ទំនិញខូចគុណភាពជាង៤តោន ត្រូវបានមន្ត្រីបំផ្លាញចោល 

30/03/2022 11:00 am ភ្នំពេញ

ដោយ៖ ស៊ុល រ៉វី 

ភ្នំពេញ៖ ទំនិញខូចគុណភាពជាង ៤តោន ត្រូវបានមន្ត្រី នៃអគ្គនាយកដ្ឋានការពារ អ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) រាជធានីភ្នំពេញ បានរឹបអូស និងបំផ្លាញចោល។ បើតាម ក.ប.ប ទំនិញដែលបំផ្លាញទាំងនោះ ជាទំនិញខូចគុណភាព ហួសកាលកំណត់ប្រើប្រាស់ និងរំលោភបំពានសិទ្ធិផ្ដាច់មុខជាដើម។

 

មន្ត្រី នៃអគ្គនាយកដ្ឋានការពារ អ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) សាខារាជធានីភ្នំពេញ នៅថ្ងៃទី២៩មីនា ម្សិលមិញនេះ បានបំផ្លាញចោលនូវទំនិញចម្រុះខូចគុណភាព ដែលជាផលិតផលម្ហូបអាហារ ភេសជ្ជៈ និង ស្រាសមានផ្ទុកសារធាតុមេតាណុល ចំនួន៦១០គីឡូក្រាម និង ៣ ៥៤០លីត្រ។ បើតាមហ្វេសប៊ុក ក.ប.ប ទំនិញជាង៤តោនខាងលើនេះ ត្រូវបានមន្ត្រីដកហូតតាមបណ្ដា​ចែកចាយ និងទីផ្សារនានា ដែលជាទំនិញខូចគុណភាព ហួសកាលបរិច្ឆេទកំណត់ និងរំលោភបំពានសិទ្ធផ្ដាច់មុខជាដើម។ 

នៅថ្ងៃដដែលនោះ មន្ត្រី ក.ប.ប សាខារាជធានីភ្នំពេញ រួមនឹងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានត្រួតពិនិត្យទំនិញប្រភេទសាច់បង្កក ក្នុងឃ្លាំង និងមធ្យោបាយដឹកជញ្ជូន ដោយបានរកឃើញទំនិញទាំងនោះ មិនមានអនុលោមតាមបទដ្ឋានគតិយុត្ត។ បន្ទាប់ពីរកឃើញ មន្ត្រី ក.ប.ប បានឃាត់ទុក និងផ្អាកសកម្មភាពអាជីវកម្មបណ្ដោះអាសន្ន៕ 

ព័ត៌មានទាក់ទង