«ជើងអង» ប្រាសាទដ៏ចំណាស់នៅត្បូងឃ្មុំ និងជាកន្លែងពលរដ្ឋនិយមបន់ស្រន់

ដោយ៖ ជី ចំរ៉ុង
ត្បូងឃ្មុំ៖ មានចម្ងាយ ៣គីឡូម៉ែត្រពីសាលាខេត្តត្បូងឃ្មុំ ប្រាសាទជើងអង ជាប្រាសាទដ៏ចំណាស់មួយ ស្ថិតនៅភូមិជើងអង ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ ប្រាសាទនេះ កសាងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៤ នៅសតវត្សរ៍ទី១០ សម្រាប់ឧទ្ទិសដល់ព្រាហ្មណ៍សាសានា ។

សូមអញ្ជើញលោកអ្នកទស្សនាវីដេអូ ខាងក្រោមដូចតទៅ៖
លោក ពិន អំណត់ ប្រធានការិយាល័យបេតិកភណ្ឌ នៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំ បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា ប្រាសាទជើងអង ជាប្រាសាទមួយក្នុងចំណោមប្រាសាទដ៏ទៃដែលមិនមានព័ត៌មាន ជាក់លាក់នៃការរកឃើញចុងក្រោយនេះ ដោយសារប្រាសាទនេះស្ថិតនៅក្នុងភូមិរបស់ប្រជាពលរដ្ឋតាំងដើមមក ។
បើតាមលោក អំណត់ ប្រាសាទនេះ មានជើងតួប្រាសាទចំនួនបី តែសព្វថ្ងៃសល់តែមួយប៉ុណ្ណោះ ហើយត្រូវបានខាងមន្រ្តីជំនាញរបស់ក្រសួងវប្បធម៌ជួសជុល និងសម្អាតជាតិកំបោរ ជាតិអំបិល ដកស្មៅជុំវិញតួប្រាសាទ ។ លោកបានបន្ថែមថា ប្រាសាទដ៏ចំណាស់នេះ ក៏ត្រូវបានពលរដ្ឋក្នុងភូមិមកអុជធូបបន់ស្រន់ និងមានភ្លៀវមកលេងមិនដាច់ផងដែរ ។
ជាទិសដៅរបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំ នឹងរៀបចំបោះបង្គោលបេតិកភណ្ឌដើម្បីរក្សាទំហំដែនដីប្រាសាទពីការទន្រ្ទានរបស់ពលរដ្ឋមួយចំនួន ៕
_1635310030.jpg)


-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

