រដ្ឋប្រមូលចំណូលបានជិត ៤ពាន់លានដុល្លារ ក្នុងរយៈពេល៨ខែ

08/09/2022 10:00 am ភ្នំពេញ

ដោយ: ធន់ សេងហុង

 ៨ខែនេះ រដ្ឋ ប្រមូលពន្ធបានជិត ៤ពាន់លានដុល្លារ ស្មើនឹង ៧០ភាគរយ ធៀបនិងច្បាប់កំណត់ថវិកាជាតិ។ចំណូលដែលរដ្ឋប្រមូលបានភាគច្រើន ជាប្រភេទសារពើពន្ធ ប្រមាណ ៩៣ភាគរយនៃចំណូលសរុប។



រដ្ឋាភិបាលកម្ពុជាប្រមូលចំណូលបានប្រមាណ ៣,៩៨ពាន់លានដុល្លារ (១៦ ៤៣០ពាន់លានរៀល) ស្របពេលដែលការចំណាយថវិកាជាតិ វិញប្រមាណ ៣,៧ពាន់លានដុល្លារ(១៥ ២៧១ពាន់លានរៀល) ស្មើនឹង ៥៧ភាគរយបើធៀបនឹងច្បាប់កំណត់ប្រើប្រាស់ថវិកាជាតិក្នុងឆ្នាំ ២០២២នេះ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ នៅក្នុងកិច្ចប្រជុំស្តីពី ការត្រួតពិនិត្យ តាមដានការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣បូក២ ប្រចាំឆមាសទី១ ។
 
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការអនុវត្តការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ កំពុងវិវត្តទៅរកភាពប្រក្រតី និងប្រសើរឡើងបន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ មានការថមថយ។ ទន្ទឹមនេះ ការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ការកសាង និងកែលម្អប្រព័ន្ធ គឺជាធាតុចូលសំខាន់ៗក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ 
 
សូមជម្រាបថា ច្បាប់ស្តីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ បានកំណត់ការប្រមូលចំណូលពី ពន្ធដារ វិភាគទាន អាករ ផលទុន និងចំណូលនានាឱ្យបានប្រមាណ ៧,៤ពាន់លានដុល្លារ ( ៣០ ៥៤៤ ៣៦៦លានរៀល)។ ចំណែកការចំណាយវិញ រដ្ឋនឹងចំណាយជាអតិបរមាត្រឹម ៧,៩ពាន់លានដុល្លារ ( ៣២ ៥៧៦ ៨៦៦លានរៀល)៕

ព័ត៌មានទាក់ទង