ពីមន្រ្តីជាប់កិច្ចសន្យា កញ្ញា ស រ៉ាន់ដា ក្លាយជាសមាជិកក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ  

27/09/2022 3:00 pm ភ្នំពេញ

ដោយ៖ សុង សុធាវី 

ឧត្តរមានជ័យ៖ ថ្មីៗនេះ កញ្ញា ស រ៉ាន់ដា ទទួលបានតំណែងជាសមាជិកក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ ដោយមានការប្រកាសតែងតាំងពី សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ តាមរយៈបទសម្ភាសជាមួយជាមួយកម្មវិធី «គំនិតថ្មី»  នៃសារព័ត៌មានថ្មីៗ ស្រ្តីវ័យ៣១ឆ្នាំរូបនេះ បញ្ជាក់ថា ទម្រាំមកដល់ចំណុចនេះ ខ្លួនបានតស៊ូក្រាញននៀល ដោយភាពម៉ឹងម៉ាត់ ម៉ត់ចត់ និងមានទំនួលខុសត្រូវចំពោះការងារជានិច្ច។

កញ្ញា ស រ៉ាន់ដា ដែលទើបឡើងកាន់តំណែង ជាសមាជិកក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ បានតាំងចិត្តជួយសម្របសម្រួល និងតាមដានលទ្ធផលនានា ក្នុងដំណើរការអភិវឌ្ឍសហគមន៍។

« យើងទៅសម្របសម្រួលពួកគាត់ទេ មានអ្វីអាចជួយពួកគាត់បាន ខ្ញុំរីករាយនឹងជួយ។ គាត់មានបទពិសោធន៍ ចំណេះដឹងច្រើនជាងយើង ពេលខ្លះយើងអាចរៀនសូត្រពីពួកគាត់បានទៀត។ គាត់ក៏ពូកែៗដែរ ។ល។ អ៊ីចឹងជាឱកាសមួយដែលឱ្យយើងអាចជិតស្និទជាមួយពួកគាត់ និងអាចធ្វើការជាមួយពួកគាត់បាន»។ សមាជិកក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ កញ្ញា ស រ៉ាន់ដា លើកឡើងបែបនេះ។


មុននឹងទទួលបានតួនាទីជាសមាជិកក្រុមប្រឹក្សាខេត្តឧត្តរមានជ័យនេះ កញ្ញា វ៉ាន់ដា ធ្លាប់ប្រឡងចូលក្របខណ្ឌក្រសួងមហាផ្ទៃ តែធ្លាក់រហូតដល់ទៅ៣ដង និងម្ដងទៀត ជាប់ជាបេក្ខជនបម្រុង។ ក្រោយពីទទួលបានឱកាសក្លាយជាមន្រ្តីជាប់កិច្ចសន្យាក្នុងស្ថាប័នខាងលើនេះ កញ្ញា ស រ៉ាន់ដា សម្រចចិត្តចាកចេញពីស្រុកកំណើតខេត្តកណ្តាល ហើយមករស់នៅលើទឹកដីថ្មី នៃខេត្តឧត្តរមានជ័យតែម្នាក់ឯង។ 

 

ស្ត្រីវ័យ៣១ឆ្នាំរូបនេះ តែងសន្សំយកបទពិសោធន៍ក្នុងអាជីព ទាំងតូចទាំងធំ ភាពម៉ត់ចត់ សាងទំនាក់ទំនងល្អ មិនត្អូញត្អែរ ដោយមានទំនួលខុសត្រូវខ្ពស់ចំពោះការងារ និងក្រាញននៀលក្នុងអាជីពខ្លួន ទើបសម្រេចបានលទ្ធផលថ្ងៃនេះ។ កញ្ញា ស រ៉ាន់ដា ពោលដោយស្នាមញញឹម និងបង្ហាញឱ្យឃើញពីទំហំចិត្តរបស់ខ្លួនថា៖ « ចាស (ខ្ញុំ)ក៏ធ្លាប់បោះបង់ដែរ ធ្លាប់អស់សង្ឍឹមពេលប្រឡងធ្លាក់ច្រើនឆ្នាំជាប់គ្នា គិតថាខ្លួនឯងខ្វះសមត្ថភាព និងធ្លាប់បាក់ទឹកចិត្ត ដោយការមិនបានរៀនត្រៀមជាមុន។ ពេលខ្លះអន់ចិត្ត នៅពេលដែលធ្វើការច្រើន ធ្វើការហត់ តែទទួលរងការស្តីបន្ទាសខ្លាំង ថាគ្មានសមត្ថភាពពីអ្នកមួយចំនួនតូច ដែលមិនសាកសមនឹងអ្វី ដែលយើងបានខំប្រឹងប្រែងជាច្រើនកន្លងមក។ ពេលខ្លះលែងមានអារម្មណ៍ចង់ចូលធ្វើការ ប៉ុន្តែខ្ញុំគិតថា បើម្នាក់មិនពេញចិត្តមិនឃើញពីតម្លៃយើង ក៏មានមនុស្សពីបីនាក់ទៀតមើលឃើញដែរ។ល»។

សមាជិកក្រុមប្រឹក្សាខេត្តឧត្តរមានជ័យរូបនេះ បានឆ្លៀតជូនជាគំនិតទៅកាន់យុវតីជំនាន់ក្រោយ ដែលស្រលាញ់អាជីពនេះថា ត្រូវសម្រេចចិត្តធ្វើការងារអ្វីមួយដែលខ្លួនស្រលាញ់ពិតប្រាកដ ហើយត្រូវចេះជួយខ្លួនឯងជាមុនសិន មុននឹងទៅពឹងអ្នកណាម្នាក់។ ក្រៅពីនេះត្រូវម្ចាស់ការលើខ្លួនឯង ដោយមិនត្រូវផ្តេកផ្តួលតែទៅលើគ្រួសារ ឬ ឪពុកម្តាយនោះទេ។ 

កញ្ញា ស រ៉ាន់ដា មិនគាំទ្រចំពោះការបង្ហាញពីក្តីអាណិត និងបារម្ភខ្លាំងពេករបស់ឪពុកម្តាយមួយចំនួន ទៅកាន់កូនៗឡើយ ព្រោះវាអាចជាការបិទឱកាសរីកចម្រើនសម្រាប់ពួកគេទៅវិញ។ តែកញ្ញា រ៉ាន់ដា ចង់ឱ្យឪពុកម្តាយទាំងនោះប្តូរទៅជាការលើកទឹកចិត្ត គាំទ្រនូវការសម្រេចចិត្តរបស់កូនៗ និងចាំជួយពួកគេពីខាងក្រោយវិញទើបជារឿងដ៏ប្រសើរ។

កញ្ញា ស រ៉ាន់ដា បានសង្កត់ធ្ងន់ដូច្នេះ៖ « និយាយទៅគ្មានអ្វីខ្លាំងជាងខ្លួនយើងទេ អ្នកដទៃគេអាចជួយជ្រោមជ្រែងយើងបានមួយចំនួនទេ តែក៏គេឃើញថាយើងអាចទៅរួចដែរ។ ខ្ញុំចាំទ្រឹស្តីមួយគេថា បើចង់ធំត្រូវរកឱកាសដើរជាមួយអ្នកធំ បើចង់ចេះត្រូវដើរជាមួយអ្នកមានចំណេះ ហើយបើចង់មានត្រូវដើរជាមួយអ្នកមានឱបាន»៕














 

 







 

ព័ត៌មានទាក់ទង