១០ខែ កម្ពុជានាំចូលរថយន្តមានតម្លៃជិត ១ ០០០លានដុល្លារ ដោយកើន ៨ភាគរយ

07/01/2022 9:00 am ភ្នំពេញ

ដោយ៖ អ៊ូ សុខមាន

ភ្នំពេញ៖ កម្ពុជាបានចំណាយប្រាក់សរុប៩៧៧លានដុល្លារ ទៅលើការនាំចូលរថយន្តគ្រប់ប្រភេទ នារយៈពេល១០ខែ ឆ្នាំ២០២១។ ទំហំទឹកប្រាក់ដែលនាំចូលរថយន្តពីបរទេសនេះ គឺមានការកើនឡើង៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា មានចំនួន ៩០១លានដុល្លារ កាលពីឆ្នាំ២០២០។


 
របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ដែលចេញផ្សាយកាលពីថ្ងៃទី២៧ធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ថា ទំ ហំទឹកប្រាក់ដែលកម្ពុជាចំណាយលើការនាំចូលរថយន្ត នារយៈពេល១០ខែមកនេះ គឺស្មើ៤ភាគរយនៃការនាំទំនិញចូលសរុប ២៣ ០៦០ លានដុល្លារ។ 
 
បើតាម ស៊ុន ចាន់ថុល រដ្ឋមន្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចំនួនរថយន្តដែលបានចុះបញ្ជីប្រើប្រាស់នៅកម្ពុជានាបច្ចុប្បន្ន បានកើនដល់៩២ម៉ឺនគ្រឿង។  លោកបានលើកឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ ក្នុងខេត្តព្រៃវែង កាលពីថ្ងៃទី៦ធ្នូ ដូច្នេះ៖ « ឆ្នាំ១៩៩៨ កម្ពុជាមានរថយន្តដែលចរាចរណ៍តាមដងផ្លូវនៅទូទាំងប្រទេសត្រឹមតែ៦,៥ម៉ឺនគ្រឿង ប៉ុន្តែ បច្ចុប្បន្នចំនួនរថយន្តនៅកម្ពុជា បានកើនរហូត៩២ម៉ឺនគ្រឿង»។
 
ចំពោះការនាំចូលរថយន្តនេះ រដ្ឋាភិបាល ក៏បានប្រាប់ឱ្យម្ចាស់យានយន្តបង់ពន្ធឱ្យបានត្រឹមត្រូវផងដែរ ដើម្បីចៀសវាងការផាកពិន័យធ្ងន់ធ្ងរ៕

 

ព័ត៌មានទាក់ទង