ទិវាវប្បធម៌ជាតិ៣មីនាឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដូចឆ្នាំមុនៗ

23/02/2022 12:30 pm ភ្នំពេញ

ដោយ៖ ស៊ុល រ៉វី 

រដ្ឋាភិបាល សម្រេចយកប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នាទិវាវប្បធម៌៣មីនា លើកទី២៤ ឆ្នាំ២០២២។  ទិវាវប្បធម៌នេះ ជាទិវាសំខាន់របស់ជាតិមួយ ដែលកម្ពុជាតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងរម្លឹកដល់គុណុបការៈ និងស្នាដៃធំធេងរបស់បុព្វបុរស ដែលបានបន្សល់ទុកនូវមរតកវប្បធម៌ ដ៏សម្បូរបែបសម្រាប់អ្នកជំនាន់ក្រោយ។

  

សម្ដេច ហ៊ុន សែន បានកំណត់យកប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» សម្រាប់មហាជន ជាពិសេសយុវជនចូលរួមកាន់តែសកម្មក្នុងការថែរក្សា និងការពារមរតកវប្បធម៌ជាតិ។ យុវជន ត្រូវទទួលយកចំណេះដឹង ជំនាញ បច្ចេកទេស សិល្បៈវប្បធម៌ ក្នុងន័យជំរុញការអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ ជាមួយនឹងវប្បធម៌ចម្រុះសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា ឱ្យមានស្ថេរភាព។ 

«យុវជនដើម្បីវប្បធម៌ជាតិ» ជំរុញឱ្យមានការចូលរួមទទួលខុសត្រូវរបស់យុវជន ក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ ដោយមិនប្រកាន់នូវនិន្នាការនយោបាយ ជំនឿ សាសនា និងពណ៌សម្បុរ។ យុវជនទាំងអស់ ចូលរួមក្នុងការសិក្សាស្រាវជ្រាវ ចងក្រងជាឯកសារ បេតិកភណ្ឌវប្បធម៌ក្នុងមូលដ្ឋានខ្លួន និងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ។ 

«យុវជនដើម្បីវប្បធម៌ជាតិ» បង្កើនការយល់ដឹងអំពីតម្លៃនៃវប្បធម៌ជាតិ និងភាពសម្បូរបែបនៃបេតិកភណ្ឌវប្បធម៌ ក្នុងការបង្កើតការងារ និងកាលានុវត្តភាពសម្រាប់ទាញយកប្រាប់ចំណូល តាមរយៈការបង្កើនសេវា និងផលិតផលវប្បធម៌ ក្នុងគោលដៅទេសចរណ៍ និងពាណិជ្ជកម្ម។ យុវជន ខិតខំបង្កើតស្នាដៃវប្បធម៌ថ្មីៗ ឱ្យកាន់តែមានភាពច្នៃប្រឌិត ផ្អែកលើមូលដ្ឋាននៃអត្តសញ្ញាណជាតិ ក្នុងគោលបំណងលើកស្ទួយការប្រើប្រាស់សក្ដានុពលវប្បធម៌ និងកាត់បន្ថយភាពក្រីក្រ។ 

សារាចរដដែលនេះ ក៏បានណែនាំឱ្យក្រសួង ស្ថាប័ន អាជ្ញាធរដែនដី សហគ្រាសរដ្ឋ និងឯកជន ព្រមទាំងលំនៅដ្ឋានទាំងអស់ ត្រូវលើកទង់ជាតិ និងទង់ជ្វាលា ចងពាក្យស្លោក និងបិទប័ណ្ណប្រកាស នៅតាមដងផ្លូវ និងទីលានសាធារណៈជាដើម ព្រមៗគ្នានៅថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២២។ 

ជាមួយគ្នានេះក្រសួង ស្ថាប័នដែលពាក់ព័ន្ធ ត្រូវរៀបចំ និងផ្សព្វផ្សាយពីខ្លឹមសារនៃទីវាវប្បធម៌ជាតិ៣មិនានេះ ឱ្យបានទូលំទូលាយ ដល់សាធារណៈជន និងអនុវត្តតាមគន្លងប្រក្រតីភាពថ្មីផងដែរ៕

 

ព័ត៌មានទាក់ទង