ក្រសួងបរិស្ថាន បន្តលុបបំបាត់អន្ទាក់ និងការជួញដូរសត្វព្រៃក្នុងតំបន់អភិរក្ស

22/10/2022 6:00 pm មណ្ឌលគីរី

ដោយ៖ ហេង ស្រីលីន

មណ្ឌលគិរី៖ ក្រសួងបរិស្ថាន និងដៃគូសហការ បានបន្តយុទ្ធនាការអន្ទាក់សូន្យ ដើម្បីបញ្ឈប់ការជួញដូរសត្វព្រៃ។ យុទ្ធនាការនេះ នៅតែបន្តអភិរក្សសត្វព្រៃក្រោយបង្រ្កាប ការជួញដូរសាច់សត្វព្រៃបានចំនួន ១ ៣៥៣គីឡូក្រាមនៅខេត្តមណ្ឌលគិរី។



ខេត្តមណ្ឌលគិរី ស្ថិតក្នុងគោលដៅទាំង ៦ខេត្តយុទ្ធនាការអន្ទាក់សូន្យរបស់ក្រសួងបរិស្ថាន និងមានរយៈពេល ៦សប្តាហ៍សម្រាប់អនុវត្ត។ យុទ្ធនាការនេះ ធ្វើឡើងនៅថ្ងៃទី២២ ខែតុលា ដើម្បីជួយផ្លាស់ប្តូរឥរិយាបថមនុស្សពីការជួញដូរ និងបញ្ឈប់ការហូបសាច់សត្វព្រៃ។ 

ស្ថិតក្នុងសន្និសីទសារព័ត៌មាន នៃយុទ្ធនាការអន្ទាក់សូន្យ ស្ថិតក្នុងខេត្តមណ្ឌលគិរី លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន លើកឡើងថា តាំងពីការចាប់ផ្តើមយុទ្ធនាការអន្ទាក់សូន្យនេះមក កម្រិតនៃការបង្រ្កាប ក៏ដូចជាទប់ស្កាត់ គឺមានសភាពកើនឡើងខ្លាំង។ បើគិតពីខែមករា ឆ្នាំ២០២១ ដល់ខែមិថុនាឆ្នាំ២០២២ រដ្ឋបាលខេត្តមណ្ឌលគិរី បង្រា្កបបានសាច់សត្វព្រៃចំនួន ១ ៣៥៣គីឡូក្រាម ដោយ៦ខែ ឆ្នាំ២០២២ បង្រ្កាបបានសាច់សត្វព្រៃចំនួន ២៣៥គីឡូក្រាម។ 

«អ្វីដែលយើងចង់ឃើញ មិនមែនឃើញអំពីសត្វដែលត្រូវបានប្រលះ សាច់យកមកលក់នៅលើទីផ្សារ ឬក៏ជាគ្រឿងសំណាកដែលដាក់លក់នៅលើទីផ្សារទេ។ អ្វីដែលសំខាន់ ភាពជោគជ័យរបស់យើង គឺការទប់ស្កាត់បាន និងការថែរក្សាសត្វព្រៃដែលរស់រានមានជីវិត នៅក្នុងតំបន់ការពារធម្មជាតិ»។ នេះជាការបញ្ជាក់របស់លោក នេត្រ ភក្ត្រា។ 

យុទ្ធនាការអន្ទាក់សូន្យ ត្រូវបានប្រកាសបើកជាផ្លូវការកាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅ ក្នុងគោលដៅលុបបំបាត់រាល់ការដាក់អន្ទាក់គ្រប់ប្រភេទ តាមរយៈការលើកកម្ពស់ការយល់ដឹងសាធារណៈ ។ ជាពិសេសអ្នកនិយមបរិភោគ និងជួញដូរសត្វព្រៃ ព្រមទាំងជួយកាត់បន្ថយសម្ពាធធនធានធម្មជាតិផងដែរ៕
 

ព័ត៌មានទាក់ទង