សម្ដេច ហ៊ុន សែន៖ មិនមែនលោកឯងដឹកនាំក្រសួងកសិកម្មមួយ ហើយត្រួតត្រាសេដ្ឋកិច្ចខ្មែរទាំងមូលឯណា

23/02/2022 5:30 pm ភ្នំពេញ

ដោយ៖ សែម វណ្ណា 

សម្ដេច ហ៊ុន សែន បានខឹងលោក វេង សាខុន រដ្ឋមន្រ្តីកសិកម្មយ៉ាងខ្លាំង ក្រោយលោក វេង សាខុន ក្រោកឆ្លើយជាមួយនាយករដ្ឋមន្រ្តី រឿងសាច់ជ្រូកឡើងថ្លៃ ក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ។



សម្តេច ហ៊ុន សែន ព្រមានរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យចេះសហការជាមួយរដ្ឋមន្រ្តីដទៃ ករណីជ្រូកឡើងថ្លៃ។  សម្ដេច ហ៊ុន សែន បានដាស់តឿនឯកឧត្តម លោកជំទាវ ធ្វើការឱ្យចប់អាណត្តិផងដែរ ដោយសង្កត់ធ្ងន់ថា ដករដ្ឋមន្រ្តីជារឿងលឿនបំផុត។ 

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ បានព្រមានលោក វេង សាខុន រឿងដេញថ្លៃសាច់ជ្រូក ករណីលោកមិនសហការជាមួយក្រសួងដទៃទៀត។ សម្ដេច ហ៊ុន សែន ខឹងលោក វេង សាខុន ឆ្លើយឆ្លងតាមលិខិតជាមួយក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមិនព្រមជួបពិក្សាគ្នា។ 

សម្ដេច ហ៊ុន សែន សង្កត់ធ្ងន់ដូច្នេះ៖ «មើល ខុន ឯង បង្កើនកិច្ចសហការតិចមើល! ក្នុងចំណោមរដ្ឋមន្រ្តី រដ្ឋមន្រ្តីដែលមិនសូវសហការ ជាមួយរដ្ឋមន្រ្តីដទៃ គឺរដ្ឋមន្រ្តីកសិកម្មហ្នឹង។ រដ្ឋមន្រ្តីកសិកម្ម អត់សូវសហការជាមួយរដ្ឋមន្រ្តីណាទាំងអស់»។ 

ករណីសាច់ជ្រូកឡើងថ្លៃ សម្ដេច ហ៊ុន សែន បានយល់ព្រម និងចេញចំណារឱ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្កើតគណៈកម្មការរៀបចំដេញថ្លៃនាំចូលជ្រូកមកកម្ពុជា ដោយពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម ខណៈដែលលោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម មិនយល់ព្រមលើករណីនេះ។

សម្ដេច​ ហ៊ុន​ សែន បានសង្កត់ចំណុចដដែលថា៖ «មើលលោកឯងសហការតិចមើល! មិនមែនលោកឯងដឹកនាំក្រសួងកសិកម្ម ហើយត្រួតត្រាសេដ្ឋកិច្ចខ្មែរទាំងមូលឯណា!»។ 

បើតាម សម្ដេច ហ៊ុន សែន រដ្ឋមន្រ្តីកសិកម្ម គួរពិចារណានាំជ្រូកចូល ដើម្បីការពារសាច់ជ្រូកឡើងថ្លៃ។ កន្លងមក រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក៏បានផ្ដល់យោបល់ឱ្យមានការដេញថ្លៃនាំជ្រូកចូលបន្ថែម ប៉ុន្តែ លោក វេង សាខុន អះអាងថា ការដាក់ចេញនូវគោលការណ៍គ្រប់គ្រងការនាំចូលជ្រូករស់ពីបរទេសដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកតាំងថ្ងៃទី១ធ្នូ ឆ្នាំ២០២០មក ក្នុងគោលដៅទប់ស្កាត់ជំងឺឆ្លងដែនសត្វ ពិសេសជំងឺបេស្តជ្រូកអាហ្វ្រិកមកបំផ្លាញសេដ្ឋកិច្ចជាតិ និងទប់ស្កាត់ការនាំចូលជ្រូករស់លើសពីតម្រូវការមកបំផ្លាញដល់អ្នកចិញ្ចឹមក្នុងស្រុក និងធានាស្ថេរភាពតម្លៃជ្រូករស់នៅលើទីផ្សារ៕ 






 

ព័ត៌មានទាក់ទង