អភិបាលរងរាជធានីភ្នំពេញ៖ ផលប៉ះពាល់ ដោយសារជំនន់ស្ទឹងព្រែកត្នោត មានតិចតួចប៉ុណ្ណោះ

29/10/2021 4:00 pm ភ្នំពេញ


ដោយ: ធឿន បញ្ញាឬទិ្ធ
ភ្នំពេញ៖ កម្រិតទឹកស្ទឹងព្រែកត្នោត បានស្រកចុះ ដែលធ្វើឱ្យផលប៉ះពាល់របស់ប្រជាពលរដ្ឋ នៅក្នុងសង្កាត់នានា នៃខណ្ឌដង្កោ រាជធានីភ្នំពេញ មានសភាពធូស្រាលជាងមុន។



លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា ស្ថានភាពជំនន់ស្ទឹងព្រែកត្នោតបានធូរស្រាលហើយ ដោយសារកម្រិតទឹកក៏បានស្រកចុះ ហើយក្រុមការងារជំនាញក៏បានបិទផ្ចិតប្រឡាយក្នុងភូមិកន្ទុយទឹក សង្កាត់ទៀន ដែលបានលេចធ្លាយនៅតាមសណ្ដស្ទឹងរួចហើយ កាលពីថ្ងៃទី២៨ តុលា។
 
អភិបាលរងរាជធានីភ្នំពេញរូបនេះ បានសរសេរលើហ្វេសប៊ុក នៅថ្ងៃទី២៩ តុលាថា ៖«ចំណែកឯផលប៉ះពាល់ នៃជំនន់ស្ទឹងព្រែកត្នោតនេះ មានបន្តិចបន្តួចប៉ុណ្ណោះ»។
ពលរដ្ឋ២ពាន់គ្រួសារ ដែលរស់នៅក្នុងសង្កាត់ទាំង១០ ក្នុងខណ្ឌដង្កោ រងផលប៉ះពាល់ដោយសារទឹកជំនន់ស្ទឹងព្រែកត្នោតនេះ ។ ជាពិសេសពលរដ្ឋនៅក្នុងភូមិខ្វិត សង្កាត់សាក់សំពៅ ដែលនៅតាមសណ្ដស្ទឹងព្រែកត្នោត រងគ្រោះធ្ងន់ធ្ងរជាងគេ។ នេះបើតាមលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ ដែលបានប្រាប់សារព័ត៌មានថ្មីៗថា ពលរដ្ឋទាំងនោះ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ដោយឱ្យពួកគេរស់នៅតាមបណ្ដោយដងផ្លូវជាបណ្ដោះអាសន្ន។

កាលពីថ្ងៃទី២៨ តុលា លោក ឃួង ស្រេង ដែលបានចុះប្រតិបត្តិការត្រួតពិនិត្យស្ថានការណ៍ស្ថានភាពទឹកជំនន់ផ្ទាល់នោះ ក៏បានយកជំនួយរដ្ឋាភិបាល ជាស្បៀងអាហារ ដូចជាអង្ករ ត្រីខ និងសម្ភារៈផ្សេងទៀត ចែកឱ្យពលរដ្ឋ៥១៥គ្រួសារផងដែរ។ មិនតែប៉ុណ្ណោះ ព្រះមហាក្សត្រ តាមរយៈសម្ដេចចៅហ្វាវាំង គង់ សំអុល ក៏បានយកអំណោយចែកជូនពលរដ្ឋ ៨៣៧គ្រួសារ ស្ថិតនៅក្នុងសង្កាត់គងនយ និងសង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ តុលា។

ស្ទឹងព្រែកត្នោតនេះ បានជន់លិចផ្នែកខ្លះនៃខេត្តកំពង់ស្ពឺ កណ្ដាល និងភ្នំពេញ។ កម្ពុជាកំពុងរងសម្ពាធទាប និងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ ចាប់ពីថ្ងៃទី២៧តុលា ដល់ថ្ងៃទី២វិច្ឆិកា។ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ឥទ្ធិពលពីសម្ពាធនេះ នឹងធ្វើឱ្យមានភ្លៀងធ្លាក់ពីកម្រិតបង្គួរទៅខ្លាំង នៅរាជធានីភ្នំពេញ និងខេត្តចំនួន១៤ទៀត៕ 

ព័ត៌មានទាក់ទង