ផលិតករ ជាង បូរ៉ា៖ បើសិនខំផលិតបានល្អហើយ តែខ្វះការជំរុញខ្លាំងពីរដ្ឋ វានៅតែជាលំបាក

07/09/2022 11:00 am ភ្នំពេញ


ដោយ៖ សុង សុធាវី  

ភ្នំពេញ៖ លោក ជាង បូរ៉ា ជាម្ចាស់ក្រុមហ៊ុន រ៉ាគីមឡុង ដែលផលិត«តែ» រសជាតិ និងក្លិនពីផ្លែទៀបបារាំង តែខ្ញី ម្រុំ ជាដើម ដើម្បីគិតគូរដល់សុខភាពអ្នកប្រើប្រាស់។ បើតាមលោក បូរ៉ា ផលិតផលផ្ដោតលើសុខភាព វាជារឿងសំខាន់មួយហើយ ប៉ុន្តែបើការខ្វះការជំរុញ និងលើកទឹកចិត្តពីសំណាក់រដ្ឋាភិបាល ក្រសួងស្ថាប័ន ក្នុងស្វែងរកទីផ្សារបន្ថែមនោះ វាក៏ធ្វើឱ្យផលិតករជួបការលំបាកខ្លាំងដែរ។



ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសរវាង កញ្ញា សុង សុធាវី អ្នកសម្របសម្រួលកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ  និង លោក ជាង បូរ៉ា    ដូចតទៅ៖
 



លោក ជាង បូរ៉ា បានដំណើរសិប្បកម្មខ្លួនជិត១០ឆ្នាំហើយ តាំងពីរបរខ្នាតតូចរហូតមកទល់ពេលនេះ។ ផ្តើមពីការគិតគូរចំពោះសុខភាពអ្នកប្រើប្រាស់ បុរសរូបនេះបានសម្រេចចិត្តផលិត«តែ» ជាច្រើនប្រភេទរួមមាន តែផ្លែទៀបបារាំង តែខ្ញី តែម្រុំ ។ល។ រូបលោកផ្ទាល់ធ្លាប់បានរៀនសូតពីរបៀបផលិតទាំងអស់នេះ មកពីប្រទេសវៀតណាម និងប្រើប្រាស់ឧបករណ៍ទំនើបនាំចូលពីប្រទេសចិន។ 

ទម្រាំតែផលិតបាននូវប្រភេទ«តែ» ដែលមានគុណភាព ស្តង់ដារ អនាម័យ អាចផ្គត់ផ្គង់តម្រូវការរបស់អតិថិជនទាំងក្នុង និងក្រៅប្រទេសបាន វាមិនមែនជារឿងងាយស្រួលឡើយ សម្រាប់អតីតនិស្សិតផ្នែក IT រូបនេះ។
ពោលគឺលោក បូរ៉ា ត្រូវដាក់ចិត្តដាក់កាយរៀនសូត្រពីជំនាញទាំងនេះ តាំងពីស្តង់ដារអនាម័យ ក្នុងការសម្រិតសម្រាំងវត្ថុធាតុដើមក្នុងស្រុក តាមបណ្តាខេត្តមួយចំនួន រហូតឆ្លងកាត់បទពិសោធន៍ក្រាស់ក្រែលតែម្តង។

បុរសដែលលមានរហ័សនាមថា ផលិតករកម្សត់រូបនេះ បានប្រាប់ដោយមិនស្ទាក់ស្ទើរថា៖ 
«  ខ្ញុំព្រមទទួលយកគ្រប់យ៉ាងក្នុងដំណើរជីវិតរបស់អ្នកផលិត ដែលពិតជាមិនងាយស្រួលទេ។ អ៊ីចឹងទាក់ទងនឹងយុទ្ធសាស្រ្តជំរុញផ្នែកលក់លើទីផ្សារ យើងមានការស្វះស្វែង ទំនាក់ទំនង បណ្តុះបណ្តាលជាច្រើន។ យើងមានគំនិតថា បន្ទាប់ពីមួយដំណាក់កាលទៅមួយដំណាក់កាល យើងត្រូវតែនាំចេញទៅក្រៅប្រទេសឱ្យបាន ដើម្បីយើងធ្វើការលក់ផលិតផលក្នុងស្រុកនេះ ទៅកាន់ទីផ្សារបរទេស ដែលពលរដ្ឋយើងមានផលិតផលល្អៗជាច្រើនក្នុងប្រទេស។ យើងចង់ឱ្យពួកគាត់មានចំណូលសមរម្យក្នុងគ្រួសារ ជីវភាពល្អ និងសេចក្តីថ្លៃថ្នូរ ពិសេសចង់ឱ្យកូនរបស់ពួកគាត់បានរៀនក្នុងសាលាដែលមានការអប់រំល្អ»។
 

ឆ្លងកាត់បទពិសោធន៍គ្រប់រសជាតិជាមួយអាជីវកម្មខ្លួន និងជួបមនុស្សសឹងតែគ្រប់លំដាប់ថ្នាក់ជិត១០ឆ្នាំមកនេះ លោក ជាង បូរ៉ា បានពុះពារច្រើន ទម្រាំមានការជឿទុកចិត្តលើផលិតផល«តែ» ពីសំណាក់អតិថិជន។ 

បុរសវ័យប្រហែល៤០ឆ្នាំរូបនេះលើកឡើងថា៖ « ទាក់ទងនឹងកត្តានាំចេញ ពួកខ្ញុំត្រឹមជាសិប្បករ វានឹងមានផលលំបាកច្រើន ទៅលើកត្តាធ្វើឡាបូសម្រាប់ផលិតផល។ ទាក់ទងច្បាប់ក្នុងប្រទេស ច្បាប់ក្រៅប្រទេស គយ ព្រមទាំងឯកសារក្រុមហ៊ុននាំចេញ នាំចូលផងដែរ។ អ៊ីចឹងយើងត្រូវការក្រសួងពាក់ព័ន្ធទាំងប៉ុន្មាន តាំងពីវិស័យកសិកម្ម វិស័យផលិតកម្ម ក្រសួងពាណិជ្ជកម្មពាក់ព័ន្ធ គឺយើងត្រូវតែជំរុញគ្នា។ ពួកយើងរួមគ្នា ដើម្បីកិច្ចការសម្រាប់ជាតិទាំងអស់គ្នា យើងមិនអាចខ្វះគ្នាបានទេ។ ប្រសិនផលិតករខិតខំផលិតបានល្អហើយ បានធ្វើការជាមួយកសិករហើយ តែយើងខ្វះខាតការជម្រុញទីផ្សារនាំចេញឱ្យបានល្អ សម្រាប់ទៅក្រៅប្រទេស វាជាផលលំបាក»៕

 

ព័ត៌មានទាក់ទង