ហូល ផាមួងខ្មែរ របស់សហគមន៍ស្រ្តីនៅបាត់ដំបង កាន់តែមិនសូវមានអ្នកគាំទ្រ

01/03/2022 11:00 am បាត់ដំបង

អត្តបទ៖ ញ៉ែម ចាន់

បាត់ដំបង៖ សហគមន៍ស្រ្តីនៃអង្គការកុមារឥតព្រំដែន ផលិតហូល ផាមួង កាបូប និងវត្ថុអនុស្សាវរីយ៍ ជាច្រើនប្រភេទ។ ប៉ុន្តែកូវីដ-១៩ រយៈពេលជាង២ឆ្នាំនេះ ធ្វើឱ្យផលិតផលរបស់ក្រុមស្ត្រីក្នុងសហគមន៍ មិនសូវមានទីផ្សារឡើយ។ សហគមន៍នេះ ស្ថិតនៅភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។



សូមទស្សនាវីដេអូបទសម្ភាសរវាង លោក ញ៉ែម ចាន់ និងកញ្ញា ហ៊ី វណ្ណារី ដូចខាងក្រោម៖ 


កញ្ញា ហ៊ី វណ្ណារី ប្រធានក្រុមអ្នកសម្របសម្រួលស្រ្តីផលិត ហូល ផាមួង កាបូប និងវត្ថុអនុស្សាវរីយ៍ បានប្រាប់សារព័ត៌មានថ្មីៗ២៥ប្រចាំខេត្តបាត់ដំបងថា បច្ចុប្បន្ននេះ មានស្រ្តី ១២នាក់ កំពុងផលិតសម្ភារៈទាំងនេះ ។ ស្រ្តី ៦នាក់ ជាអ្នកត្បាញ និង ៦នាក់ទៀត ជាជាងដេរ។ កញ្ញាបន្តថា ការផលិតហូល ផាមួង នីមួយៗ ត្រូវឆ្លងកាត់តំណាក់កាលជាច្រើន ដូចជាស្ងោរ និងជ្រលក់ជាមួយល័ក្ដខ្មែរច្រើនដង។ ក្រោយមក គេយកវា មកត្បាញម្តងមួយសរសៃៗ ទម្រាំបានហូលមួយប្រើពេលច្រើនថ្ងៃ ។  ក្រៅពីនេះ កញ្ញា វណ្ណារី ថាក្រុមស្រ្តីក៏ ផលិត កាបូប កន្សែង និងសម្ភារៈវត្ថុអនុស្សាវរីយ៍ជាច្រើន។


ចំពោះទីផ្សារ កញ្ញា វណ្ណារី អះអាងថា អតិថិជនបរទេស គាំទ្រច្រើនមុនពេលកូវីដ-១៩។ ប៉ុន្តែរយៈពេល២ឆ្នាំនេះ សហគមន៍ លក់សម្ភារៈរបស់ខ្លួនបានតិចជាងមុន។ កញ្ញាតែងតែយកផលិតផលទាំងនេះតាំងពិព័រណ៍ ដែលរៀបចំដោយ មន្ទីរពាណិជ្ជកម្មខេត្ត ។ ហូលផាមួង មួយមានតម្លៃ ៧៥ដុល្លារ។ កន្សែង មានតម្លៃ ៣ដុល្លារ។  បើទោះបី ហូលផាមួង មានតម្លៃរាងខ្ពស់បន្តិច ប៉ុន្តែកញ្ញា វណ្ណារី សូមឱ្យពលរដ្ឋខ្មែរ គាំទ្រសម្ភារៈធ្វើដោយដៃ របស់ក្រុមស្រ្តីសហគមន៍៕ 


 

ព័ត៌មានទាក់ទង