រដ្ឋបាលគយចិន ពិនិត្យឃើញថា មៀនប៉ៃលិន (តាង៉ែន) អាចត្រូវស្តង់ដានាំទៅចិន

17/01/2022 10:00 am ភ្នំពេញ

ដោយ៖ ឈុំ ចន្ថា

ការវិភាគហានិភ័យគុណភាពអនាម័យមៀនប៉ៃលិនបានបញ្ចប់ដោយជោគជ័យ ខណៈកម្ពុជាត្រូវរង់ចាំការឆ្លើយតបពីភាគីចិន ដើម្បីឈានដល់ការនាំចេញឱ្យបានឆាប់រហ័ស។ កម្ពុជា រំពឹងនាំចេញផ្លែមៀនប៉ៃលិនប្រមាណ ១០ម៉ឺនតោនក្នុងមួយឆ្នាំៗទៅកាន់ទីផ្សារចិន ប្រសិនបើ ដំណើរការចរចាទីផ្សារនេះសម្រេច។



រដ្ឋបាលគយចិន បានវិភាគហានិភ័យ និងត្រួតពិនិត្យផ្លែមៀនកម្ពុជា ពីចម្ងាយតាមប្រព័ន្ធវីដេអូខល រយៈពេលពីរថ្ងៃ។ ក្រៅពីការវាយតម្លៃផ្លែមៀន រដ្ឋបាលគយចិនក៏វាយតម្លៃមន្ទីរពិសោធន៍ភូតគាមអនាម័យ និងមន្ទីរពិសោធន៍គុណភាពសុវត្ថិភាពក្នុងក្រសួងកសិកម្មផងដែរ។ 

លោក ងិន ឆាយ អគ្គនាយកដ្ឋានកសិកម្ម បានលើកឡើងថា រដ្ឋបាលគយចិន បានវិភាគហានិភ័យ និងត្រួតពិនិត្យផ្លែមៀនប៉ៃលិន រយៈពេល២ថ្ងៃនៅតាមចម្ការផ្លែមៀន ៣កន្លែងក្នុងខេត្តប៉ៃលិន និងបាត់ដំបង រួមទាំងរោងចក្រវេចខ្ចប់ចំនួន២កន្លែងទៀតនៅ ប៉ៃលិន និងកំពង់ស្ពឺ។ លោក បន្តថា ការត្រួតពិនិត្យរយៈពេល២ថ្ងៃនេះ មានភាពល្អប្រសើរ ស្របតាមស្តង់ដារនាំចេញទៅប្រទេសចិន ប៉ុន្តែ កម្ពុជាត្រូវការកែសម្រួលចំណុចខ្វះខាតមួយចំនួនទៀត។ 

លោក ប្រាប់សារព័ត៌មានថ្មីៗ២៥ដូច្នេះថា៖«ក្រុមការងារគយចិន បានសន្និដ្ឋានថា ចម្ការមៀនយើងមានលក្ខណៈល្អប្រសើរ ដែលអាចត្រូវជាមួយនឹងស្ដង់ដារនាំចូលទៅប្រទេសចិនបាន។ គ្រាន់តែត្រូវការកែសម្រួលចំណុចបន្ដិចបន្ដួច»។

បើតាមលោក ងិន ឆាយ កម្ពុជាត្រូវរងចាំចម្លើយពីគយចិន ដើម្បីរៀបចំពិធីសារបច្ចេកទេសនាំចេញឱ្យស្របតាមលក្ខខណ្ឌតម្រូវផ្សេងៗ។ ដូច្នេះ ការនាំចេញបានលឿន ឬយឺត គឺអាស្រ័យលើភាគីចិន។

លោក ប្រាប់ដូច្នេះថា៖ «អ្វីៗ អាស្រ័យទៅលើអគ្គរដ្ឋបាលគយនៃប្រទេសចិន គាត់ឆ្លើយមកយើងវិញ។ ប្រសិនបើ គាត់ឆ្លើយមកបានលឿន យើងនឹងរៀបចំពិធីសារបច្ចេកទេស ដើម្បីចុះហត្ថលេខានាំចេញទៅ។ តែផ្ទុយទៅវិញ បើសិន ជាគាត់ក្រឆ្លើយមកយើង អ៊ីចឹងត្រូវតែនៅរងចាំ។ ដូច្នេះ យើងពិបាកក្នុងការកំណត់ពេល ថាពេលណាដែលយើងអាចនាំចេញទៅបាន»។ 

ជាមួយគ្នានេះ កសិករដាំមៀនប៉ៃលិនមួយចំនួន រំពឹងមានទីផ្សារឡើងវិញ បន្ទាប់ពីក្រសួងកសិកម្មពន្លឿនការចរចានាំចេញទៅទីផ្សារប្រទេសចិន។ បញ្ហាប្រឈមរបស់កសិករ គឺដាំមៀនបានហើយ តែពិបាករកទីផ្សារលក់។ កន្លងមកកសិករជាច្រើន បាននាំមៀនប៉ៃលិន ទៅលក់ឲ្យរោងចក្រនៅប្រទេសថៃ ប៉ុន្តែដោយសារថៃបានបិទច្រកព្រំដែន ធ្វើឱ្យកកស្ទះទីផ្សារ និងមៀនប្រឈមជ្រុះចោលអស់ជាច្រើនតោន៕  

 

ព័ត៌មានទាក់ទង