ពលរដ្ឋ ងាកមកទិញបន្លែសាច់នៅផ្សារចុងសប្ដាហ៍ច្រើន បន្ទាប់ពីផ្សារក្រុងសួងធ្លាប់បានបិទ

04/08/2021 10:00 am ត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ចាប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ផ្សារក្រុងសួងត្រូវបិទ មិនអោយមានការលក់នូវទំនិញផ្សេងៗ ដោយសារនៅទីនោះ ត្រូវបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ជាបន្ត បន្ទាប់ ។ ការបិទផ្សារក្រុងសួង ធ្វើឱ្យផ្សារចុងខេត្តត្បូងឃ្មុំ ត្រូវបានបើដំណើរការជារៀងរាល់ថ្ងៃដើម្បី ផ្គត់ផ្គង់បន្លែ ត្រី សាច់ និងគ្រឿងទេសជាច្រើន ដោយខុសពីមុនលក់តែ២ថ្ងៃក្នុងមួយសប្ដាហ៍។


លោក តូច សុខន ប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តត្បូងឃ្មុំ បានប្រាប់ ThmeyThmey25 ថា ផ្សារចុងសប្ដាហ៍ មិនត្រូវដើរតួនាទីផ្គត់ផ្គង់ ទំនិញចាំបាច់ប្រចាំថ្ងៃដល់ប្រជាពលរដ្ឋនោះទេ។ ប៉ុន្តែផ្សារចុង សប្ដាហ៍ ជួយកសិកម្មខ្នាតតូចនៅក្នុងសហគមន៍ឱ្យមានទីផ្សារល្អប្រសើរឡើងបន្ថែមទៀត។ ផ្សារចុងសប្ដាហ៍ ខេត្តត្បូងឃ្មុំ កំពុងជំរុញកសិផលដែលមានសក្ដានុពលដូចជា បន្លែ ដំឡូងមី ស្រូវ និងមាន់ស្រែ។ 

លោក តូច សុខន បានលើកបន្តថា៖ «ផ្សារចុងសប្ដាហ៍បង្កើតឡើងដែលស្ថិតនៅក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ហៅកាត់ថា អេម (AIMS) នៅចុងឆ្នាំ២០១៨។ ប្រជាពលរដ្ឋ ដែលបានចូលរួមជាគម្រោងនេះ ក៏ទទួលបានការបណ្ដុះបណ្ដាលបន្ថែមពីមន្ទីរពាណិជ្ជកម្ម មន្ទីរកសិកម្មខេត្ត ដើម្បីធានាដល់ទទួលទានពីគុណភាព សុវត្ថិភាព ហើយផ្សារចុងសប្ដាហ៍ក៏មិនអនុញ្ញាត្តិអោយនាំយក កសិផលពីក្រៅមកលក់នោះដែរ»។

បើតាមលោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ផ្សារចុងសប្ដាហ៍ នឹងបន្តដំណើរការដល់ចុងឆ្នាំ២០២២ ដើម្បីអោយកសិផលរបស់កសិករមានទីផ្សារល្អដែលមានគុណភាព និងសុវត្ថិភាព ៕
 

ព័ត៌មានទាក់ទង