តើសម្បកគ្រំប៉ោកយក្សនេះ អាចបង្ហាញពីការបាត់បង់ជីវៈចម្រុះក្នុងបឹងទន្លេសាបបានទេ?

07/12/2022 9:00 am ពោធិ៍សាត់

ដោយ៖ ឈុត ទូច

បឹងទន្លេសាប គឺជាបឹងដ៏ធំបំផុតនៅក្នុងតំបន់អាស៊ីអាហគ្នេយ៍ ដែលត្រូវបានចាត់ទុកថា មានរបបជលសាស្រ្តជាលក្ខណៈឯក ប្លែកពីគេ។ ក្នុងរដូវប្រាំង ទឹកហូរចេញពីបឹងទន្លេសាប ចូលទៅក្នុងទន្លេមេគង្គ។ រីឯក្នុងរដូវវស្សា ទឹកទន្លេមេគង្គ ហូរចូលក្នុងបឹងទន្លេសាបវិញ បានធ្វើឱ្យវិសាលភាព បឹងទន្លេសាប មានទំហំកើនឡើង ៥ដង ធៀបនឹងទំហំផ្ទៃបឹងក្នុងរដូវប្រាំង។



បឹងទន្លេសាប មានតម្លៃសង្គម  វប្បធម៌ និងបិរស្ថាន យ៉ាងមហិមមិនអាចកាត់ថ្លៃបាន។ វាជាជម្រកសម្រាប់ត្រីរាប់រយប្រភេទ សិប្បីជាតិ ល្មូន សត្វស្លាបទឹក និងពពួកស្វាព្រាម និងសត្វផ្សេងៗ ទៀត ដែលកំពុងរងគ្រោះនៅលើពិភពលោកផងដែរ។ កាលពីទសវត្យរ៍ទី៩០ ជីវៈចម្រុះនៅក្នុងបឹងទន្លេសាប ពិតជាសម្បូរខ្លាំងណាស់ បើប្រៀបធៀបនឹងបច្ចុប្បន្ន។ ក្នុងនោះ មានសិប្បីជាតិមួយប្រភេទ ដែលបច្ចុប្បន្ននេះ មិនមានឃើញវត្តមានរបស់វាទៀតទេ នោះគឺ  «គ្រំយក្ស»។ 

សម្បកគ្រំប៉ោកយក្ស ដែលអ៊ុំស្រី ឌិន ធីបី បានរក្សាទុក​ជិត ៣០ឆ្នាំ។ រូបភាព៖ ឈុត ទូច

អ៊ុំស្រី ឌិន ធីបី បច្ចុប្បន្ន ជាអាជីវករបន្លែតាមទូក នៅក្នុងភូមិបណ្តែតទឹក ចុងឃ្នៀស ក្នុងខេត្តសៀមរាប ជាភស្តុតាងរស់ បានលើកបង្ហាញសម្បកគ្រំប៉ោកយក្សមួយចំហៀង ដែលគាត់បានរក្សាទុកជិត ៣០ឆ្នាំមកហើយ។ គាត់បាននិយាយថា មូលហេតុដែលគាត់អាចរក្សាទុកសម្បកគ្រំប៉ោកមួយចំហៀងនេះបានយូរយ៉ាងដូច្នេះ ក៏ព្រោះតែគាត់ប្រើវាជាប្រចាំ សម្រាប់លាយជ័រទឹកបិទទូក។

ស្រ្តីវ័យ ៦៥ឆ្នាំរួបនេះ បានរៀបរាប់អំពីប្រវត្តិសម្បកគ្រំប៉ោកមួយចំហៀងនេះថា៖ «សម្បកគ្រំនេះ ខ្ញុំបានរក្សាវាទុកយូរឆ្នាំមកហើយ។ ខ្ញុំបានប្រើវាជាប្រចាំ សម្រាប់លាយជ័រចុង និងជ័រទឹក ដើម្បីបិទទូករបស់ខ្ញុំ។ វាងាយស្រួលប្រើ។ វាមិនស្អិតជាប់ជ័រ និងងាយលាងសម្អាត។ មិនតែប៉ុណ្ណោះ វាងាយទុកដាក់ផងដែរ»។

អ៊ំស្រី ធីបី បានបន្តទៀតថា៖ «កាលពីដើមទសវត្សរ៍ទី៩០ ខ្ញុំប្រកបរបរ រកគ្រំប៉ោកយក្ស។ ខ្ញុំគាស់យកតែសម្បកគ្រំប៉ុណ្ណោះ យកទៅលក់ឲ្យឈ្មួញជនជាតិវៀតណាម។ ក្នុងមួយថ្ងៃ ខ្ញុំអាចគាស់យកសម្បកបាន ១០គីឡូ។ ក្នុង១គីឡូ ខ្ញុំអាចលក់បានបួនពាន់រៀល។ ឈ្មួញយកសម្បកគ្រំប៉ោកទាំងនោះ ទៅលក់បន្តឲ្យអ្នកជាងច្នៃធ្វើគ្រឿងសង្ហារឹម។ ប៉ុន្តែ បច្ចុប្បន្ននេះ គ្រំប៉ោកប្រភេទនេះ បាត់អស់ហើយ»។

ជាក់ស្តែង បច្ចុប្បន្ននេះ មិនមែនត្រឹមតែពពួកគ្រំប៉ោកយក្សប្រភេទនេះទេ សូម្បីតែប្រភេទខ្យងក្នុងស្រុក ដែលគេនិយមហៅថា «ខ្យងខ្មែរ» ក៏បាត់ជាបណ្តើរៗហើយ។ ជាជំនួសមកវិញ ខ្យងក្រហម ដែលជាប្រភេទខ្យងក្រៅស្រុក បានកំពុងរាតត្បាត លុកលុយគួរឱ្យព្រួយបារម្ភ ដោយប្រភេទខ្យងក្រហមនេះ វាងាយកើត ស៊ីចំណីគ្រប់ប្រភេទ ស្មៅ ស្រូវ រុក្ខជាតិ បួករួមទាំងកូនត្រីល្អិតៗផងដែរ នេះបើតាមការឱ្យពីអ្នកនេសាទ៕


 

ព័ត៌មានទាក់ទង