ទោះពិការភាព អ្នកស្រី ចយ សុខា តស៊ូលក់ផ្លែឈើចិញ្ចឹមកូន តាំងចិត្តមិនសុំទានគេ

17/07/2022 3:00 pm សៀមរាប


ដោយ៖ សុង សុធាវី

សៀមរាប៖ តាំងពីបាត់បង់ការងារជាអ្នកលក់សំបុត្រក្នុងវិស័យទេសចរណ៍ ជិត៣ឆ្នាំមក អ្នកស្រី ចយ សុខា បានងាកមកលក់ផ្លែឈើតាមម៉ូតូនៅសៀមរាប ទាំងមានពិការភាពជាប់ខ្លួនពីកំណើត។  ទោះមានជីវភាពលំបាក ស្រ្តីមេម៉ាយរូបនេះ ប្ដេជ្ញារកស៊ីដោយកម្លាំងខ្លួន ចិញ្ចឹមកូន ដោយមិនផ្ដេកផ្ដួលលើកដៃសុំទានគេឡើយ។

 

ជិះម៉ូតូកង់បួន ដែលជាម៉ូតូកែច្នៃសម្រាប់ជនពិការជើង មានផ្លែឈើពីរបីមុខ ដូចបំពេញរាជ្យ ផ្ញៀវ និងមៀន ដាក់ក្នុងកញ្ច្រែង ផ្នែកខាងក្រោយម៉ូតូ។ អ្នកស្រី សុខា ត្រូវជិះម៉ូតូដើរលក់ផ្លែឈើ នៅតំបន់រមណីយដ្ឋានអង្គរ។ អ្នកស្រីលក់ ផ្លែឈើ បានប្រហែល២០គីឡូក្រាមក្នុងមួយថ្ងៃ ។ 



ស្រ្តីវ័យ៤៩ឆ្នាំរូបនេះ ប្រឹងលក់ទាំងឈឺទាំងជា ព្រោះតែជីវភាព និងត្រូវមានកាតព្វកិច្ចចិញ្ចឹមបីបាច់កូនប្រុសតែមួយ ដែលកំពុងរៀនថ្នាក់ទី៦។ ស្រ្តីមេម៉ាយកូនមួយរូបនេះ មិនហ៊ានរំពឹងថាអាចផ្តល់អនាគតល្អ សម្រាប់កូនប្រុសតែម្នាក់នោះទេ ដ្បិតតែជីវភាពលំបាក និងមានពិការភាពជាប់ខ្លួនផង។



អ្នកស្រី សុខា រៀបរាប់ដូច្នេះ៖  «តាំងពីបាត់ចំណូលទាំងស្រុងមក ខ្ញុំត្រូវរ៉ាប់រងច្រើន ទី១សំខាន់យើងត្រូវចំណាយបង់ធនាគារ ៣០ ម៉ឺនរៀលជារៀងរាល់ខែ។ ណាសម្រាប់ចំណាយហូបចុកពីរនាក់កូន ១ម៉ឺនរៀលយ៉ាងច្រើនក្នុងមួយថ្ងៃ ថ្ងៃខ្លះលក់មិនដាច់  ភ្លៀងខ្លាំង យើងត្រូវហូបអំបិល ប្រហុក ដែលមានស្រាប់ ព្រោះត្រូវទុកប្រាក់១០ម៉ឺនរៀលសម្រាប់ធ្វើដើមទុនប្រចាំថ្ងៃ មិនអាចចេះតែដកចាយផ្តេសផ្តាស់បានទេ។ ពេលខ្លះឈឺ វាពិតជាពិបាកមែនទែន»។



ថ្វីដ្បិតជីវិតលំបាកដោយត្រូវដោះបំណុលផង ត្រូវរកចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារទាំងពិការភាពផង  តែយ៉ាងណាអ្នកស្រី សុខា តាំងចិត្តប្រឹងរកលុយដោយកម្លាំងញើសឈាមខ្លួន មិនសុំទានគេឡើយ។ « រាល់ថ្ងៃពិបាកណាស់ហើយ ពេលខ្លះតូចចិត្តនឹងវាសនា ក៏ដាច់ចិត្តអង្គុយយំ តែតាំងចិត្តថាមិនសុំទានគេទេ ព្រោះវាមិនមានតម្លៃរស់នៅ»។ នេះជាការអះអាងរបស់អ្នកស្រី សុខា៕ 


 

ព័ត៌មានទាក់ទង