ក្រសួងទេសចរណ៍ នឹងបន្តបណ្ដុះបណ្ដាលអាជីវករ​តាមដងផ្លូវ ក្នុងខេត្តព្រះសីហនុ

25/11/2021 2:00 pm ភ្នំពេញ


ដោយ៖ ផាត ដាណេ

នៅដើមឆ្នាំ២០២២ កម្ពុជា នឹងបើកប្រទេសទទួលទេសចរឡើងវិញ ដែលវាបានផ្ដល់ក្ដីសង្ឃឹមដល់អ្នកប្រកបរបរក្នុងវិស័យទេសចរណ៍។ ទន្ទឹមនឹងការបើកឡើងវិញនេះ ក្រសួងទេសចរណ៍ និងក្រុមហ៊ុនកូកា-កូឡាកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលអាជីវករលក់ចំណីអាហារតាមដងផ្លូវ ដើម្បីជំរុញវិស័យទេសចរណ៍ក្នុងស្រុក។ ការបណ្ដុះបណ្ដាលនេះ ផ្ដោតសំខាន់លើការពង្រឹងសមត្ថភាពអាជីវករខ្នាតតូច-មធ្យម លើការរក្សាអនាម័យ ក៏ដូចជាគុណភាពចំណីអាហាររបស់ពួកគេ ក្នុងបរិបទនៃការរាលដាលជំងឺកូវីដ-១៩។





ក្រសួងទេសចរណ៍ និងក្រុមហ៊ុនកាកូកាឡាកម្ពុជា នឹងបន្តបណ្ដុះបណ្ដាលអាជីវករលក់ចំណីអាហារតាមដងផ្លូវ ក្នុងខេត្តព្រះសីហនុ។ វគ្គបណ្ដុះបណ្ដាលនេះ នឹងធ្វើឡើងក្នុងបរិវេណសាលាខេត្តព្រះសីហនុ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីពង្រឹងសមត្ថភាពអ្នកលក់ដូរខ្នាតតូច-មធ្យម និងបង្កើនការរក្សាអនាម័យ ក៏ដូចជាគុណភាពចំណីអាហាររបស់ពួកគេផងដែរ។ 



ព្រះសីហនុ ជាខេត្តទី៥ ដែលក្រសួងទេសចរណ៍ និងក្រុមហ៊ុនកូកា-កូឡាកម្ពុជា រៀបចំកម្មវិធីបណ្ដុះបណ្ដាលអាជីវករខ្នាតតូច-មធ្យម ដើម្បីចូលរួមលើកកម្ពស់ទេសចរណ៍ក្នុងស្រុក ពិសេសលើផ្នែកម្ហូបអាហារ។ មន្រ្តីជំនាញ នៃក្រសួងទេសចរណ៍ នឹងបណ្ដុះបណ្ដាលអាជីវករ​ ដែលអញ្ជើញចូលរួមទាំងអស់ លើការបដិសណ្ឋាកិច្ច,ការរក្សាអនាម័យ,សណ្ដាប់ធ្នាប់នានា ព្រោះវាជាផ្នែកមួយទាក់ទាញទេសចរ លើសពីរសជាតិចំណីអាហាររបស់ពួកគេ។



កន្លងមកស្ថាប័នទាំង២នេះ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ស្ដីពី«ការលើកកម្ពស់វិស័យទេសចរណ៍ទីក្រុងស្អាត និងការអភិវឌ្ឍសមត្ថភាពអាជីវករលក់ដូរនៅតាមដងផ្លូវ (Street Food Vendors) ដើម្បីអនុវត្តវគ្គបណ្ដុះបណ្ដាលនេះ។ ទន្ទឹមនឹងនេះ ខេត្តចំនួន៤ ដូចជា កោះកុង កំពង់ធំ បាត់ដំបង និងកែប បានអនុវត្តការបណ្ដុះបណ្ដាលនេះរួចរាល់ហើយ៕



 

ព័ត៌មានទាក់ទង