុំទេ គេថាចំណូលបានចិត្តពេក។ ក្មេងៗគេសុខចិត្តទៅរកត្រីទោះរកមិនសូវបានក្តី។ ដំណាំនេះដាំបានទុកហូបខ្លះ និងមួយចំនួនទៀតអាចលក់បាន។ ជួនគេឱ្យបេះនេះ បេះនោះម្ដងបាន៥ពាន់ទៅមួយម៉ឺនរៀលដែរ»។ នេះជាការបញ្ជាក់របស់ស្ត្រីវ័យ៦៦ឆ្នាំរូបនេះ។

អ្នកបាត់ដំបងរូបនេះ អាចដាំបានរួមមាន ជី ស្លឹកគ្រៃ អង្គាដី ចេក ដូង អំពៅ ម្ជូរអំពិល ត្របែក និងដំណាំមួយចំនួនទៀត។ ចំពោះដំណាំទាំងនោះ បានដាំនៅធ្នើរបណ្ដែតពីលើទឹក ហើយទាំងរដូវប្រាំងនិងវស្សា វាអាចរស់បានធម្មតា មិនមានបញ្ហាអ្វីទេ។ 

ជាមួយគ្នានេះ កញ្ញា អាន សុជាតា ប្រធានសហគមន៍អេកូទេសចរណ៍ព្រៃទាល់បានប្រាប់សារព័ត៌មានThmeyThmey25 ថា ដំណាំដែលអ្នកស្រី សាលួត ដាំនេះ ប្រើរយៈពេល៤ទៅ៥ឆ្នាំហើយ។ ប្រជាពលរដ្ឋមួយចំនួនរស់នៅលើទឹក អាចដាំបាន ដំណាំច្រើនប្រភេទដូចជា ស្ពៃខ្មៅ សាឡាត ត្រកួន និងដំណាំផ្សេងទៀត៕ 

ព័ត៌មានទាក់ទង