លោក សោម សម្បត្តិ៖ សហគ្រិន ​និងបុគ្គលិក ត្រូវពង្រឹងជំនាញរឹង និងបច្ចេកវិទ្យា ដើម្បីជំរុញអាជីវកម្មក្នុងវិបត្តិកូវីដ

06/01/2022 12:00 pm ភ្នំពេញ


ដោយ៖ សុង សុធាវី
ភ្នំពេញ៖ ជិត២ឆ្នាំមកហើយ ដែលសេដ្ឋកិច្ចកម្ពុជាបានប៉ះពាល់ ដោយសារបញ្ហាជំងឺកូវីដ-១៩។ ក្នុងរយៈពេលនេះ ស្ថានភាពកូវីដ-១៩ ហាក់ធូរស្បើយ រាជរដ្ឋាភិបាលបានលើកទឹកចិត្ត ដល់សហគ្រាសធុនតូច និងមធ្យម ឱ្យបន្តដំណើរការស្តារអាជីវកម្ម ដោយមានការគាំទ្រពីស្ថាប័នពាក់ពន្ធ័ផងដែរ។ ទន្ទឹមនេះ លោក សោម សម្បត្តិ អគ្គនាយកក្រុមហ៊ុន ខាំ- ផែន(ថ្នាំពណ៌ជាតិ)  បានលើកឡើងថា ដើម្បីត្រៀមខ្លួនក្នុងការស្ដារអាជីវកម្ម ម្ចាស់សហគ្រិន និងបុគ្គលិក ត្រូវពង្រឹងសមត្ថភាពជំនាញរឹង-ទន់  និងត្រូវសិក្សាពីនិន្នាការសាកល ក្នុងបរិបទឧហ្សាហកម្ម ៤.០ ។

 

ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាងកញ្ញា សុង សុធាវី អ្នកសម្របសម្រួល កម្មវិធី «គំនិតថ្មី»  និង លោក សោម សម្បត្តិ ដូចតទៅ៖

 
ការត្រៀមខ្លួនងើបឡើងវិញ នៃឱកាសការងារ សេដ្ឋកិច្ច សម្រាប់បុគ្គលិក និង ម្ចាស់អាជីវកម្ម

ការត្រៀមខ្លួនងើបឡើងវិញ នៃឱកាសការងារ សេដ្ឋកិច្ច សម្រាប់បុគ្គលិក និង ម្ចាស់អាជីវកម្ម ====================== ជិត២ឆ្នាំនៃវិបត្តិកូវីដ-១៩ កម្ពុជាមានបណ្តាអាជីវកម្មជាច្រើនបានរងផលប៉ះពាល់ ដោយផ្ទាល់ និង ប្រយោល ស្ទើរតែគ្រប់វិស័យ។ ប៉ុន្តែលោក សោម សម្បត្តិ ដែលមានបទពិសោធ ២០ឆ្នាំ ក្នុងជីវិតជាសហគ្រិន បានដំណើរការក្រុមហ៊ុនថ្មី និងតែងតែច្នៃវិបត្តិឱ្យក្លាយជាឱកាសសម្រាប់មុខជំនួញរបស់លោកជានិច្ច។ ទន្ទឹមនេះ លោកបានផ្តល់ជាគំនិត ស្មារតី ទៅកាន់ បុគ្គលិក និង ម្ចាស់អាជីវកម្ម ក្នុងការត្រៀមខ្លួនងើបឡើងនៃឱកាសការងារ សេដ្ឋកិច្ចចំពោះមុខ រួមមាន៖ ត្រូវសំលៀងនូវ ចំណេះ ជំនាញ រៀបចំអត្តចរិតឱ្យបានល្អ ទម្លាប់ធ្វើការងារឱ្យខ្លាំងក្លា ត្រូវសិក្សាពីរបត់សេដ្ឋកិច្ចក្នុងតំបន់ និង ពង្រឹងខ្លួនឯងនៅក្នុងសម័យនៃប្រពន្ធ័បច្ចេកវិទ្យារាល់ថ្ងៃនេះ។ កម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ បានអញ្ជើញ លោក សោម សម្បត្តិ អគ្គនាយកក្រុមហ៊ុន ខាំ-ផេន ថ្នាំពណ៌ជាតិ មកធ្វើជាវាគ្មិន ដើម្បីពិភាក្សាលើប្រធានបទនេះ។ សូមលោកអ្នកនាងចូលរួមទស្សនានូវបទសម្ភាសន៍ រវាង វាគ្មិន លោក សោម សម្បត្តិ ជាមួយ កញ្ញា សុង សុធាវី អ្នកសម្របសម្រួលកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ

Posted by Thmey Thmey on Monday, November 1, 2021

 

ថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមរយៈកម្មវិធី «គំនិតថ្មី» លោក សោម សម្បត្តិ អគ្គនាយកក្រុមហ៊ុន ខាំ- ផែន ( ថ្នាំពណ៌ជាតិ) បានឱ្យដឹងថា ម្ចាស់អាជីវកម្ម ដែលជាសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ដើម្បីជួយជំរុញ ដល់សេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះ ម្ចាស់អាជីវកម្ម ក៏ត្រូវប្រឹងអភិវឌ្ឍន៍សមត្ថភាពខ្លួនបន្ថែមទៀត ដើម្បីដើរឱ្យទាន់សម័យបច្ចេកវិទ្យា។ សហគ្រិន ដែលមានបទពិសោធ២០ឆ្នាំរូបនេះ បានអះអាងដូច្នេះ ៖ «ម្ចាស់អាជីវកម្មត្រូវសិក្សាពីនិន្នាការសាកល ទៅថ្ងៃក្រោយបរិបទពិភពលោកត្រូវរួមគ្នា ការពារបរិស្ថាន ដូចនេះរាល់អាជីវកម្មដែលទាក់ទងនឹងវិស័យនេះនឹងមានអាទិភាពខ្ពស់។ លើសពីនេះ ម្ចាស់អាជីវកម្ម ត្រូវសិក្សាពីបច្ចេកទេសឌីជីថលច្រើនជាងបុគ្គលិកទៅទៀត។ ជាអ្នកដឹកនាំស្ថាប័នត្រូវយល់ដឹងពីឥទ្ធិពលនៃមហាអំណាចពិភពលោក ទាំងភាសា ការរស់នៅ វប្បធម៌ ពិសេស សេដ្ឋកិច្ចនៃប្រទេសនោះនឹងមកដល់កម្ពុជាឆាប់ៗតែម្តង ដូចជាប្រទេសចិនជាដើម»។

លោក សោម សម្បត្តិ បានបន្ថែមថា សម្រាប់បុគ្គលិកវិញ ត្រូវមានស្មារតីពង្រឹងនូវចំណេះជំនាញដែលមានស្រាប់ និងរៀនសូត្រនូវចំណេះដឹងថ្មីៗទាក់ទងនឹងបច្ចេកវិទ្យា រៀបចំអត្តចរិតឱ្យបានល្អ ស្មោះត្រង់ ពិសេសត្រូវបន្ថែមសមត្ថភាពប្រើប្រាស់ភាសាបរទេសឱ្យច្រើនថែមទៀត នៅសម័យសាកលភាវូបនីយកម្មនេះ។

 

លោក សោម សម្បត្តិ បានលើកឡើងដូច្នេះ៖ « អ្នកធ្វើការ យើងមិនគួរភ្លេចខ្លួនឡើយ ពោលគឺ ពេលបានលុយភ្លេចធ្វើការ ហើយពេលអត់ការងារធ្វើ តាំងរអ៊ូដាច់លុយ យើងត្រូវមានជំនឿជាក់លើខ្លួនឯងដូចពាក្យចាស់ថា បើចេះប្រាកដប្រាក់រត់តាមហៅ។ ដូចនេះ នយោជិកត្រូវដុសខាត់សមត្ថភាពខ្លួន រៀននូវអ្វីដែលថ្មីជានិច្ច ដូចបច្ចុប្បន្ននេះយើងមានទូរសព្ទដៃរៀងខ្លួន ចឹងហើយត្រូវប្រើប្រាស់វាឱ្យអស់ ដើម្បីទាញនូវប្រយោជន៍ដ៏ច្រើនពីវា»៕

ព័ត៌មានទាក់ទង