ក្រុមហ៊ុនមកពីកាណាដា កំពុងសិក្សាលទ្ធភាពបូមប្រេងនៅសល់ជិត២០ម៉ឺនបារ៉ែលទៀត ពីប្លុកA 

11/08/2022 9:00 am ភ្នំពេញ

ដោយ៖ អ៊ូ សុខមាន

ប្រេងនៅតំបន់អប្សរានៃប្លុក A គឺនៅសល់ជិត២០ម៉ឺនបារ៉ែលទៀត ដែលបច្ចុប្បន្នក្រុមហ៊ុនមកពីប្រទេសកាណាដា កំពុងសិក្សាលទ្ធភាពនិងវិនិយោគលើវិស័យបូមប្រេងនៅប្លុកនេះ បន្តពីក្រុមហ៊ុន KrisEnergy ដែលបានក្ស័យធន។  លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា ប្រេងរបស់កម្ពុជាដែលក្រុមហ៊ុន KrisEnergy បូមបានជិត៣០ម៉ឺនបារ៉ែលពីប្លុកAកន្លងមកនេះ គឺស្មើនឹងពាក់កណ្តាលនៃធនធានប្រេង ដែលមាននៅក្នុងអណ្តូងទាំង៥នៃប្លុកនេះ។



បច្ចុប្បន្ន ក្រុមហ៊ុន Enercam Resource Co. ltd របស់ប្រទេសកាណាដា កំពុងសិក្សាលទ្ធភាពវិនិយោគក្នុងការបូមប្រេង ដែលនៅសល់ជិត២០ម៉ឺនបារ៉ែលទៀតពីប្លុកA បន្តពីក្រុមហ៊ុន KrisEnergy ដែលបូមប្រេងបានចំនួន ២៩០ ២៥៤បារ៉ែល។ លោក ម៉េង សក្តិធារ៉ា ថ្លែងបែបនេះក្នុងនៅក្នុងសន្និសីទកាសែតស្តីពី«សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំរបស់ក្រសួងរ៉ែ និងថាមពល» នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលព្រឹកថ្ងៃទី៩សីហា។ 

រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលរូបនេះនិយាយដូច្នេះ៖ «យើងនៅសល់ប្រេងជិត២០ម៉ឺនបារ៉ែលទៀត ដែលត្រូវបូមយកបន្តមកទៀត[...]។ ឥឡូវនេះ ក្រុមការងារក្រសួងរ៉ែ ជាមួយនឹងក្រុមហ៊ុន Enercam កំពុងសិក្សារួមគ្នាដើម្បីចាប់ផ្តើមដំណើរការបូមប្រេងពីប្លុកAនេះឡើងវិញ ក្នុងពេលឆាប់ៗនេះ»។ 

លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ។ រូបថត៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

បើតាមលោក ម៉េង សក្តិធារ៉ា ប្រេងនៅប្លុកAនេះ គឺមានសក្កានុពលធំណាស់ ដោយសារធនធានប្រេងនៅប្លុកនេះ គឺមានលក្ខណៈពាណិជ្ជកម្ម ហើយត្រូវបានបញ្ជាក់ពីក្រុមហ៊ុនអន្តរជាតិរួចមកហើយ។ កន្លងមក ក្រមហ៊ុន KrisEnergy របស់ប្រទេសសិង្ហបុរី និងក្រុមហ៊ុន Chevron របស់សហរដ្ឋអាម៉េរិក បានចំណាយទុនអស់ជិត២០០លានដុល្លារ ក្នុងការសិក្សាស្រាវជ្រាវអំពីប្រេងទាំង៥អណ្តូងនៅប្លុក A នេះ ។  នេះជាការបញ្ជាក់បន្ថែមរបស់លោក សក្តិធារ៉ា។

សូមរម្លឹកថា ផលិតប្រេងកាតលើកដំបូង និងជាប្រវត្តិសាស្ត្ររបស់កម្ពុជា ត្រូវបានដំណើរការ ដោយក្រុមហ៊ុន KrisEnergy នៅតំបន់អប្សរានៃប្លុកA កាលពីថ្ងៃទី២៩ ធ្នូ ឆ្នាំ២០២០។ មកទល់ខែឧសភា ឆ្នាំ២០២១ ក្រុមហ៊ុននេះ បូមប្រេងពីប្លុកA បានជិត៣០ម៉ឺនបារ៉ែល។

បន្ទាប់មកក្រុមហ៊ុនអន្តរជាតិមួយនេះ បានប្រកាសក្ស័យធន នាអំឡុងខែមិថុនា ឆ្នាំ២០២១ ព្រោះតែជួបនឹងវិបត្តិហិរញ្ញវត្ថុ ហើយប្រេងទាំងជិត៣០ម៉ឺនបារ៉ែលរបស់កម្ពុជានោះ ត្រូវបានម្ចាស់កប៉ាល់ MT Strovolos ដែលម្ចាស់បំណុលក្រុមហ៊ុន KrisEnergyលួចដឹកចេញពីកម្ពុជា។ 

បច្ចុប្បន្ន ប្រេងឆៅរបស់កម្ពុជាទាំងជិត៣០ម៉ឺនបារ៉ែលដែលម្ចាស់កប៉ាល់ MT Strovolos  បានលួចនោះក្រសួងរ៉ែ និងថាមពល កំពុងប្តឹង និងចរចាតាមច្បាប់ផ្លូវ ដើម្បីទាមទារយកមក វិញ។ បើតាម លោក ម៉េង សក្តិធារ៉ា ការចរចាជាមួយម្ចាស់កប៉ាល់ MT Strovolos រំពឹងចុះកិច្ចព្រមព្រៀងជាមួយគ្នានៅដំណាច់ខែកញ្ញា ឆ្នាំ២០២២។ លោក អះអាងថា កម្ពុជានឹងបានប្រយោជន៍ ៧០ភាគរយនៃតម្លៃប្រេងឆៅសរុបទាំងជិត៣០ម៉ឺនបារ៉ែលនេះ៕ 



 

ព័ត៌មានទាក់ទង