ក្រុមហ៊ុនពីរទទួលទិញគ្រាប់ស្វាយចន្ទី១០០តោនពីខេត្តព្រះវិហារ នាំទៅជប៉ុន និងអឺរ៉ុប

23/08/2022 12:00 pm ព្រះវិហារ

ដោយ៖ ឈុំ ចន្ថា 

ភ្នំពេញ៖ ក្រុមហ៊ុនចំនួនពីរ បានចុះកិច្ចសន្យាទទួលទិញគ្រាប់ស្វាយចន្ទីសរីរាង្គប្រមាណ១០០តោន ពីសហគមន៍កសិកម្មចំនួន១២ក្នុងខេត្តព្រះវិហារ ដើម្បីកែច្នៃ និងវេចខ្ចប់នាំទៅទីផ្សារជប៉ុន និងអឺរ៉ុប។ ការបញ្ជាទិញនេះ នឹងត្រូវធ្វើឡើងនៅរដូវប្រមូលផល ចាប់ពីខែមីនា ដល់មេសាខាងមុខ។



ថ្មីៗនេះ ក្រុមហ៊ុន កាំយ៉ាង (Kamya) និងថបផ្លេននីង (Top planning) បានសហការគ្នាប្រមូលទិញគ្រាប់ស្វាយចន្ទីស្រស់ប្រមាណ១០០តោន ពីសហគមន៍នៅខេត្តព្រះវិហារ។ ការបញ្ជាទិញនេះ ត្រូវធ្វើឡើងជាមួយលក្ខខណ្ឌតម្រូវជាច្រើនទាំងអនាម័យ និងលិខិតបញ្ជាក់គុណភាពត្រឹមត្រូវ។ 
លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ បានលើកឡើងថា នេះជាជោគជ័យមួយរបស់ខេត្តព្រះវិហារ ដែលអាចរកទីផ្សារជូនកសិករបានបន្តបន្ទាប់។ តាមរយៈកិច្ចសន្យាជាមួយក្រុមហ៊ុនទាំងពីរនេះ នឹងជួយដល់ជីវភាពកសិករក្នុងសហគមន៍ឱ្យកាន់តែប្រសើថែមទៀត ជាពិសេស ពង្រីងតម្លៃទីផ្សារឱ្យមានស្ថេរភាព។ បើតាមប្រធានមន្ទីរកសិកម្ម សម្រាប់គ្រាប់ស្វាយចន្ទីស្រស់ ក្រុមហ៊ុនឱ្យតម្លៃ ៦៥០០រៀលក្នុងមួយគីឡូក្រាម។ 

«យើងខិតខំធ្វើម៉េចឱ្យមានកិច្ចសន្យា ដើម្បីចងតម្លៃទីផ្សារ កុំឱ្យប្រែប្រួល ដែលអាចឱ្យកសិករមានភាពកក់ក្ដៅ និងអស់បារម្ភថា ដល់ខែប្រមូលផលខ្លាចឈ្មួញទម្លាក់តម្លៃ។ តែយ៉ាងណា ការដាំដុះហ្នឹង ក៏ត្រូវពិនិត្យលើគុណភាព តាមការណែនាំរបស់ក្រុមហ៊ុន ទាំងការប្រើប្រាស់ធាតុចូលកសិកម្ម និងប្រមូលផលស្របតាមបច្ចេកទេស»។ នេះជាការលើកឡើងរបស់លោក ពឹង ទ្រីដា។



ចំណែក អ្នកស្រី អ៊ិន ឡៃហួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ និងជាអនុប្រធានសមាគមស្វាយចន្ទីកម្ពុជាប្រចាំខេត្តកំពង់ធំ បានបញ្ជាក់ថា តាមរយៈកិច្ចសន្យានេះ ក្រុមហ៊ុន ថបផ្លេននីង បានទទួលទិញគ្រាប់ស្វាយចន្ទីស្រស់ចំនួន៣០តោន សម្រាប់នាំចេញទៅជប៉ុន រីឯកាំយ៉ាង (Kamya) ទទួលទិញ ៧៥តោន នាំទៅបណ្ដាប្រទេសអឺរ៉ុប។ ដោយឡែក ការកែច្នៃ ត្រូវធ្វើឡើងក្នុងសិប្បកម្មជ័យសំបូរ ខេត្តកំពង់ធំ។

បើតាមអ្នកស្រី អ៊ិន ឡៃហួត ចាប់ពីឆ្នាំ២០២១មក សិប្បកម្មជ័យសំបូរ បានកែច្នៃគ្រាប់ស្វាយចន្ទីទៅប្រទេសជប៉ុន៦លើកក្នុងទំហំ៥៤តោនរួចហើយ។ អ្នកស្រី ប្រាប់ដូច្នេះថា៖«នេះជាមុខរបរទី១ របស់ក្រុមហ៊ុនជប៉ុន ថបផ្លេននីង អ៊ីចឹង គេទើបតែចាប់ផ្ដើមសិក្សាទីផ្សារ ដូច្នេះ គេទិញតាមតម្រូវភ្ញៀវរបស់គេ។ ប៉ុន្តែ ក្នុងកុងត្រារបស់យើងកំណត់ថា មួយខែធ្វើយ៉ាងមិញនាំចេញឱ្យ៩ ទៅ១០តោន ទៅជប៉ុន»។ 

ថ្វីបើទីផ្សារមានបន្តបន្ទាប់ ប៉ុន្តែម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូររូបនេះ អះអាងថា ការប្រមូលផល និងផលិតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នាំនេះ ហាក់ពិបាកបន្តិច ដោយគ្រាប់ចន្ទីពុំសូវល្អ និងថយទិន្នផលរហូតដល់៦០ភាគរយ ដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ។ 

ជាមួយគ្នានេះ លោក អួន ស៊ីឡូត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានលើកឡើងដែរថា ការនាំចេញគ្រាប់ចន្ទីកែច្នៃទៅជប៉ុន គឺទាមទារឱ្យមានវិញ្ញាបនបត្របញ្ជាក់ពីសុវត្ថិភាពចំណីអាហារ។ មកដល់ពេលនេះ មានតែសិប្បកម្ម ជ័យសំបូរមួយប៉ុណ្ណោះ ដែលទទួលត្រូវបានគេទទួល និងកែច្នៃនាំចេញទៅបរទេស។

បច្ចុប្បន្ន ខេត្តព្រះវិហារ មានផ្ទៃដីដុះស្វាយចន្ទីជាង១ម៉ឺនហិកតា និងអាចផលិតគ្រាប់ស្វាយចន្ទីជាង១ម៉ឺនតោន នាំទៅវៀតណាម ថៃ ចិន និងបណ្ដាប្រទេសមួយចំនួនទៀត។ មិនតែប៉ុណ្ណោះ ខេត្តព្រះវិហារ ក៏មានក្រុមហ៊ុនកែច្នៃមានលទ្ធភាពនាំចេញក្រៅប្រទេសចំនួនមួយ និងសិប្បកម្មខ្នាតតូចចំនួន៣។ នេះជាការបញ្ជាក់ពីលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ៕
 

ព័ត៌មានទាក់ទង