៩ខែ កម្ពុជា ប្រមូលពន្ធដារបានជាង ២ពាន់លានដុល្លារ កើន ២៧ភាគរយ

12/10/2022 7:59 pm ភ្នំពេញ

ដោយ ៖ ធន់ សេងហុង 

កម្ពុជាប្រមូលពន្ធដារ-អាករគ្រប់ប្រភេទ បាន២ ៦៩៣លានដុល្លារ នារយៈពេល៩ខែ ឆ្នាំ២០២២នេះ។ ចំណូលដែលកម្ពុជាទទួលបាននេះ គឺកើនក្នុងអត្រា ២៧,៥០ភាគរយ បើធៀបនឹងពេលវេលាដូចគ្នា កាលឆ្នាំ២០២១។



ទំហំថវិកាដែលសម្រេចបាននេះ គឺស្មើនឹង ៩៥,៥៣ភាគរយនៃផែនការប្រចាំ ២០២២។​ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកពន្ធដារ កាលពីថ្ងៃទី១១តុលា ស្តីពីកិច្ចប្រជុំបូកសរុបលទ្ធផលការងារពន្ធដារ រយៈពេល ៩ខែនេះ។ 

ដោយឡែក ចំណូលប្រចាំខែកញ្ញា អគ្គនាយកពន្ធដារប្រមូលបាន ២៥៤,០៦លានដុល្លារ ដោយកើនក្នុងអត្រា ២៥,៩៨ភាគរយ ធៀបខែដូចគ្នា កាលឆ្នាំ២០២១។ 


រូបពី អគ្គនាយកដ្ឋានពន្ធដារ ។

បើតាមលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ កំណើនចំណូលពន្ធនេះ គឺជាលទ្ធផលកំណែទម្រង់ពន្ធដារ ប្រព័ន្ធពន្ធដាររឹងមាំ​ និងការបង់ពន្ធមានតម្លាភាពជាងមុន។ ជាពិសេស ការផ្តល់់សេវាពិគ្រោះយោបល់ជូនអ្នកជាប់ពន្ធ និងសេវាគាំទ្រការប្រើប្រាស់ប្រព័ន្ធនិងកម្មវិធីនានា​(E-Tax service) ព្រមទាំងការដាក់ចេញនូវវិធានចុះអង្កេតអចលទ្រព្យ និងការបោះពុម្ព ប្រគល់វិក្កយបត្រដល់អ្នកជាប់ពន្ធជាម្ចាស់អចលទ្រព្យដល់គេហដ្ឋាន។ 

​កាលឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារប្រមូលចូលជាតិ បាន ២ ២៤៣លានដុល្លារ ដែលលើសផែនការរហូតដល់ជាង២៤ភាគរយ។
សូមជម្រាបថា ច្បាប់ស្តីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ បានកំណត់ការប្រមូលចំណូលពី ពន្ធដារ វិភាគទាន អាករ ផលទុន និងចំណូលនានាឱ្យបានប្រមាណ ៧,៤ពាន់លានដុល្លារ( ៣០ ៥៤៤ ៣៦៦លានរៀល)។ ក្នុងនោះការប្រមូលចំណូលតាមរយៈអគ្គនាយកដ្ឋានពន្ធដារនឹងសម្រេចឱ្យបាន ២ ៨១៩លានដុល្លារ៕

រូបភាព៖លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ។ រូបពី GDT ។

ព័ត៌មានទាក់ទង