អាជ្ញាធរជាតិព្រះវិហារ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ នៅប្រាសាទព្រះវិហារ

14/10/2022 3:23 pm ភ្នំពេញ

ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ អាជ្ញាធរជាតិព្រះវិហារ នឹងរៀបចំពិធី​គោរពព្រះវិញ្ញាណក្ខន្ធ ខួបគម្រប់១០ឆ្នាំ នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណាសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅទីលាននៃប្រាសាទព្រះវិហារ។ ជាមួយគ្នានេះ អាជ្ញាធរជាតិព្រះវិហារ​ នឹងរៀបចំពិធី​រាប់បាត្រព្រះសង្ឃចំនួន ១០០អង្គនៅទីតាំងនោះដែរ។



អាជ្ញាធរជាតិព្រះវិហារ នឹងរៀបចំពិធីគោរពវិញ្ញាណក្ខន្ធសម្ដេចព្រះបាទនរោត្តម សីហនុ នៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា នៅប្រាសាទព្រះវិហារ។ លោក គង់ ពុទ្ធិការ អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ និងក្រុមការងារ នឹងចូលគោរពវិញ្ញាណក្ខន្ធ ព្រះករុណាសម្ដេចព្រះបាទនរោត្តម សីហនុ នៅថ្ងៃទី១៥។ ជាមួយគ្នានេះ ភ្ញៀវទេសចរ និងប្រជាជនទាំងអស់អាចចូលគោរព្ធវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ រហូតដល់ថ្ងៃទី១៧ តុលា។

លោក គង់ ពុទ្ធិការ បញ្ជាក់ប្រាប់សារព័ត៌មានThmeyThmey25ដូច្នេះ៖ «អាជ្ញាធរជាតិព្រះវិហារប្រារព្ធពិធីរម្លឹកខួប១០ឆ្នាំ នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណា សម្ដេចព្រះបាទនរោត្តម សីហននៅថ្ងៃទី១៥ខែតុលា តែកម្មពិធីនៅរក្សាទុកឱ្យភ្ញៀវទេសចរដែលមកកម្សាន្តនៅប្រាសាទព្រះវិហារនិងប្រជាជនដែលមកគោរពព្រះវិញ្ញាណក្ខន្ធ ១០ឆ្នាំ នៃការយាងសោយព្រះទិវង្គតរបស់សម្តេចសីហនុ មានកន្លែងអង្គុយ។ នៅថ្ងៃទី១៧ ខែតុលា ទើបរើកន្លែងប្រារព្ធចេញ»។  អាជ្ញាធរជាតិព្រះវិហារ តែងរៀបចំការរម្លឹក នៃការយាងសោយព្រះទិវង្គតរបស់សម្តេច​ នរោត្តម សីហនុ ជារៀងរាល់ឆ្នាំ ប៉ុន្តែខកខានប្រារព្ធ២ឆ្នាំ ដោយសារជំងឺកូវីដ១៩៕

 

ព័ត៌មានទាក់ទង