តួកគីគ្រោងបង្កើតការិយាល័យពាណិជ្ជកម្មនៅកម្ពុជា

16/10/2022 10:00 am ភ្នំពេញ

ដោយ: ធន់ សេងហុង
ឯកអគ្គរដ្ឋទូតតួកគីថ្មី លោកស្រី Ülkü Kocaefe បានអះអាងចំពោះមុខលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ថានឹងមានការបង្កើតការិយាល័យពាណិជ្ជកម្មនៅស្ថានទូតតួកគីប្រចាំកម្ពុជា ដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែប្រសើរថែមទៀត ។


នាក្នុងជំនួបពិភាក្សាការងារ លោក ប៉ាន សូរស័ក្តិ បានលើកឡើងនូវកាលានុវត្តភាពធុរកិច្ច និងបរិយាកាសវិនិយោគ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តកកើតថ្មីៗ នៅកម្ពុជាដែលជាអំណោយផលដល់ការធ្វើពាណិជ្ជកម្ម ការតាំងទីផលិតកម្ម និងការចូលរួមខ្សែច្រវ៉ាក់ផលិតកម្មក្នុងតំបន់។ 
 
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរូបនេះ ក៏បានស្នើតាមរយៈឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា ឱ្យបន្តកៀងគរធុរជន និងវិនិយោគិនតួកគីមកធ្វើការវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងការកែច្នៃម្ហូបតាមស្តង់ដាហាឡាល ដែលកម្ពុជាមានវត្ថុធាតុដើមសំបូរបែប រួមមាន៖ កៅស៊ូ ដំឡូងមី ស្រូវ ស្វាយ ចេក ជាដើម។ លើសពីនេះ លោកក៏បានស្នើឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់ និងកិច្ចសហប្រតិបត្តិការផ្នែកហាឡាល។  
 
ជាការឆ្លើយតប លោកស្រី Ülkü Kocaefe  បានប្តេជ្ញាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ ជាពិសេសពាណិជ្ជកម្ម វិនិយោគ ការអប់រំ និងកិច្ចការហាឡាល និងព្យាយាមជំរុញការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា និងតួកគី។ បច្ចុប្បន្នជើងហោះហើរទៅវិញទៅមករវាងប្រទេសទាំងពីរដែលមាន ៤ជើង ក្នុងមួយសប្តាហ៍ ភាគច្រើនជាការដឹកទំនិញ។  
 
មិនតែប៉ុណ្ណោះ ភាគីទាំងពីរបានគូសបញ្ជាក់អំពីកិច្ចសហការគ្រប់ជ្រុងជ្រោយរវាងគ្នា ជាពិសេសតាមរយៈយន្តការគណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគី ដែលកិច្ចប្រជុំលើកទី៣ នឹងគ្រោងធ្វើនៅរាជធានីភ្នំពេញ នាពេលខាងមុខ។ 
កន្លងទៅថ្មីៗនេះ​ លោក ប៉ែន សុវិជាតិ ដែលជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានប្រាប់សារព័ត៌មានថ្មីៗ មានវិនិយោគិន និងក្រុមហ៊ុនតួកគីគួរសម ដែលកំពុងប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ក្នុងនោះរួមមាន វិស័យអប់រំ ភោជនីយដ្ឋាន សណ្ឋាគារ សាងសង់ ដឹកជញ្ជូន និងសេវាពិគ្រោះយោបល់ផ្នែកច្បាប់ផងដែរ។
 
 
 
គូរបញ្ជាក់ថា មុខទំនិញសំខាន់ៗដែលកម្ពុជានាំចេញទៅតួកគីរួមមាន សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង  សម្ភារៈធ្វើដំណើរ អង្ករ ជាមួយគ្រាប់ធញ្ញជាតិមួយចំនួនដូចជា ស្វាយចន្ទី សណ្តែកសៀង សណ្តែកបាយ ចំណែកការនាំចូលមុខទំនិញពីតួកគីវិញមានដូចជា ម៉ាស៊ីន ផលិតផលឱសថ កញ្ចក់  ដែក ផលិតផលប្លាស្ទិក និងទំនិញដទៃទៀត។
សម្រាប់ទំហំពាណិជ្ជកម្មទ្វេភាគីនាឆ្នាំ២០២១ សម្រេចបានប្រមាណ ៩០,៦៣លានដុល្លារ ដោយសារការរីករាលដាលជំងឺកូវីដ-១៩ ។ ទំហំនេះកើនឡើងក្នុងអត្រា ២,០៦ភាគរយបើធៀបនឹងឆ្នាំ២០២០។ ដោយឡែក ៨ខែ ក្នុងឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ៨៥ លានដុល្លារ។ នេះបើតាមទិន្ន័យក្រសួងពាណិជ្ជកម្ម៕

ព័ត៌មានទាក់ទង