លោក ហៃ លីអ៊ាង ជាប់ជ័យលាភីលេខ១ នៃពានរង្វាន់សហគ្រិនថ្នាក់ជាតិប្រចាំឆ្នាំ២០២១

13/12/2021 11:00 am ភ្នំពេញ



ភ្នំពេញ៖ លោក ហៃ លីអ៊ាង ជាម្ចាស់សហគ្រាស ខ​នហ្វីវេល បានក្លាយជាម្ចាស់ជ័យលាភីលេខ១ ក្នុងចំណោមស្ថាបនិកសហគ្រាសធនតូច និងមធ្យម(SME) ចំនួន២០នាក់ទូទាំងប្រទេស ដែលបានប្រកួតប្រជែងយកពានរង្វាន់សហគ្រិនថ្នាក់ជាតិលើកទី២ ប្រចាំឆ្នាំ២០២១។

 

ពានរង្វាន់​សហគ្រិន​ថ្នាក់ជាតិ​លេខ​១​នេះ  បាន​ផ្តល់ឱ្យ លោក ហៃ លីអ៊ាង កាលពី​​ថ្ងៃទី​ ១១ ខែ​ធ្នូ ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​ដល់​សហគ្រិន​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២១ ចាប់ពី​ជ័យលាភី​លេខ​១​ដល់​លេខ​៤​។ រីឯ​អ្នក ទទួលបាន​ជ័យលាភី​លេខ​២​នៃ​ពានរង្វាន់​សហគ្រិន​ថ្នាក់ជាតិ​នេះ គឺ​បាន​ទៅលើ លោកស្រី  ឆាប៉ូច អឺប៉េពណ៌រេពាថាម៉ារី ម្ចាស់​សហគ្រាស ឡាផ្លេនថេសិន នៅ​ខេត្តកំពត និង​ម្ចាស់​ជ័យលាភី​លេខ​៣ គឺ លោក  យិន សុភាព ម្ចាស់សាលារៀនគ្រូយើង នៅខេត្តរតនគិរី និងម្ចាស់ជ័យលាភីលេខ៤ គឺ លោកស្រី រី ថានី ម្ចាស់នរាអង្គរ ហេនឌីក្រាហ្វ នៅខេត្តសៀមរាប។ 

​កម្មវិធី​ពានរង្វាន់​សហគ្រិន​ថ្នាក់ជាតិលើកទី២ ​ប្រចាំឆ្នាំ​២០២១​នេះ បង្កើតឡើង​ដោយ​វិទ្យាស្ថាន​ជាតិ​សហគ្រិនភាព និង​នវានុវត្តន៍​(NIEI) នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហការ​រៀបចំ​ជាមួយ​សហគ្រិន​ខ្មែរ តាមរយៈ​ជំនួយ​របស់​រដ្ឋាភិបាល​កម្ពុជា ដៃគូ​នានា​ដើម្បី​ធ្វើ​ការងារ​រួមគ្នា​ជាមួយ​សហគ្រិន អ្នកបង្កើត​គំនិត​ថ្មីៗ នវានុវត្តន៍ និង​អ្នកដឹកនាំ​អាជីវកម្ម​ក្នុង​ការរៀបចំ​ការប្រកួត​ប្រជែង​លើ​ប្រធានបទ​ជាក់លាក់​រៀងរាល់ឆ្នាំ តាមរយៈ​ការរៀបចំ​ឱ្យមាន​ការប្រកួតប្រជែង​នៅ​ថ្នាក់​តំបន់ និង​ថ្នាក់ជាតិ​កម្ពុជា​។ 
 

លោក វង្សី វីស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ  បានលើកឡើងថា កម្មវិធីវេទិកាសហគ្រិននេះ គឺអាចឱ្យសហគ្រិនទទួលបានបទពិសោធជាច្រើន ជាពិសេសនោះ ក៏ជំរុញឱ្យវិស័យឯកជនកាន់តែមានសហគ្រិនជាច្រើនថែមទៀត។ លើសពីនេះ រដ្ឋាភិបាលនឹងបន្តគាំទ្រ ដល់ភាពរីកចម្រើនសហគ្រិន។ លោក វង្សី វីស្សុត បានអះអាងដូច្នេះ៖«យើងមានឱកាសដែលរដ្ឋាភិបាលផ្ដល់ឱកាសឱ្យច្រើនជាងមុន និងយកចិត្តទុកផ្ដល់អទិភាពដល់វិស័យឯកជន»។ 

ជាមួយគ្នានេះ លោក ហ៊ីង ស៊ីដេត អគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ បានអះអាងថា កម្មវិធីប្រកួតប្រជែងនេះ គឺជាការបង្ហាញ និងជំរុញសហគ្រិននៅកម្ពុជា ដែលមានសមត្ថភាព ភាពច្នៃប្រឌិត ព្រមទាំងបានចូលរួមដល់ការផ្លាស់ប្ដូរថ្មីនៃភាពជាសហគ្រិននៅកម្ពុជា។ លោកបន្តថា  ក្រសួងការងារ និងវិជ្ជាជីវៈ នឹងពង្រីកការគាំទ្រ សកម្មភាពរបស់សហគ្រិន ដែលប្រកបដោយភាពច្នៃប្រឌិត និងមហិច្ឆតា ដើម្បីភាពរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្រកួតលើឆាកអន្តរជាតិ៕


 

ព័ត៌មានទាក់ទង