ក្រសួងទេសចរណ៍ នឹងបន្តបណ្ដុះបណ្ដាលអាជីវករតាមដងផ្លូវ ក្នុងខេត្តព្រះសីហនុ

24/11/2021 9:00 am ព្រះសីហនុ

ដោយ៖ ផាត ដាណេ

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនកូកា-កូឡាកម្ពុជា នឹងបន្តបណ្ដុះបណ្ដាលអាជីវករលក់ចំណីអាហារតាមដងផ្លូវ ក្នុងខេត្តព្រះសីហនុ។ វគ្គបណ្ដុះបណ្ដាលនេះ នឹងធ្វើឡើងក្នុងបរិវេណសាលាខេត្តព្រះសីហនុ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីពង្រឹងសមត្ថភាពអ្នកលក់ដូរខ្នាតតូច-មធ្យម និងបង្កើនការរក្សាអនាម័យ ក៏ដូចជាគុណភាពចំណីអាហាររបស់ពួកគេផងដែរ។



ព្រះសីហនុ ជាខេត្តទី៥ ដែលក្រសួងទេសចរណ៍ និងក្រុមហ៊ុនកូកា-កូឡាកម្ពុជា រៀបចំកម្មវិធីបណ្ដុះបណ្ដាលអាជីវករខ្នាតតូច-មធ្យម ដើម្បីចូលរួមលើកកម្ពស់ទេសចរណ៍ក្នុងស្រុក ពិសេសលើផ្នែកម្ហូបអាហារ។ មន្រ្តីជំនាញ នៃក្រសួងទេសចរណ៍ នឹងបណ្ដុះបណ្ដាលអាជីវករ ដែលអញ្ជើញចូលរួមទាំងអស់ លើការបដិសណ្ឋាកិច្ច,ការរក្សាអនាម័យ,សណ្ដាប់ធ្នាប់នានា ព្រោះវាជាផ្នែកមួយទាក់ទាញទេសចរ លើសពីរសជាតិចំណីអាហាររបស់ពួកគេ។

កន្លងមកស្ថាប័នទាំង២នេះ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ស្ដីពី«ការលើកកម្ពស់វិស័យទេសចរណ៍ទីក្រុងស្អាត និងការអភិវឌ្ឍសមត្ថភាពអាជីវករលក់ដូរនៅតាមដងផ្លូវ (Street Food Vendors) ដើម្បីអនុវត្តវគ្គបណ្ដុះបណ្ដាលនេះ។ ទន្ទឹមនឹងនេះ ខេត្តចំនួន៤ ដូចជា កោះកុង កំពង់ធំ បាត់ដំបង និងកែប បានអនុវត្តការបណ្ដុះបណ្ដាលនេះរួចរាល់ហើយ៕

 

ព័ត៌មានទាក់ទង