គម្រោងជួសជុលប្រាសាទភ្នំបាខែងបន្តទៅមុខជានិច្ច

30/11/2021 3:00 pm ភ្នំពេញ


ដោយ: អុីសា រ៉ហានី ( Isa Rohany )
សៀមរាប៖ ដ្បិតមានការរំខានខ្លះៗពីវិបត្តិជំងឺឆ្លងកូវីដ-១៩ តែគម្រោងអភិរក្ស និងជួសជុលប្រាសាទភ្នំបាខែង នៅតែបន្តទៅមុខជានិច្ច ឥតឈប់ឈរ។ បច្ចុប្បន្ន ការដ្ឋានជួសជុលក្នុងជំហានទី២ បានជួសជុលបានមួយផ្នែកធំតាមផែនការ។



លោកស្រី ជាម ផល្លី ស្ថាបត្យករសម្របសម្រួលគម្រោង របស់មូលនិធិប្រាសាទពិភពលោក (World Monument  Fund) មានប្រសាសន៍ថា​ ក្នុងជំហានទី២ នៃគម្រោងជួសជុលប្រាសាទភ្នំបាខែងនេះ ក្រុមការងារកំពុងជួសជុលនៅផ្នែកពាក់កណ្ដាលពីរ៉ាមីតប៉ែកខាងលិច គិតត្រឹមជណ្ដើរខាងជើងទៅលិច និងជណ្ដើរខាងត្បូងទៅលិច។ ស្ថាបត្យករ ជាម ផល្លី បញ្ជាក់ថា គម្រោងនេះ ចាប់ផ្ដើមនៅខែមីនា ឆ្នាំ២០១៩ មក ហើយគ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ ២០២៧។

នៅដើមខែ មករា ឆ្នាំ២០១៩ ស្ថានទូតសហរដ្ឋអាមេរិក តាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ (AFCP) បានអនុម័តថវិកាជំនួយជាង៤០ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីរួមចំណែកលើការងារអភិរក្សវប្បធម៌ប្រាសាទ។ ជំនួយនៅពេលនេះ គឺដើម្បីបន្តការងារជួសជុលមួយផ្នែកនៃប្រាសាទភ្នំបាខែង នាខេត្តសៀមរាប និងមួយផ្នែកនៃប្រាសាទព្រះវិហារ នាខេត្តព្រះវិហារ។

លោក ឈឹម សុខា ជំនួយការនៅការដ្ឋានជួសជុលប្រាសាទភ្នំបាខែង លើកឡើងថា ការងារជួសជុលគឺពង្រឹងថ្ម និងរៀបចំរចនាសម្ព័ន្ធថ្មចាស់ដែលរាយប៉ាយ ប្រមូលរៀបចំតាមលំនាំដើមវិញ។ លោកបន្ថែមថា ទីតាំងខ្លះដែលបាត់ថ្ម ក្រុមការងារស្វះស្វែងរកថ្មទាំងនោះនៅជុំវិញតួប្រាសាទ ឬក្នុងព្រៃក្បែរនោះ ដោយរំពឹងថា អាចរកឃើញមកដាក់ទីតាំងដើមវិញ មិនដូច្នោះទេ កន្លែងនោះនឹងជំនួសដោយថ្មថ្មី តែក្នុងចំនួនតិចតួចប៉ុណ្ណោះ។

លោកបន្ថែមទៀតថា ស្ថានភាពខូចខាតនៅប៉ែកដែលកំពុងជួសជុលក្នុងជំហានទី២នេះ ប្រហាក់ប្រហែលនៅប៉ែកខាងកើតដែលជួសជុលរួចរាល់ដែរ។ ចំណែកកម្មករសរុប ៨៥នាក់ ដែលកំពុងចូលរួមជួសជុលប្រាសាទនេះ។
លោកស្រី ជាម ផល្លី លើកឡើងថា ការងារនៅការដ្ឋានជួសប្រាសាទភ្នំបាខែងនេះ ជួបប្រទះបញ្ហាមួយចំនួនដែរ ដូចជា ការប្រើប្រាស់ទឹក ត្រូវប្រើឡានដើម្បីដឹកជញ្ជូន បញ្ហាបន្ទប់ទឹក និងការប្រើប្រាស់ម៉ាស៊ីនភ្លើង ដែលបង្កការរំខានខ្លះដល់ភ្ញៀវទេសចរ។ «ការងារជួសជុលលើភ្នំមិនងាយស្រួលដូចនៅខាងក្រោមទេ ពិបាកជាងគេច្រើន»។ នេះជាការបញ្ជាក់បន្ថែមពីលោកស្រី ជាម ផល្លី។

ស្ថាបត្យកររូបនេះបញ្ជាក់ថា ក្រៅពីការងារខាងលើនេះ មូលនិធិប្រាសាទពិភពលោក ពុំទាន់មានផែនការសម្រាប់ជួសជុលនៅកន្លែងផ្សេងទៀតនោះទេ ដោយរង់ចាំការងារនេះបញ្ចប់ដោយជោគជ័យជាមុនសិន។

សូមបញ្ជាក់ថា គម្រោងជួសជុលប្រាសាទភ្នំបាខែងនៅប៉ែកខាងកើត​ បានចាប់ផ្តើមពីឆ្នាំ ២០០៩ និងបានបញ្ចប់នៅក្នុងឆ្នាំ ២០១៩។ គម្រោងនេះ ទទួលបានមូលនិធិថវិកាពីស្ថានទូតអាមេរិកប្រចាំកម្ពុជា៕

ព័ត៌មានទាក់ទង