សហស្ថាបនិកក្រមួន៖ យុវជន ត្រូវមានជំនាញ និងបទពិសោធច្បាស់លាស់ មុនបើកអាជីវកម្មផ្ទាល់ខ្លួន

23/08/2022 11:00 am ភ្នំពេញ

ដោយ៖ ស៊ុល រ៉វី 

ក្រមួន(Kramuon) ជាអាជីវកម្មមួយផ្តោតទៅលើសិល្បៈរចនារូបភាពមួយកន្លែងនៅរាជធានីភ្នំពេញ ដែលដំណើរការបានរយៈពេល៤ឆ្នាំមកហើយ។ ឆ្លងកាត់បទពិសោធន៍ការងារក្នុងប៉ុន្មានឆ្នាំនេះ លោក ដារ៉ូ សហស្ថាបនិក «ក្រមួន» យល់ឃើញថា ការចាប់ផ្ដើមអាជីវកម្មមួយ គឺត្រូវមានចំណេះដឹង ជំនាញ និងបទពិសោធ មុនដើរតាមក្ដីស្រមៃដើម្បីបើកអាជីវកម្មផ្ទាល់ខ្លួន។

 

«ក្រមួន kramuon» studio ជាអាជីវកម្មមួយដែលបម្រើការលើសេវាកម្មរចនារូបភាពផ្សេងៗ ទាំងរូបបែពDigital និង រូបភាពពិត, គំនូរជីវចល, Art print, Post Card, រចនារូបភាពលើអាវយឺត, កាបូប និង Comic Book ជាដើម។ ពោលគឺអាជីវកម្មមួយនេះផ្ដោត សិល្បៈគំនូរ និងរចនាក្រាភិច (illustration និង graphic design។ ភាពចង់ជាម្ចាស់ការលើអាជីវកម្មរបស់ខ្លួនឯង រួមផ្សំនឹងបទពិសោធន៍ក្នុងរយៈពេល៦ឆ្នាំផងនោះ បានជំរុញចិត្ត លោក សំ ដារ៉ូ និងមិត្តភក្តិរបស់ខ្លួន២នាក់ សម្រេចបើកអាជីវកម្មនេះឡើងនាអំឡុងឆ្នាំ២០១៨។
 
ដារ៉ា ដែលជាសហស្ថាបនិកក្រមួនបាននិយាយដូច្នេះ៖ «ពេលដំបូងដែលខ្ញុំចង់បង្កើតក្រុមហ្នឹង! ខ្ញុំនិយាយជាមួយក្រុមថា ខ្ញុំធ្វើឱ្យក្រុមហ៊ុនច្រើនឆ្នាំហើយ។ វាអត់មានអ្វីចេញពីខ្លួនឯង។ អ៊ីចឹងទៅ! ខ្ញុំចង់ធ្វើការដែលខ្ញុំពេញចិត្ត និងចេញពីគំនិតខ្ញុំ»។   ការចាប់ផ្ដើមដំណើរការនូវធុរកិច្ចថ្មីនេះឡើង ក៏មិនងាយស្រួលប៉ុន្មានឡើយ សម្រាប់ដារ៉ា ព្រោះត្រូវទទួលបន្ទុកគ្រប់បែបយ៉ាង ដោយខ្លួនឯង ពិសេសត្រូវគិតគូរច្រើនអំពីចំណូល-ចំណាយ និងធ្វើយ៉ាងណាឱ្យអាជីវកម្មដំណើរការដោយរលូន។ ចំណុចនេះគឺលក្ខណៈទាំងស្រុង ដែល ដារ៉ា ធ្វើការងារឱ្យគេ ហើយបើកប្រាក់ខែ។

«និយាយទៅយើងធ្វើការឱ្យគេ គឺវាស្រួល។ ស្រួលត្រង់ថា រឿងការដំណើរអាជីវកម្ម (Run Business)ដោយរបៀបម៉េច ខាងចំណូលខាងចំណាយ គេ[ថៅកែជាអ្នក]រ៉ាប់រង ហើយយើងចាំស៊ីប្រាក់ខែតែប៉ុណ្ណោះ។ ប៉ុន្តែ យើងធ្វើ[អាជីវកម្ម]ដោយខ្លួនឯង យើងត្រូវរ៉ាប់រងរឿងទាំងហ្នឹងខ្លួនឯងទាំងអស់»។ នេះជាការរៀបរាប់របស់ ដារ៉ា ជាអតីតនិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញបត្រលើជំនាញរចនារូបភាពពីសាកលវិទ្យាល័យមួយកន្លែងនៅរាជភ្នំពេញ។ 

ក្រៅពីផលវិបាកនៃការគ្រប់គ្រងអាជីវកម្ម ដើម្បីឱ្យមានស្ថិរភាព ទាំងផ្នែកគ្រប់គ្រង ផ្នែកហិរញ្ញវត្ថុ ហើយនោះ ការជ្រៀតចូលទីផ្សារ ក៏ជាផលវិបាកសម្រាប់យុវជនមួយក្រុមនេះ ផងដែរ ។  លោក សំ ដារ៉ា បានបញ្ជាក់យ៉ាងដូច្នេះ៖ «យើងពិបាកបញ្ជ្រាបឈ្មោះឱ្យគេដឹង ព្រោះយើងជាធុរកិច្ចថ្មី(Startup) ដើម្បីឱ្យគេស្គាល់ថាហាងយើងធ្វើអីខ្លះ? គឺយើងត្រូវផ្សព្វផ្សាយ(Promote)ខ្លួនឯង។ យើងទទួលគម្រោង(Project) ខ្លះមិនសូវបានលុយប៉ុន្មានទេ ប៉ុន្តែវាអាចជួយឈ្មោះឱ្យកាន់តែស្គាល់ឬដឹង[Reach] ទៅកាន់ក្រុមហ៊ុនផ្សេងទៀត»។ 

រយៈពេលជាង៤ឆ្នាំនៃដំណើរការអាជីវកម្មមួយនេះ លោក សំ ដារ៉ូ យល់ឃើញថា ជំនាញ បទពិសោធន៍ការងារ ចំណេះដឹង និងការដើរតាមក្ដីស្រមៃ ជាទឡ្ហីករណ៍សំខាន់មួយ ដែលយុវជនត្រូវមាន មុននឹងដំណើរការអាជីវកម្មខ្លួនឯង។ យុវជនវ័យ៣០ឆ្នាំរូបនេះ បានចែករំលែកបទពិសោធន៍របស់ខ្លួនទៅកាន់យុវជននានាដែលចង់បង្កើតធុរកិច្ចថ្មី ឬអាជីវកម្មដោយខ្លួនឯង ថា៖ «សម្រាប់ខ្ញុំ ការចាប់ផ្ដើមអាជីវកម្មដំបូង គួរតែគិតលើក្ដីស្រមៃ  ហើយសម្រេចបង្កើតពីវាពីតូចទៅធំ ដោយកុំរុញខ្លួនឯងធ្វើដើម្បីតែលុយ»។

សម្រាប់ថ្ងៃអនាគត«ក្រមួន» នឹងបញ្ចេញស្នាដៃ Comic Book «NAKRAK» ភាគទីពីរ បន្ទាប់ពីជោគជ័យចេញភាគមួយ នាពេលកន្លងមក។ បើតាម លោក សំ ដារ៉ូ គម្រោងអនាគតធំមួយទៀតរបស់ «ក្រមួន» គឺការបង្កើតរឿងគំនូរជីវចល ផ្ទាល់ខ្លួនមួយផងដែរ៕

 

ព័ត៌មានទាក់ទង