ផ្លែឈើព្រៃ៧ប្រភេទ កំពុងផ្ដល់ផល ក្នុងព្រៃសង្ឃសហគមន៍រុក្ខាវ័ន​

03/11/2022 12:00 pm ឧត្តរមានជ័យ

ដោយ៖ ប៉ូ សុភា 

ឧត្តរមានជ័យ៖ ព្រៃសង្ឃសហគន៍រុក្ខាវ័ន សម្បូរទៅដោយឈើប្រណីត ជាពិសេស មានរុក្ខជាតិព្រៃហូបផ្លែជាច្រើន ដែលផ្ដល់ជាអាហារដល់សត្វ និងមនុស្សអាស្រ័យផល។ អំឡុងខែកក្កដា ដល់ខែសីហានេះ នៅក្នុងព្រៃសង្ឃរុក្ខាវ័ន កំពុងដល់រដូវ មានដូចជា ផ្លែកំប្រុងប្រូត ដង្កោ  អួល តឡាន់ សម៉ ពង្រ  ត្រយឹង។


  

ផ្លែកំប្រុងប្រូត៖ នេះជាឈ្មោះផ្លែឈើព្រៃ ដែលពលរដ្ឋនៅក្នុងខេត្តឧត្តរមានជ័យហៅ។ ផ្លែឈើព្រៃនេះ មានរសជាតិជូរ ដូចនឹងផ្លែដង្កៀបក្ដាម ប៉ុន្ដែផ្លែនេះ មានសណ្ឋានខុសគ្នា។ ផ្លែនេះ មានរាងមូល ពណ៌ក្រហមក្រមៅពេលទុំ។ ផ្លែកំប្រុងប្រូត មានផ្លែចន្លោះខែមិថុនា ដល់ខែកក្កដាជារៀងរាល់ឆ្នាំ។


ផ្លែកំប្រុងប្រូត

ផ្លែដង្កោ៖ ផ្លែដង្កោ មានរាង​មូល​ៗ​ ទុំពណ៌ក្រហមប្រាក និងមានរសជាតិ​ចត់។ គេអាច ​យកផ្លែឈើនេះ ប្រើ​ជា​គ្រឿង​ជ្រលក់ ឬ​យក​មក​កែ​ផ្សំ​ធ្វើ​ជា​អាហារ​ក៏​បាន។


ផ្លែដង្កោ

ផ្លែអួល៖ ផ្លែព្រៃប្រភេទនេះក៏មាននៅក្នុងសហគមន៍ព្រៃសង្ឃសហគមន៍រុក្ខាវ័នដែរ។ ផ្លែអួល កម្រមានអ្នកស្គាល់ណាស់ លុះត្រាអ្នកដែលធ្លាប់ដើរព្រៃ ឬអ្នកដែលធ្លាប់បរិភោគនៅក្នុងព្រៃប៉ុណ្ណោះទើបស្គាល់។ វាមាន រសជាតិចត់ និងបរិភោគបានផ្នែកក្នុង ជាមួយអំបិលម្ទេស។


ផ្លែអួល

ផ្លែតឡាន់ ៖ ផ្លែប្រភេទនេះ គេមិនបរិភោគសម្បកខាងក្រៅ ឬគ្រាប់ឡើយ។ ប៉ុន្ដែគេបរិភោគសាច់ខាងក្នុងគ្រាប់របស់វា។ សណ្ឋាននៃផ្លែឈើប្រភេទនេះ រឹងខ្លាំងប្រសិនបើចង់បរិភោគ គេត្រូវយកកាំបិត ​ឬពូថៅពុះបំបែក ដើម្បីអាចខ្វេះផ្នែកខាងក្នុងនៃគ្រាប់មកបរិភោគ។ ផ្លែប្រភេទនេះអ្នកដើរព្រៃមិនសូវបរិភោគទេ ដោយសារវាពិបាកបំបែក និងអាចបរិភោគបានតិចតួចបំផុត បើធៀបហ្នឹងផ្លែឈើព្រៃដទៃទៀត។


ផ្លែតឡាន់

ផ្លៃសម៉៖ ផ្លែឈើនេះ មាន​រសជាតិ​ល្វីង អាចប្រើ​ជា​ថ្នាំ​បញ្ចុះ ​ឬ​ប្រើ​បរិភោគ​ផ្ទាប់​នឹង​ផ្អក​ត្រី​ប្រៃ​ជាដើម​ក៏​បាន។ នាពេលបច្ចុប្បន្ន វាត្រូវបានគេយកហូបជាមួយ អំបិលដូចជាផ្លែកន្ទួតព្រៃដែរ។នេះបើតាមវចនានុក្រមខ្មែរ សម្ដេច ជួន ណាត។  ផ្លែសម៉សម្បូរគួរសមនៅក្នុងព្រៃមួយចំនួននៅក្នុងប្រទេសកម្ពុជា។ ប៉ុន្ដែផ្លែឈើព្រៃប្រភេទនេះ​ យុវជនភាគច្រើនកម្រស្គាល់ និងដឹងពីអត្តប្រយោជន៍របស់វាណាស់។ 


ផ្លៃសម៉

 
ផ្លែពង្រ៖
ផ្លែពង្រ ក៏ជាផ្លែឈើមួយប្រភេទ កំពុងដល់រដូវក្នុងព្រៃសង្ឃសហគមន៍រុក្ខាវ័នដែរ ។ រសជាតិរបស់ផ្លែឈើប្រភេទនេះ មានជូរ អាចជ្រលក់ជាមួយអំបិលបាន និងមានខ្លះមានរសជាតិផ្អែម។ 


ផ្លែពង្រ

ផ្លែត្រយឹង៖  ជាផ្លែឈើព្រៃមួយប្រភេទដែលមានរាងមូលៗ មានសម្បកខាងក្រៅពណ៌ខៀវចាស់  ឯសាច់ខាងក្នុងមានពណ៌ស។ ពេលទុំ វា មានក្លឹនក្រអូបប្រហើរ និងទន់ៗ ផ្អែមស្រាល។ រសជាតិ របស់វាប្រហែលនឹងរសជាតិត្របែកពេលទុំ  ចំណែកឯគ្រាប់ប្រហែលនឹងគ្រាប់ល្មុត៕ 


ផ្លែត្រយឹង
  
 
 

 

ព័ត៌មានទាក់ទង