ពីសិស្សហាត់របាំ លោក ច័ន្ទសិទ្ធិការ្យ ក្លាយជាអ្នកបន្តវេនបង្ហាត់ល្ខោនខោលដល់ក្មេង

04/11/2022 11:00 am ភ្នំពេញ

ដោយ៖ ហេង ស្រីលីន

ផ្តើមចេញពីអ្នកហាត់រៀនផ្នែកភ្លេង និងរបាំខ្មែរបុរាណ លោក ខុន​ ច័ន្ទសិទ្ធិការ្យ បានក្លាយជាគ្រូបង្វឹកល្ខោនខោលដ៏ជំនាញមួយរូបនៅសាលាមធ្យមវិចិត្រសិល្បៈ។ ជិត១០ឆ្នាំមកហើយដែល លោក ច័ន្ទសិទ្ធិការ្យ  បានបង្ហាត់បង្រៀនដល់កុមារកម្ពុជា​ក្នុងឆន្ទៈចូលរួមលើកស្ទួយវិស័យសិល្បៈបុរាណរបស់ខ្មែរ ជាពិសេសល្ខោនខោលនេះ ដែលជាបេតិក​ភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ។



អាចនិយាយបានថា លោក ច័ន្ទសិទ្ធិការ្យ គឺដើរតាមគន្លងឪពុកម្តាយនៅក្នុងវិស័យសិល្បៈខ្មែរបុរាណ ដោយមានឪពុកជាគ្រូបង្រៀនផ្នែកតន្រ្តីករ និងម្តាយជាសិល្បការិនីផ្នែកល្ខោនបាសាក់។ ច័ន្ទសិទ្ធិការ្យ បានចាប់ចិត្តស្រឡាញ់ និងចង់ហាត់រៀនសិល្បបុរាណខ្មែរតាំងពីកុមារភាពមកម្លេះ ពោលគឺស្ថិតនៅក្នុងវ័យ១១ឆ្នាំ លោក បានចូលហាត់រៀនផ្នែកភ្លេង និងរបាំបុរាណខ្មែរ នៅសាលាមធ្យមវិចិត្រសិល្បៈ។


 សកម្មភាពបង្រៀន របស់លោកគ្រូ ម៉ូ

បន្ទាប់ពីហាត់ភ្លេង និង របាំខ្មែរ​អស់ជាច្រើនឆ្នាំមក​ យុវជនដែលមានកំណើតមកពីនៅរាជធានីភ្នំពេញរូបនេះ ​ក៏បានបន្តរៀនសិល្បៈបុរាណខ្មែរ ដោយចាប់យកជំនាញ ល្ខោនខោល ព្រមទាំងបញ្ចប់ការសិក្សាដោយជោគជ័យ នាអំឡុងឆ្នាំ២០១១។

ស្ថិតក្នុងបរិវេណនៃសាលាមធ្យមវិចិត្រសិល្បៈ ដែលមានទីតាំងនៅតាមបណ្តោយមហាវិថីបណ្ឌិតម៉ុងឬទ្ធី(បឹងបាយ៉ាប) សង្កាត់ភ្នំពេញភ្នំពេញ ខណ្ឌសែនសុខ យើងឃើញមានសិស្សានុសិស្សមួយក្រុមកំពុងហាត់រៀនល្ខោនខោល ។  សិស្សនីមួយៗ មានភាពស្វាហាប់ តែមានកាយវិការទន់ភ្លន់ ដែលផ្តើមហាត់ពីក្បាច់បាត។​ បន្ទាប់មក  សិស្សក៏ត្រូវហាត់សមរាល់តួអង្គទាំងអស់ទៅតាមរឿងរាមកេរ្តិ៍  ដែលមានតួព្រះរាម ព្រះលក្សណ៍ ទូភី ឥសីពិស្វាមិត្ត ក្រុងរាពណ៍ នាងសុបនខា តួយក្ស ព្រមទាំងតួអង្គជាច្រើនទៀត។

ការហាត់សមរបស់សិស្សទាំងនោះ យើងឃើញមានគ្រូបង្វឹកមាឌក្រអាញនិងសម្បុរស្រអែមពីររូប ដោយក្នុងក៏មានវត្តលោក ខុន ច័ន្ទសិទ្ធិការ្យ ផងដែរ។​ ច័ន្ទសិទ្ធិការ្យ ជាទូទៅនៅក្នុងសាលាមធ្យមវិចិត្រសិល្បៈត្រូវបានគេឈ្មោះថា ជា លោកគ្រូ ម៉ូ។

អាជីពជាគ្រូបង្ហាត់ល្ខោនខោល

លោក ខុន ច័ន្ទសិទ្ធិការ្យ សម្រេចចូលប្រឡងក្របខណ្ឌរដ្ឋ ដោយជាប់ធ្វើជាគ្រូបង្ហាត់បង្រៀនល្ខោនខោល ​នៅសាលាមធ្យមវិចិត្រសិល្បៈចាប់តាំងពីឆ្នាំ២០១៤ មកដល់បច្ចុប្បន្ន។ ជារៀងរាល់ថ្ងៃ លោក តែងចាប់ផ្តើមបង្ហាត់សិស្សរបស់ខ្លួនចាប់ពីម៉ោង៧ រហូតដល់ម៉ោង១១ព្រឹក។ សិស្សដែលមករៀនហាត់ល្ខោនខោលនេះ គឺមានសុទ្ធតែក្មេងប្រុសៗ ដោយភាគច្រើនពួកគេមកហាត់រៀនតាំងពីអាយុ៨ឆ្នាំ រហូតដល់អាយុ១៨ឆ្នាំ។ 

ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ គ្រូបង្ហាត់ល្ខោនខោលវ័យ៣១ឆ្នាំរូបនេះបាននិយាយថា៖ «ការងារនេះ ជាក្តីស្រឡាញ់របស់ខ្ញុំ​។ បើខ្ញុំមិនបានជួយអ្វីច្រើនដល់សង្គម យ៉ាងហោចណាស់ក៏ខ្ញុំអាចជួយក្មេងៗក្នុងការរៀននូវសិល្បៈនេះ ផងដែរ»។ លោកបន្តរៀបរាប់ថា៖ «  អ្នកខ្លះចូលចិត្តយកសិល្បៈ ទៅទាញយកចំណាប់អារម្មណ៍ឱ្យគេអាណិត ប៉ុន្តែពួកយើង គឺមិនដែលធ្វើបែបនោះឡើយ។ ពួកយើង គឺយកការងារជាមោទកភាព ជាធំ​​ និងតម្លៃជំនាញយើង»។

បច្ចុប្បន្ន មានសិល្បករវ័យក្មេងមិនក្រោមសាបសិបនាក់ឡើយ ដែលកំពុងក្រេបយកចំណេះដឹង និងស្រឡាញ់ក្នុងការហាត់រៀនល្ខោនខោលនេះពី លោក ច័ន្ទសិទ្ធិការ្យ។ 


ការឡើងសម្តែងរបស់ក្រុមយុវជនល្ខោនខោល

ជាសិស្សឆ្នាំទី៤​ នៃសាលាមធ្យមវិចិត្រសិល្បៈផ្នែកល្ខោនខោល បានកោតសរសើរនឹងទេពកោសល្យនៃការបង្ហាត់បង្រៀនរបស់ លោក ​ច័ន្ទសិទ្ធិការ្យ។ យុវជនវ័យ ១៨ឆ្នាំរូបនេះ បង្ហើបថា កាលពីក្មេងរូបគេមិនស្គាល់ថាល្ខោនខោលជាអ្វីនោះឡើយ។ ក្រោយហាត់រៀន​បានជិតមួយឆ្នាំជាមួយ លោក ច័ន្ទសិទ្ធិការ្យ ទើប មិថុនា ជាប់ចិត្តស្រឡាញ់ផ្នែកល្ខោនខោលនេះជាខ្លាំង។ 

សិល្បករវ័យក្មេងម្នាក់នេះបានបញ្ជាក់ថា៖ «ខ្ញុំបានហាត់រៀន ជាមួយគ្រូជាច្រើន ប៉ុន្តែសម្រាប់លោកគ្រូ ម៉ូ[លោក ច័ន្ទសិទ្ធិការ្យ] គាត់ជាមនុស្សច្បាស់លាស់ ហើយក៏កាចណាស់ ដែរ។ គាត់កាច ព្រោះចង់ឱ្យយើងចេះ ពេលយើងខុស គាត់ដាក់ទោសឱ្យយើងលោត ប៉ុន្តែលោតយកកម្លាំងជើង»។

កូន​សិស្ស ដែលហាត់ល្ខោនខោលជាមួយលោក ខុន ច័ន្ទសិទ្ធិការ្យ ម្នាក់ៗតែងមានទឹកមុខមាំទាំ និងគោរពលោកគ្រូរបស់ខ្លួនជានិច្ច។ បើទោះការហាត់រៀន និង ហាត់សមសម្រាប់ការសម្តែងក្នុងព្រឹត្តការណ៍នានាមានភាពលំបាកយ៉ាងណាក្តី តែពួកគេហាក់មិននឿយណាយ ទៅនឹងសកម្មភាពប្រចាំថ្ងៃបែបនេះឡើយ។ 

ឆ្លៀតចេញសម្តែងសិល្បៈ​

ក្រៅពីការបង្ហាត់បង្រៀនសិស្ស លោក ខុន ច័ន្ទសិទ្ធិការ្យ ក៏ចេញទៅសម្តែងជាមួយក្រុមការងារ ដើម្បីផ្សព្វផ្សាយអំពីសិល្បៈល្ខោនខោលនេះនៅក្នុងកម្មវិធីវប្បធម៌នានា។ រាល់ការចេញសំដែងក្នុងកម្មវិធីនីមួយៗ លោក តែងតែសំដែង ជាតួអង្គ ហនុមាន។​ បើតាមយុវជនរូបនេះ កន្លងមកតាមរយៈក្រុមយុវជនល្ខោនខោល លោក បានចូលរួមសំដែងល្ខោនខោល ក្នុងកម្មវិធីផ្ទះសិល្បៈលើកទីមួយនិងទីពីរ, ការពិព័រណ៌សិល្បៈខ្មែរគ្រប់ទម្រង់ ការសំដែងសិល្បៈនារដូវវស្សាចំនួន៤លើក និងចូលរួមសំដែងនៅតាមមហាស្រព​ និងនៅខេត្តបណ្តាខេត្តមួយចំនួន ក្នុងកម្មវិធីពាក់ព័ន្ធនឹងវប្បធម៌។​


ក្រុមការងារយុវជនល្ខោនខោលរៀបចំព្រឹត្តិការណ៍វប្បធម៌

លោក ខុន ច័ន្ទសិទ្ធិការ្យ មើលទៅហាក់មានមោទកភាព និង មានភាពរីករាយយ៉ាងខ្លាំង នៅពេលដែលខ្លួន និងក្រុមការងារ​បានចេញសម្តែងសិល្បៈល្ខោនខោល​នេះនៅចំពោះមុខទស្សនិកជនជាតិ និងអន្តរជាតិ បើទោះការសំដែង បានកម្រៃ ឬមិនបានកម្រៃក៏ដោយ។  លោកបានបញ្ជាក់ថា​៖« រាល់កម្មវិធីដែលយើងបង្កើតឡើង គឺមិនមានការបញ្ជាទិញសំបុត្រចូលទស្សនានោះឡើយ។ អ្នកចូលរួមទស្សនា គឺមានចំនួនច្រើនគួរឱ្យកត់សម្គាល់។ នេះ​បង្ហាញឱ្យឃើញថា សិល្បៈខ្មែរនៅតែស្ថិតក្នុងក្រអៅបេះដូងជនជាតិខ្មែរយើង​ជានិរន្តរ៍»។

យុវជនល្ខោនខោល

ក្រៅតែពីជាគ្រូបង្វឹកសិស្ស នៅសាលាមធ្យមវិចិត្រសិល្បៈ លោក ច័ន្ទសិទ្ធិការ្យ  ក៏ជាប្រធានយុវជនល្ខោនខោល ផងដែរ។ រយៈពេល៨ឆ្នាំមកហើយ​ នៃការបង្កើតក្រុមយុវជន​នេះឡើង ដើម្បីចូលរួមផ្សព្វផ្សាយល្ខោនខោល​​ តាមរយៈការសំដែងនៅតាមមហោស្រពនានា នៅតាមខេត្ត ជាពិសេសនៅក្នុងកម្មវិធីដែលពាក់ព័ន្ធនឹងវប្បធម៌។

«កត្តាដែលខ្ញុំសម្រេចបង្កើតយុវជនល្ខោនខោលកម្ពុជានេះឡើង  គឺខ្ញុំគិតថាយើងអាចរួមគ្នា ក្រោយពេលវេលាដែលយើងសម្រាកពីធ្វើការងាររដ្ឋ។ យើងចាប់ការងារក្រៅប្រព័ន្ធ ដើម្បីធ្វើការផ្សព្វផ្សាយនូវសិល្បៈនេះឱ្យបានកាន់តែច្រើន»។ នេះជាការរៀបរាប់របស់លោក ច័ន្ទសិទ្ធិការ្យ ដោយសង្ឃឹម ថា ទៅថ្ងៃមុន មិនថាក្រុមយុវជនល្ខោនខោលកម្ពុជា ឬមិនថាសាលាមធ្យមវិចិត្រសិល្បៈទេ គឺអ្នកទាំងអស់គ្នាដែលធ្វើការលើជំនាញសិល្បៈ នឹងខិតខំបង្កើតកម្មវិធីសិល្បៈសំដែងផ្សេងៗតូច-ធំ ឱ្យបានច្រើន ដើម្បីផ្សព្វផ្សាយសិល្បៈទាំងបុរាណ និងវប្បធម៌ ទៅកាន់ទស្សនិកជនក្នុងការស្វែងយល់បន្ថែម។​


ក្រុមយុវជនល្ខោនខោលកម្ពុជា

លោក ច័ន្ទសិទ្ធិការ្យ បន្តនិយាយយ៉ាងដូច្នេះ៖ «ខ្ញុំរីករាយ និងពេញចិត្តនូវជំនាញរបស់ខ្ញុំ ហើយកាន់តែពិសេស​ ខ្ញុំគឺជាផ្នែកមួយនៃវប្បធម៌របស់យើង»។

សម្រាប់យុវជនរូបនេះ ក្នុងនាមជាប្រតិបត្តិករ​ និងជាគ្រូបង្ហាត់ល្ខោនខោលផ្ទាល់ លោកនៅតែបន្តរក្សា និងបង្ហាត់ដល់ក្មេងជំនាន់ក្រោយឱ្យអស់ពីកម្លាំងកាយចិត្ត។ បើទោះវាមានភាពលំបាកយ៉ាងណាក្តី ក៏លោកមិនដែលមានគំនិតចង់បោះបង់ល្ខោនខោលចោលឡើយ។ លោក ខុន ច័ន្ទសិទ្ធិការ្យ តែងរំពឹងជានិច្ច ចំពោះក្មេងជំនាន់ក្រោយ ក៏ដូចជាយុវជន ត្រូវតែរក្សាជំហរបស់ខ្លួនក្នុងការថែរក្សាសម្បត្តិវប្បធម៌ជាតិ បើទោះជាការសំដែងនោះតូច ឬធំក៏ដោយ សិល្បករត្រូវតែខិតខំ នូវអ្វីដែលខ្លួនបានចាប់ផ្តើមពីចំណុចសូន្យមក៕


សកម្មភាពហាត់សមល្ខោនខោល របស់សិស្សសាលាមធ្យមវិចិត្រសិល្បៈ (រូបភាព ៖ លោក ខុន ច័ន្ទសិទ្ធិការ្យ)

រូបភាព៖ ពី សិស្សហាត់របាំ លោក ច័ន្ទសិទ្ធិការ្យ ក្លាយជាអ្នកបន្តវេនបង្ហាត់ល្ខោនខោលដល់ក្មេង


 

ព័ត៌មានទាក់ទង